តារា២រូបបានក្លាយជាម្ចាស់ បទ«ជឿជាក់! ជោគជ័យ» ដែលកំពុងដុតកំដៅក្នុងពិភពកីឡា

0

មកទល់ម៉ោងនេះគេកត់សម្គាល់ថាបទនិពន្ធថ្មីក្រោមចំណងជើងថា«ជឿជាក់!ជោគជ័យ» កំពុងបុកត្រូវអារម្មណ៍អ្នកស្នេហាវិស័យកីឡា ជាពិសេសគឺកីឡាករកីឡាការិនីជម្រើសជាតិយ៉ាងខ្លាំង ដោយសារតែអត្ថន័យបទនេះមានខ្លឹមសារជាផ្ដល់កម្លាំងចិត្តដ៏វិសិដ្ឋហើយ ថែមទាំងជាបទដែលប្រមូលផ្ដុំការសម្ដែងដោយអាយដលល្បីៗក្នុងពិភពកីឡាច្រើននាក់នោះផង។ តារាចម្រៀង២រូប ដែលជាម្ចាស់បទ បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រក៏មិនណយដែរ ដោយសារតែអ្នកទាំងពីរបានក្លាយជាម្ចាស់បទ ដែលត្រូវគេមើលឃើញថាជាបទលំដាប់ជាតិមួយនេះ។

លោក ឆាយ វណ្ណៈ អ្នកដឹកនាំផលិត និងជាម្ចាស់ផលិតកម្មអាំណាតមេឌា បានថ្លែងបញ្ជាក់ថា ការផលិតបទចម្រៀង«ជឿជាក់! ជោគជ័យ» គឺដោយសារតែលោកយល់ថាបទចម្រៀងភាគច្រើនមានអត្ថន័យ និងខ្លឹមសារតែរឿងស្នេហា ហើយលោកចង់បំផុសអោយមានការផលិតបទប្រភេទដែលផ្ដោតទៅគុណប្រយោជន៍ដែលមានតម្លៃក្នុងសង្គមវិញម្ដង ពោលគឺតម្លៃសម្រាប់កីឡា។ មួយបទនេះ លោកថាមិនមែនសំដៅតែលើអ្នកលេងកីឡាប៉ុណ្ណោះទេ តែអត្ថន័យទាំំងមូល ក៏បុកត្រូវអារម្មណ៍របស់មនុស្សក្នុងសង្គមផងដែរ ជាពិសេសគឺលើកទឹកចិត្តអោយមនុស្សចេះជឿជាក់លើខ្លួនឯង ដើម្បីអោយមានកម្លាំងចិត្ត ហើយឆ្ពោះទៅរកជោគជ័យ។ អ្វីដែលលោកសប្បាយចិត្ត គឺMV មួយបទនេះ មានការប្រមូលផ្ដុំសុទ្ធតែកីឡាករជម្រើសជាតិគ្រប់ផ្នែកដែលល្បីឈ្មោះ ហើយក្រោយការបង្ហោះតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏មានអ្នកចែកចាយ និងចូលទស្សនាគគ្រឹកគគ្រេង ជាពិសេសកីឡាករ និងហ្វេនកីឡាករគ្រប់ផ្នែក។ លក្ខណៈពិសេសរបស់បទនេះសូម្បីតែអ្នកចម្រៀងក៏ត្រូវបានជម្រើសយ៉ាងលំបាកផងដែរ ដោយលោកបញ្ជាក់ថាតារាចម្រៀងកុងត្រា របស់ផលិតកម្មអាំណាតមេឌាច្រើននាក់ មិនត្រូវបានជាប់ជម្រើសនោះទេ ដោយជាប់តារាចម្រៀងនៅខាងក្រៅផលិតកម្មអោយមកធ្វើជាម្ចាស់បទទៅវិញ។ លោកថាមួយបទ«ជឿជាក់! ជោគជ័យ»នេះ បកស្រាយដោយតារាចម្រៀង លោក សាល បាទី អតីតបេក្ខភាពប្រលងចម្រៀងក្នុងកម្មវិធីពេជ្រកំពុងច្នៃ និងលោក ប្រុសម៉ៅ ដែលជាតារាចម្រៀងកុងត្រា និងជាអ្នកនិពន្ធប្រចាំផលិតកម្ម ដែលធ្លាប់មានឈ្មោះបោះសំលេងក្នុងបទ«ក្មេងឌឺ»នៅលើយូធូប។

លោក ឆាយ វណ្ណៈ បន្តថា ទម្រាំបទចម្រៀងមួយបទនេះ អាចចេញរូបរាងទៅបាន គឺសូម្បីតែតារាចម្រៀងក៏ត្រូវបានជម្រើសយ៉ាងលំបាកផងដែរ ដោយតារាចម្រៀងរបស់ផលិតកម្មច្រើននាក់មិនត្រូវបានជាប់ជម្រើស មុននឹងឈានដល់ការផ្ដល់ឱកាសអោយ លោក សាល បាទី និង តារាចម្រៀងប្រុសម៉ៅ ធ្វើជាម្ចាស់បទ។ លោកថាតារាចម្រៀងទាំងពីរមានសំឡេងប្រកបដោយភាពមាំមួន ច្រៀងស៊ីសង្វាក់គ្នា ហើយសំឡេងក្រោយពេលថតបញ្ចូលគឺមានកម្លាំងជួយផ្ដល់កម្លាំងចិត្តដល់អ្នកស្ដាប់ និងកីឡាករ អោយមានជំនឿចិត្តក្រោយពេលស្ដាប់ចប់តែម្ដង ទើបលោកជម្រើសយក៕

LEAVE A REPLY

Please enter your comment!
Please enter your name here