ទើបតែបានលេខមុខនៅប៉ុស្តិ៍លេខ៣ បានមួយរយ:សោះ ពិធីការិនី កញ្ញា ភោគ វឌ្ឈនា ហៅណាណា បានប្រកាសបើកជំនួញយ៉ាងកាលីប ដោយចំណាយដើមទុនរហូតដល់មុឺនដុល្លារ។ នាងថែមទាំងប្រកាសពីការបើកសម្ពោធឲ្យធំ ដើម្បីបង្អួតពីអាជីវកម្មដំបូងរបស់ខ្លួននោះផង។
កញ្ញា ណាណា បានអះអាងថា នាងពិតជាគម្រោងបើកហាងសាឡន និង ហាងថែរក្សាសម្ផស្សទ្រង់ទ្រាយធំបន្ថែមពីលើអាជីពជាពិធីការិនីនោះមែន។ កញ្ញាថា ហាងរបស់ខ្លួន ចំណាយអស់ដល់ខ្ទង់មុឺនដុល្លារ ដោយគ្រាន់តែទីតាំងបើកហាងស្ថិតនៅតំបន់បឹងកេងកងនោះ ក៏ចំណាយយ៉ាងខ្ពស់ទៅហើយ។ កញ្ញា នៅតែប្រកាសមិនចោលសិល្ប:នោះទេ ខណ:ដែលដើមទុនក្និងការបើកហាងក៏ត្រូវបាននាងប្រកាសថាជាថវិកាផ្ទាល់ខ្លួន ។ បើទោះជាមានការលើកឡើងថា ដើមទុនបើកហាងរបស់នាង អាចមានអ្នកណាម្នាក់ជ្រោមជ្រែងខាងក្រោយខ្នង ក៏នាងនៅតែប្រកាសថា មិនមានបុរសណាម្នាក់ជួយនាង ឲ្យបានហាងសាឡង និងថែរក្សាសម្រស់ នៅម្ដុំបឹងកេងកងនោះទេ។ នាងថាអាជីវកម្មរបស់ខ្លួន មានយីហោថា «RN Gold Salon» ដោយក្រៅពីមានទ្រង់ទ្រាយជាហាងសាឡន ក៏មាននាំចូលផលិតផលថែរក្សាសម្រស់ដែលនឹងនាំចូលនៅក្រៅប្រទេសផងដែរ។
កញ្ញា ណាណា បន្តថា អាជីពសិល្ប:មិនជួយឲ្យនាងរកចំណូលបានច្រើននោះទេ ទើបនាងសម្រេចចិត្តបង្កើតជំនួញហាងសម្រស់ ដោយមិនខ្វល់ថាមុខរបរនេះ មានការប្រកួតប្រជែងខ្លាំង ហើយប្រឈមនឹងរឿងក្ស័យធននោះទេ ដោយសារតែមុនបើកហាង នាងមានការសិក្សាច្បាស់លាស់ ហើយក៏មានយុទ្ធសាស្ត្រប្រកួតប្រជែងច្បាស់លាស់៕