សម្រាំងជាង១ឆ្នាំ រឿង«កាំបិតមុខ២» ក្រុងពាលីផ្លូវការ

0

នៅទីបំផុត ភាពយន្តភាគរឿង«កាំបិតមុខ២» បានក្រុងពាលីចេញថតជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី៤ ឧសភា ឆ្នាំ២០១៨មុននេះ ដើម្បីចេញថត។ នេះជាភាពយន្តថ្មីដែលផលិតកម្មមហាហង្សប្រកាសថាសម្រិតសម្រាំងមិនក្រោមជាង១ឆ្នាំនោះទេ ដើម្បីផលិតអោយPNN សម្រាប់ឆ្នាំថ្មី។

លោក អុិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា នេះជាភាពយន្តដែលលោកបានប្រើការប្រឹងប្រែងក្នុងការផលិតយ៉ាងខ្លាំង មុនពេលសម្រេចក្រុងពាលី។ លោកថាមួយរឿងនេះ ក្រៅពីប្រមូលផ្ដុំដោយតារាចាស់ថ្មីល្បីឈ្មោះ ក៍មានសាច់រឿងពោរពេញដោយការអប់រំផងដែរ ពាក់ព័ន្ធនឹងស្ថានភាពរបស់ស្ត្រីមេផ្ទះ។ មួយរឿងនេះចង់និយាយពី នារីម្នាក់ដែលធ្លាប់ស្លូតបូត តែបានប្រែក្លាយជានារីពិលពុល ដោយសារតែស្វាមីសម្បូរល្បិច ហើយរឿងទាំងមូលក៏គ្រោងចំណាយដើមទុនច្រើនក្រាស់ជាងរឿងមុនៗផងដែរ ទាំងការចំណាយលើតួល្បីៗ និងលើការសម្រិតសម្រាំងគុណភាព។ ភាពយន្តនេះ នៅមិនទាន់ច្បាស់ថា នឹងត្រូវដាក់បញ្ចាំងនៅPNN ពេលណានោះទេ ដោយលុះត្រាតែការចេញថត សម្រេចបាន៥០ភាគរយ ទើបដឹងពីការកំណត់ដាក់ផ្សាយ។

ក្នុងភាពយន្តនេះ គេឃើញមានការសម្ដែងដោយអ្នកនាង កែវ ស្រីនាង លោក អូន ឧស្សាហ៍ លោក ហម ឈរ៉ា អ្នកនាង សឿន ផានផាផួង អ្នកនាង ភិន សុដាលីស អ្នកនាង ចាន់ តារាទី លោក អ៊ុន សិទ្ធា អ្នកស្រី សរ កេសារ៉ា កញ្ញា វ៉ាន់ លីលី និងតារាសម្ដែងចាស់ថ្មីល្បីឈ្មោះ ជាច្រើនដួងទៀត។ ភាពយន្តនេះ នឹងដំណើរការចេញថត ភ្លាមៗក្រោយពីក្រុងពាលីត្រូវបញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here