ដេនី ក្វាន់ និងគូស្នេហ៍ ចាយដល់សែនដុល្លារ ពង្រីកអាជីវកម្មមិនធម្មតា

0

ក្រៅពីស្រឡាញ់គ្នាល្អូកល្អិនគ្នាជាសាធារណៈ គូស្នេហ៍មួយគូក្នុងពិភពសិល្បៈ ដែលត្រូវគេស្គាល់ថាម្នាក់ជាតារាសម្ដែង និងជាតារាហ្វេសប៊ុកដ៏ពេញនិយម និងម្នាក់ទៀតជាផលិតករថតស្ពត និងជាអ្នករៀបចំកម្មវិធីសិល្បៈ កញ្ញា ដេនី ក្វាន់ និងលោក ចាន់ មករា ក៏ទើបតែបានបោះទុនសែនដុល្លារពង្រីកអាជីវកម្មយ៉ាងហ៊ឹកហ៊ាក់ផងដែរ។ ផ្អែកតាមការទម្លាយ ដើមទុនរហូតដល់សែនដុល្លារឯណោះ ដែលអ្នកទាំងពីរបានប្រើដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនអោយលេចរូបរាងឡើង។

លោកចាន់ មករា ដែលត្រូវគេស្គាល់ថាជាគូស្នេហ៍របស់ដេនី ក្វាន់ មិនត្រឹមតែដើរថយក្រោយក្នុងមុខរបរលក់ឡានដែលលោកធ្លាប់បានប្រកាសថា សាកល្បងរកស៊ីលេងៗកាលពីមុនប៉ុណ្ណោះទេ ប៉ុន្តែបែរជាបានសេងយកឃ្លាំងរថយន្តជិតខាង ហើយយកមកទម្លាយធ្វើជាឃ្លាំងតែមួយយ៉ាងកាលីប ធ្វើអោយអាជីវកម្មបើកឃ្លាំងលក់រថយន្តគ្រប់ប្រភេទរបស់លោក ប្រែក្លាយពីឃ្លាំងកម្រិតមធ្យមទៅជាឃ្លាំងលក់រថយន្តធំមួយ នៅម្ដុំលូទឹកស្អុយ លើផ្លូវកោសដូងម្ដុំសំណង់១២។ លោក ចាន់ មករា ដែលបានផ្ដើមស្គាល់គូស្នេហ៍ កញ្ញា ដេនី ក្វាន់ ក្នុងតំណែងជាអ្នកផលិតស្ប៉ត និងជាអ្នកផលិតកម្មវិធីសិល្បៈ បានអះអាងថា ឃ្លាំងលក់រថយន្ត ស៊ីអិមអេ របស់លោក ចំណាយដើមថែមច្រើនម៉ឺនដុល្លារ ដោយក្រៅពីទម្លាយឃ្លាំង២បញ្ចូលគ្នា លោកក៏បានប្រើទុនទិញរថយន្តទំនើបៗអោយបានច្រើនគ្រឿង ដើម្បីដាក់តាំងអោយសមនឹងឃ្លាំងរថយន្តប្រកួតប្រជែងអាជីវកម្មលក់រថយន្តផងដែរ។ លោកអះអាងថាយ៉ាងខ្លីថា បើជ្រុលលូកប្រហុកទៅហើយ លោក និងដេនី ក្វាន់ នឹងលូកអោយកប់ក្លៀក បើទោះជាការពង្រីកមុខរបររបស់លោក តម្រូវអោយលោកបង្វិលដើមទុនពីប្រភពនេះពីប្រភពនោះ ដើម្បីអាចដំណើរការបាន។

ក្រឡេកទៅមើលតារាស្រី កញ្ញា ដេនី ក្វាន់ ក៏មិនធម្មតាដែរ ដោយនាងបានប្រកាសបើកសម្ពោធហាងលក់ផលិតផលថែរក្សាសម្រស់របស់ខ្លួនយ៉ាងកាលីប កាលពីថ្ងៃសុក្រ ទី១០សីហា ដោយហាងថ្មីរបស់នាងគ្រាន់តែការការតុបតែង និងតាំងបង្ហាញផលិតផលល្បីៗដែលជាប្រេនៗផ្ដាច់មុខដែលនាងនាំចូល គឺចំណាយឡើងម៉ឺនដុល្លារបាត់ទៅហើយ។ នេះជាហាងបើកថ្មី បន្ទាប់ពីនាងដោះដូរពីទីតាំងចាស់ នៅម្ដុំទូរទស្សន៍អាស៊ីអាគ្នេយ៍ ខណៈដែលហាងថ្មីនេះ គឺមានទ្រង់ទ្រាយធំជាងមុនដាច់ឆ្ងាយ។ Denny Beauty Cosmetic គឺជាឈ្មោះហាងថ្មី ដែលតារាស្រីរូបនេះប្រកាសថានឹងធ្វើអោយក្លាយជាអាជីវកម្មផ្នែកថែរក្សាសម្រស់ទ្រង់ទ្រាយធំ ដោយនាងប្រកាសថានឹងគម្រោងកុងត្រានាំចូលផលិតផលម៉ាកល្បីៗផ្សេងទៀត ដើម្បីបង្កើនប្រាក់ចំណូល និងពង្រីកកេរ្តិ៍ឈ្មោះក្នុងពិភពជំនួញផង។ អ្វីដែលគេកត់សម្គាល់ គឺនាងប្រកាសថានេះមិនមែនជាហាងលើកចុងក្រោយដែលនាងប្រកាសបើកនោះទេ ដោយគ្រោងប្រកាសសាខាបន្តបន្ទាប់ និងអាចមានអាជីវកម្មផ្នែកសម្រស់ជាច្រើនផ្សេងទៀត ដែលធ្វើអោយគេមើលឃើញថា ដេនី ក្វាន់ នឹងក្លាយជាតារាសិល្បៈវ័យក្មេងមួយរូប ដែលជោគជ័យក្នុងពិភពជំនួញមិនធម្មតា។

ការប្រកាសនេះ បង្ហាញយ៉ាងច្បាស់ថាគូស្នេហ៍មួយគូនេះ ពិតជាមានលទ្ធភាពដល់ម្លឹង ដែលភាគីខាងប្រុសមានទុនសែនដុល្លារ ពង្រីកឃ្លាំងលក់រថយន្តអោយក្លាយជាទីតាំងធំ ហើយភាគីខាងស្រី មានលុយម៉ឺនដុល្លារបើកហាងថែរក្សាសម្រស់ទ្រង់ទ្រាយធំ ខណៈដែលហាងទាំង២ត្រូវគេឃើញបើកដំណើរការស្របថ្ងៃគ្នាទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here