ឡុង សុខហៀង ថាខ្លួនមិនធ្វើសប្បុរសធម៌ យកមុខ

0

ខណៈដែលតារាសម្ដែង និងជាមេក្លិបសិល្បៈ លោកឡុង សុខហៀង កាន់តែសកម្មក្នុងការរ៉ៃអង្គាសថវិកា ដើម្បីជួយដល់ទុរគតជន និងជនរងគ្រោះដោយជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ កាន់តែមានសកម្មភាពនោះ ការវាយប្រហារលើសកម្មភាពរបស់លោក ដោយថាលោកកំពុងធ្វើសកម្មភាពយកមុខក៏កើតឡើងដែរ។

យ៉ាងណាមិញ លោកថាខ្លួនមិនមែនធ្វើសកម្មភាពនាពេលចុងក្រោយ ដើម្បីចង់ល្បី និងចង់អោយមានការទទួលស្គាល់នោះទេ ពោលគឺដើម្បីបានរួមចំណែកជួយដល់អ្នកខ្វះខាត ក្នុងនាមដែលលោកអាចធ្វើទៅបានប៉ុណ្ណោះ។

លោកឡុង សុខហៀង និយាយថា ហេតុផលដែលលោកប្រឹងប្រែងរ៉ៃអង្គាសថវិកាពីសំណាក់តារាក្នុងក្រុមដែលស្ថិតនៅក្រោមបង្គាប់របស់លោក និងពីសប្បុរជនរាល់ថ្ងៃ ដើម្បីជួយអ្នកក្រខ្សត់នេះជួយអ្នកក្រខ្សត់នោះ គឺដោយសារតែលោកយល់ថា បើខ្លួនបានរួមចំណែកជួយដល់អ្នកខ្វះខាតទាំងនោះ គឺស្មើនឹងបានធ្វើបុណ្យ និងមិនខុសពីបំផុសអោយតារាក្មេងៗដែលបានទទួលការហ្វឹកហាត់ក្នុងក្លិបសិល្បៈរបស់ខ្លួន អោយចេះធ្វើបុណ្យប៉ុណ្ណោះ។

ម្យ៉ាងមកពីលោកបានធ្វើសកម្មភាពលើកដំបូង ហើយចេះតែមានអ្នកចូលរួមចំណែកផង ទើបធ្វើអោយលោកកាន់តែមានកម្លាំងចិត្តបន្តធ្វើ។

ក្នុងមួយរយៈពេលចុងក្រោយ លោកបានរ៉ៃលុយក្នុងក្រុមយកទៅជួយចាស់ជរាធ្លាក់ខ្លួន តារាសិល្បៈមានជំងឺ និងក្មេងដែលមានគ្រោះថ្នាក់ច្រើនរូប ដោយក្នុងការរ៉ៃលុយមួយលើកៗ គឺបានទទួលច្រើនរយដុល្លារ យកទៅដោះស្រាយជួយដល់អ្នករងគ្រោះផង។ លោកថាហេតុផល ដែលនាំអោយលោកសម្រេចចិត្តធ្វើបែបហ្នឹង មិនមែនចង់ល្បី ឬចង់យកមុខទេ ហើយលោកក៏មិនបាក់ទឹកចិត្តនោះដែរ បើទោះជាមានអ្នកណាយល់ថាលោកធ្វើសកម្មភាពសប្បុរសធម៌ក្នុងមួយរយៈចុងក្រោយ ដើម្បីយកមុខ។ លោកថាខ្លួនមិនមែនជាអ្នកសំបូរទ្រព្យនោះទេ ប៉ុន្តែលោកចង់រួមចំណែកជួយដល់សង្គម និងជួយដល់មនុស្សដែលខ្វះលទ្ធភាពក្នុងការព្យាបាលជំងឺ និងខ្វះលទ្ធភាពក្នុងការដោះស្រាយជីវភាព ទើបលោកចេះតែបន្ត ហើយបានធ្វើសកម្មភាពរ៉ៃអង្គាសលុយកាក់ជួយដល់ជនរងគ្រោះបណ្ដាក់ពីម្នាក់ទៅម្នាក់ បន្ទាប់ពីក្រុមតារាសិល្បៈក្នុងក្រុម និងសប្បុសជនក៏នៅគាំទ្រ។

យ៉ាងណាមិញ លោកថាខ្លួនក៏មិនបានទទួលសំណើរពីអ្នកលេងហ្វេសប៊ុកមួយចំនួន ដែលស្នើអោយលោកចេញមុខជួយ ដូចគ្នានឹងជនរងគ្រោះ និងទុរគតជនដែលលោកបានចេញមុខជួយនោះដែរ ដោយសារតែលោកក៏រវល់នឹងការងារផ្ទាល់ខ្លួន។ ក្នុងនោះលោកក៏សប្បាយចិត្តផងដែរ ដែលលោកចេញមុខអំពាវនាវលើផេក និងលើអាក់ខោនហ្វេសប៊ុករបស់លោកម្ដង គឺទោះជាសប្បុរសជនមួយចំនួនមិនជួយថវិកាតាមលោក ក៏ទាក់ទងទៅជួយដោយផ្ទាល់ ដែលធ្វើអោយទុរគតជនទាំងនោះទទួលបានជំនួយពីការប្រឹងប្រែងរបស់លោក។

LEAVE A REPLY

Please enter your comment!
Please enter your name here