ស្ថិតក្នុងកាលៈទេសៈបែបនេះហើយ ឃីម រតនៈ នៅតែប្រកាសដូចដើម

0
- Advertisement Banner -

បើទោះជាតារាសម្ដែងតួបងធំ លោក ឃីម រតនៈ ត្រូវគេដឹងថាមានជម្ងឺមហារីកក្រពះប្រចាំកាយ ដោយត្រូវការថវិកាច្រើនជាប្រចាំដើម្បីព្យាបាល ស្របពេលដែលម្ដាយក៏ស្ថិតក្នុងសភាពវះកាត់គ្រួសក្នុងប្រម៉ាត់កាលពីពេលថ្មីៗ ដែលតម្រូវអោយលោកប្រឈមនឹងហិរញ្ញវត្ថុ ក៏តារារូបនេះ បញ្ជាក់ថា លោកមិនអោយមានការរ៉ៃអង្គាសថវិកាណាមួយក្នុងរង្វង់អ្នកសិល្បៈ ឬ ពីសំណាក់សប្បុរសជននោះទេ បើទោះជាលក់ឡានមិនដាច់ នៅក្នុងពេលនេះ។ លោកថាសុខចិត្តបង្ខំចិត្តលក់ទ្រព្យ ឬ ខ្ចីបុលគេ តែមិនអោយអ្នកសិល្បៈណាម្នាក់មកពិបាកក្នុងរឿងរបស់ខ្លួននោះទេ។

លោក ឃីម រតនៈ ដែលត្រូវគេស្គាល់ថាគឺជាសមាជិករបស់គ្រួសារតារាកម្ពុជាមួយរូបផង និយាយថា បើទោះជាគ្រួសាររបស់លោកមិនស្ថិតក្នុងសភាពលំបាកណាមួយ ប៉ុន្តែស្ថានភាពខាតបង់មុខជំនួញកន្លងមក និងស្ថានភាពបន្ទុកបណ្ដាក់ជាប្រចាំ នៅតែធ្វើអោយលោក និង ក្រុមគ្រួសារ ជួបប្រទះនូវការខ្វះខាតមិនអស់មិនហើយ។ ម្យ៉ាងមកពីម្ដាយរបស់លោក គឺជាស្ត្រីដែលមានជម្ងឺប្រចាំកាយច្រើន ដែលត្រូវប្រឈមនឹងការទទួលខុសត្រូវច្រើនផង ទើបលោកក្នុងនាមជាកូនប្រុសម្នាក់ ត្រូវជួយរ៉ាប់រង។ លោកថារាល់ថ្ងៃរូបលោក មិនមែនគ្រាន់តែប្រឹងប្រែងដើម្បីខ្លួនឯងតែម្យ៉ាងនោះទេ តែក៏ត្រូវជួយដល់ម្ដាយ ដូចជាក្នុងករណីដែលម្ដាយរបស់លោក ត្រូវបញ្ជូនតាំងពីខេត្តកំពង់ឆ្នាំង មកវះកាត់គ្រួសក្នុងប្រម៉ាត់នៅប៉ុន្មានថ្ងៃនេះ។ លោកថាការចំណាយមិនតិចពាន់ដុល្លារនោះទេ រាប់ទាំងការចូលព្យាបាលរបស់លោកមុនពេលម្ដាយរបស់លោកត្រូវបានវះកាត់នោះផង។ ដូច្នេះហើយ ទើបលោកបង្ខំចិត្តប្រកាសលក់ឡាន ដើម្បីទប់តម្រូវការ។ យ៉ាងណាក៏ដោយលោកថារថយន្តផ្ទាល់ខ្លួននោះមិនត្រូវបានលក់នោះទេ ដោយសារតែគេអោយខាតច្រើនពេក ស្របពេលដែលលោកក៏ប្រើមធ្យោបាយផ្សេងដើម្បីដោះស្រាយ។

