កែវ ស្រីនាង កាន់តែធ្វើទុក្ខដោយជំងឺឈាមសស៊ីឈាមក្រហម

0

បើទោះជាមិនបានបញ្ជាក់អោយច្បាស់ពីស្ថានភាពជំងឺចុងក្រោយនៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងពេលដែលបង្ហាញខ្លួនសម្ពោធរឿង«កាំបិតមុខ២» តែតារាសម្ដែងជើងចាស់ អ្នកនាង កែវ ស្រីនាង បានបង្ហើបប្រាប់អ្នកសិល្បៈដូចគ្នាថា ហេតុផលដែលអ្នកនាងកាត់សក់ខ្លី និងមានទឹកមុខស្លេកស្លាំងជាងមុន គឺបណ្ដាលមកពីអ្នកនាងឈឺពេក ព្រោះតែជំងឺឈាមសស៊ីឈាមក្រហម ធ្វើទុក្ខនោះឯង។

អ្នកនាងបានទាំងបង្ហើបថាចំណាយអស់រាប់ម៉ឺនដុល្លារទៅព្យាបាលក្រៅស្រុក តែមិនមានលទ្ធផលនោះផង។

ការបង្ហាញខ្លួនម្ដងទៀតរបស់អ្នកនាង កាលពីថ្ងៃទី៤ ឧសភា សុទ្ធតែមានអ្នកចាប់អារម្មណ៍ថា អ្នកនាងប្រែប្រួលរូបសម្រស់ខុសប្លែកជាងមុន ដោយសារតែមើលទៅឃើញទឹកមុខស្លេកស្លាំងហើយ គឺថែមទាំងធ្លាក់សម្រស់ជាងមុន។ អ្នកនាងបានសារភាពនៅចំពោះមុខអ្នកកាសែតថា ជំងឺឈាមសស៊ីឈាមក្រហមរបស់ខ្លួន ពិតជាធ្វើទុក្ខមែន ប៉ុន្តែមិនដល់ថ្នាក់ធ្វើអោយអ្នកនាងពិបាកទ្រាំនោះទេ គឺធ្វើទុក្ខដោយសារតែអ្នកនាងប្រឹងប្រែងធ្វើការលើសកម្រិត ហើយសម្រាកមិនបានប៉ុណ្ណោះ។ អ្នកនាងបញ្ជាក់ថាជំងឺមួយនេះ ពិតជារុករានសេចក្ដីសុខរបស់ខ្លួន ដោយអោយតែពេលដែលអ្នកនាងធ្វើការលើសកម្រិត ឬលេបថ្នាំមិនទៀងទាត់ គឺធ្វើអោយអ្នកនាងមានសភាពធ្វើទុក្ខ។ អ៉ីចឹងហើយទើបអ្នកនាងត្រូវសម្រេចចិត្តរកជំនួយការម្នាក់ដើម្បីរៀបចំថ្នាំអោយ និងប្រាប់ម៉ោងពេលដើម្បីរំលឹកអ្នកនាងជាប្រចាំ។ អ្នកនាងបានបង្ហាញពីការត្អូញត្អែរ ជុំវិញជំងឺរបស់ខ្លួនដែលមើលមិនជា ដោយអ្នកនាងបង្ហើបថាបានចេញទៅព្យាបាលនៅក្រៅប្រទេសច្រើនលើកច្រើនសារ និងចំណាយអស់ប្រាក់មួយសន្ធឹកមកហើយ ប៉ុន្តែលទ្ធផលនៅតែបានត្រឹមតែលេបថ្នាំជាប្រចាំ ដើម្បីទប់សភាពជំងឺកុំអោយទ្រុឌទ្រម។

អ្នកនាងកែវ ស្រីនាង ត្រូវគ្រងតំណែងជាតួឯកក្នុងរឿង«កាំបិតមុខ២»ជាមួយលោក អូន ឧស្សាហ៍ ប៉ុន្តែអ្នកនាងថាសកម្មភាពថតរឿងដែលនឹងចាប់ផ្ដើមនេះ អាចនឹងមិនធ្វើអោយជំងឺរបស់អ្នកនាងប៉ះពាល់សុខភាពធ្ងន់ធ្ងរនោះទេ បើទោះជាត្រូវចេញថតទាំងយប់ទាំងថ្ងៃ មិនបានសម្រាកគ្រប់គ្រាន់ ដែលជាការហាមប្រាមរបស់វេជ្ជបណ្ឌិត។ អ្នកនាងបន្តថា នឹងយកជំនួយតាមខ្លួន ដើម្បីរំលឹកពីការលេបថ្នាំ និងផ្ដល់អាហារបំប៉នសុខភាពក្នុងរយៈពេលនេះ ដោយសារតែអ្នកនាងមិនចង់បាត់បង់ឱកាសសម្ដែងរឿង ដែលPNN ផ្ដល់អោយតាមរយៈផលិតកម្មមហាហង្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here