ឡូយ! កុងត្រាច្រៀងភ្លាម អតីតCambodian Idol ច័ន្ទឡៃ វលក្ខណ៍ ឡើងផ្ទះភ្លែត

0

ពិតជាមិនសរសើរមិនបាន ដែលអតីតបេក្ខភាព Cambodian Idol កញ្ញា ច័ន្ទឡៃ វលក្ខណ៍ បានក្លាយជាតារាចម្រៀងកុងត្រាប្រចាំនៅក្នុងផលិតកម្មមួយយ៉ាងកាលីបហើយ ស្រាប់តែបានបង្ហាញខ្លួនធ្វើពិធីឡើងសម្ពោធផ្ទះថ្មីបង្អួតអ្នកសិល្បៈមួយទៀត កាលពីថ្ងៃទី១៩ សីហា ដែលអាចនិយាយបានថាឡើងកូដព្រមគ្នាតែម្ដង ក្នុងចំណោមអតីតបេក្ខភាពដែលធ្លាប់ប្រលងចម្រៀងជាមួយគ្នា។

អ្នកគាំទ្រភាគច្រើនរំពឹងថានាងនឹងអាចឈានឡើង ហើយមានកេរ្តិ៍ឈ្មោះរះត្រដែតដោយមិនលំបាកនោះទេ បើទោះជានាងមិនមែនជាម្ចាស់ពាន។

កញ្ញា ច័ន្ទឡៃ វលក្ខណ៍ បានអះអាងថា នាងទើបតែបានកុងត្រារយៈពេលមួយឆ្នាំនៅក្នុងផលិតកម្មមួយទើបបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយផលិតកម្មដែលនាងកុងត្រា ដ្បិតថាមិនមែនជាផលិតកម្មធំ តែក៍ធ្វើអោយនាងមើលឃើញសន្ទុះសម្រាប់ទីផ្សារសិល្បៈ។

នាងគម្រោងបង្ហាញបទចម្រៀងបែបពីជំនាន់ដើម និងបទថ្មីដែលជាប្រភេទ Original Song វាយលុកទីផ្សារក្នុងពេលឆាប់ៗ ខណៈដែលបទទាំងនោះ ក៏បានរៀបរយជាបណ្ដើរៗរួចហើយ ដោយរង់ចាំតែថ្ងៃចេញបង្ហោះបង្អួតមហាជន។ អ្វីដែលនាងសប្បាយចិត្តបំផុត គឺបានរួមចំណែកទិញផ្ទះបានមួយល្វែងតម្លៃជាង៦ម៉ឺនដុល្លារ ដែលការរួមចំណែកនេះគឺបានពីការប្រឹងប្រែងរបស់នាងចាប់តាំងនៅក្នុងអាជីពចម្រៀង។

នាងថាក្នុងពិធីឡើងផ្ទះ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៩ សីហា មិនខុសពីការអបអរឱកាសដែលនាងបានក្លាយជាតារាចម្រៀងកុងត្រានោះទេ ទើបនាងអញ្ជើញមិត្តភ័ក្ដ្រក្នុងសិល្បៈ និងផលិតករមួយចំនួន អោយចូលរួមអបអរ។ នាងក៍ទើបតែបានបង្កើតក្រុមរាំផ្ទាល់ខ្លួនដើម្បីពង្រីកទីផ្សារផងដែរ ទើបរាល់ឱកាសការឡើងឆាក ក្នុងពេលមិនទាន់មានបទចម្រៀងនៅក្នុងផលិតកម្មកុងត្រា ដើម្បីអោយមានរសជាតិប្លែកៗទាក់ចិត្តមហាជន។

ក្នុងពិធីឡើងផ្ទះរបស់នាងនាថ្ងៃនោះ គេឃើញមានវត្តមានរបស់តារាចម្រៀងជាអតីតបេក្ខភាព Cambodian Idol ច្រើននាក់បង្ហាញខ្លួន រួមមាន លោក វង្ស ថាណាន់ កញ្ញា សោភា ទេពី កញ្ញា លីន សោម៉ា និងតារាចម្រៀងជាច្រើនរូបទៀត ដែលត្រូវបានគេស្គាល់តាមរយៈការប្រលងយ៉ាងស្វិតស្វាញជាមួយនាង។ ភ្ញៀវកិត្តយស ដែលមិនមែនជាតារាសិល្បៈ ក៏មានវត្តមាននៅក្នុងថ្ងៃនោះច្រើនដែរ ទើបធ្វើអោយពិធីរបស់នាងមានភាពអធឹកអធមគួរសម៕

LEAVE A REPLY

Please enter your comment!
Please enter your name here