លោកនៅតែប្រកាន់ជំហរមិនទទួលការជួយរ៉អង្គាសថវិកាណាមួយពីមិត្តរួមអាជីព ឬ ពីគ្រួសារតារាកម្ពុជានោះទេ បើទោះជាគ្រួសារតារាកម្ពុជា បានបញ្ជាក់ថានឹងជួយសម្រួលការលំបាក ដោយនឹងចេញមុខប្រកូសប្រកាសរ៉ៃអង្គាសជួយ។ លោកថាខ្លួនមិនមែនមិនលំបាកទេ តែលោកនៅតែយល់ថា តារាសិល្បៈ ឬ សប្បុរសជនមួយចំនួន ក៏មិនមែនជាអ្នកមានដែរ ទើបលោកប្រកាសជំហរមិនទទួលជំនួយនោះទេ ដរាបណាលោកនៅមានរថយន្តដើម្បីលក់ ឬ មានទ្រព្យតិចតួចដើម្បីបញ្ចេញ បើទោះជាមធ្យោបាយនោះ នឹងអោយលោក និង ក្រុមគ្រួសារអស់ពីខ្លួន។ លោកថាចង់បានតែការយកចិត្តទុកដាក់ជាពាក្យសម្ដី ឬ ជាការឆាតសួរគឺលោកអស់ចិត្តហើយ តែបើអោយលោកទទួលយកការបរិច្ចាគថវិកាពីក្រុមអ្នកសិល្បៈ គឺលោកដាច់ខាត នៅមិនទាន់ដល់ពេលត្រូវរំខាននោះឡើយ។ យ៉ាងណាមិញលោកថា ជំហរមួយនេះ មិនមែនប្រកាសមិនទទួលរហូតនោះទេ តែសម្រាប់ពេលនេះ គឺលោកព្យាយាមដោះស្រាយដោយអោយអស់លទ្ធភាព ដោយមិនអាចមានទ្រព្យផ្ទាល់ខ្លួនដោះស្រាយ ហើយលើកដៃសុំជំនួយពីសប្បុរសជនឡើយ។ លោកថាសុខចិត្ត ខ្ចីបុលគេ និង សុខចិត្តលក់បញ្ចេញអ្វីដែលមានអោយអស់លទ្ធភាព ដោយមិនចង់ឮពាក្យថា តារា ឬ គ្រួសារតារាអោយតែឈឺ ឬ មានទុក្ខ ដឹងតែលើកដៃសុំជំនួយនោះទេ បើទោះជាលោកមិនមែនជាតារាល្បី ដែលមានចំណូលពីការសម្ដែងខ្ពស់។ លោកថ្លែងជំហរបែបនេះ ក្នុងឱកាសស្ថាបនិកគ្រួសារតារាកម្ពុជា លោក ផាត់ តារារដ្ឋ ដឹកនាំសមាជិកគ្រួសារតារាកម្ពុជាមួយចំនួន ចុះសួរសុខទុក្ខម្ដាយរបស់លោក ដល់មន្ទីរពេទ្យ ក្រោយពេលវះកាត់គ្រួសក្នុងតម្រងនោម និង ក្នុងឱកាសដែលមានអ្នកសិល្បៈមួយចំនួន ទៅផ្ដល់កម្លាំងចិត្តដល់ពេទ្យ ក្នុងប៉ុន្មានថ្ងៃនេះ។ លោកថា សប្បាយចិត្ត ដែលក្រុមអ្នកសិល្បៈ និង អ្នករាប់អានមកសួរទុក្ខធុរៈដល់ពេទ្យ ហើយអ្វីដែលលោកទទួលបាននេះ គឺកក់ក្ដៅហើយ មិនចាំបាច់ទិញរបស់របរ ឬ យកលុយមកជួយទេ ដោយសារលោកក៏ដឹងថា អ្នកសិល្បៈទាំងនោះ ពេលខ្លះក៏មានបន្ទុករៀងខ្លួនដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here