ចាប់តាំងពី ឱក សុគន្ធកញ្ញា ធំដឹងក្តីមក នាងមានម្តាយ មេម៉ាយម្នាក់គត់ដែលជា ស្ត្រី ដ៏រឹងមាំ ធ្វើជាឪពុកផង ម្តាយផង មើលថែនាង និង ប្អូនៗ។ គ្រប់ជំហ៊ានការងារ កញ្ញា តស៊ូដើម្បីម្តាយអោយតែនឹកឃើញ នាងមានកម្លាំងចិត្តតែម្តង។ យ៉ាងណាពេលនេះ ម្តាយរបស់កញ្ញា បានសម្រេចចិត្ត ចេញទៅរស់នៅ ប្រទេស អូស្ត្រាលី ក្រោយពេលកូនស្រី មានមែកធាងប្រាំប្រការ។
ឱក សុគន្ធកញ្ញា បាននិយាយពីអារម្មណ៏ នឹកម្តាយនៅលើឆាកតន្ត្រីរបស់ ហង្សមាស អបអរថ្ងៃភ្ជុំថា តាំងពីដើមមកនាង និងម្តាយ អោយតែបុណ្យទានគឺជុំគ្នាទៅធ្វើបុណ្យ។ ប៉ុន្តែពេលវេលា បានតម្រូវអោយគាត់ចេញទៅសាងជីវិត ថ្មី នៅប្រទេសអូស្ត្រាលីធ្វើអោយខកខាន ជុំគ្នាធ្វើបុណ្យទៅវត្ត។ យ៉ាងណានាងសុំសម្តែងការនឹករលឹក ហើយ ជូនពរអ្នកម្តាយអោយមានសុខភាពល្អ នឹងរំពឹងថាបានជួបជុំគ្នាថ្ងៃណាមួយឡើងវិញ។
ម្តាយ ឱក សុគន្ធកញ្ញា ជាអតីតសិល្បការិនីល្ខោននិយាយ ហើយធ្លាប់សម្តែង តាមឆាកនានាដែលជាគ្រូនៅសាលាវិចិត្រសិល្បៈ។ អ្នកស្រី តស៊ូមើលថែកូនយ៉ាងល្អ ហើយកាន់តែរំភើបចិត្ត ពេលដឹងថា កូនក្លាយជាតារាចម្រៀង លំដាប់កំពូល ហើយចេះជំនះ រហូតក្លាយជាកំពូលតារាលើសគេ។ អ្នកស្រី កាន់តែមាន ក្តីសុខ ក្រោយកូនស្រីដល់គូរហើយបានរៀបការក្នុងត្រកូលខ្ពង់ខ្ពស់ ដោយពេញមុខមាត់ ដែលអ្នកណាក៏ប្រាថ្នា ចំណងជីវិតបែបនេះ។














