មិនធម្មតា Rith Omega ចុះផ្ទាល់តែម្ដង ដល់មណ្ឌលប្រលងធំៗនៅបាត់ដំបង

0

មិនមែនគ្រាន់តែជូនពរជាការលើកទឹកចិត្តដល់សិស្សដែលប្រលងថ្នាក់បាក់ឌុបដូចអ្នកលេងហ្វេសប៊ុកភាគច្រើននោះទេ ប៉ុន្តែ លោក ឃុន ធារិទ្ធិ ហៅ Rith Omega ដែលត្រូវគេស្គាល់ថាជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះរបស់ផលិតកម្មថោន ស្រាប់តែត្រូវគេឃើញបង្ហោះពីសកម្មភាពចុះចែកទឹកសុទ្ធ និងភេសជ្ជៈដល់មណ្ឌលប្រលងគួរអោយសរសើរតែម្ដង នៅលើទឹកដីខេត្តបាត់ដំបង។ លោកត្រូវគេឃើញឈរចែកទឹកសុទ្ធ និងភេសជ្ជៈប្រចាំហាងឆប់ឆាហ៍របស់លោក នៅតាមមណ្ឌលប្រលង៣នៅបាត់ដំបង ដោយលោកបានទាំំងប្រកាសថា សុខចិត្តបោះចោលការងារ អោយតែបានមកឈរចែកទឹកជាការលើកទឹកចិត្តដល់ប្អូនៗអ្នកប្រលងដោយផ្ទាល់។

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលលោក និងក្រុមការងារដឹកភេសជ្ជៈឆប់ឆាហ៍ទាំងកែវៗ ជាមួយនឹងទឹកសុទ្ធមិនតិចជាងរាប់រយយួរ ហើយឈរចែកដោយផ្ទាល់ដល់សិស្សនៅតាមមណ្ឌលប្រលងធំៗ នៅតាមមណ្ឌលវិទ្យាល័យសោហឺ មណ្ឌលវិទ្យាល័យព្រះមុន្នីវង្ស និងមណ្ឌលវិទ្យាល័យសម្ដេចឪ ដែលសុទ្ធតែជាមណ្ឌលប្រលងសំខាន់ៗប្រចាំនៅទីរួមខេត្តបាត់ដំបង។ លោក និងក្រុមការងារត្រូវគេឃើញឈរចែកទាំងភ្លៀងនោះផង ដោយក្រៅពីបេក្ខជនដែលជាអ្នកប្រលង ក្រុមសមត្ថកិច្ច និងអាណាព្យាបាលរបស់សិស្សមួយចំនួន ក៏ទទួលបាននូវការចែកហ្វ្រីរបស់លោកនៅក្នុងថ្ងៃនោះ។

លោកបានបង្ហោះនៅលើហ្វេសប៊ុកថា សម្រចចិត្តចុះចែកទឹកសុទ្ធជូនដល់បេក្ខជនប្រលងនៅម៉ោងចូលប្រលង និងម៉ោងចេញម្ដងទៀត ខណៈដែលលោកក៏ត្រូវឃើញលើកដាក់ទឹកសុទ្ធ និងភេសជ្ជៈពីមណ្ឌលមួយទៅមណ្ឌលមួយ ដើម្បីអោយសិស្សប្រលងនៅក្នុងមណ្ឌលប្រលងទាំង៣ បានទទួលភេសជ្ជៈ និងទឹកសុទ្ធមិនគិតថ្លៃ។

នេះជាទង្វើ និងកាយវិការកម្រឃើញ ក្នុងនាមដែលលោកត្រូវគេដឹងថាគឺជាផលិតករល្បីឈ្មោះម្នាក់ ដែលរវល់នឹងការងារមុខជំនួញ និងដឹកនាំថតMV សឹងមិនមានពេលសម្រាកហើយស្រាប់តែបានចំណាយពេលលើកទឹកចិត្តដោយផ្ទាល់ដល់សិស្សដែលប្រលងដែលលោកប្រកាសថានោះគឺដើម្បីលើកទឹកចិត្តដល់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here