ស្ងាត់ៗ តារាចម្រៀង លុន សុ​ី​ឡូ រៀបការ​បាត់

0

កាលពី​ល្ងាច​ថ្ងៃទី២៣ មីនា តារាចម្រៀង ​Original Song លោក លុន សុ​ី​ឡូ ដែល​ត្រូវគេ​ស្គាល់​ច្រើន​តាមរយ:សកម្មភាព​សប្បុរសធម៌ បាន​រៀបការ​ហើយ ខណ: ដែល​លោក​មិន​ធ្លាប់​ប្រកាស​ឲ្យ​ដឹង​ពី​ទំនាក់ទំនង​ស្នេហា​ក្រៅ​សង្វៀន​សិល្ប:កន្លងមក។ អាពាហ៍ពិពាហ៍​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​បើកចំហរ​នៅ​ស្រុក​មេសាង ក្នុង​ខេត្តព្រៃវែង ដោយ​ក្រៅពី​ភ្ញៀវកិត្តិយស ក៏មាន​វត្តមាន​តារា​មួយចំនួន​ចូលរួម​ផងដែរ។

លោក លុន សុ​ី​ឡូ បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ដឹងថា លោក​បាន​សម្រេចចិត្ត​រៀបការ ដើម្បី​បញ្ចប់ជីវិត​នៅ​លីវ​ហើយ ដោយ​មិន​ខ្វល់​ពី​ការធ្លាក់​កូដ​សម្រាប់​អាជីព​ចម្រៀង​ឡើយ។ បន្ថែម​ពីលើ​ការ​រប​ង្ហោះ លោក​ថា ភរិយា​លោក និង លោក បាន​ស្គាល់គ្នា​ប្រមាណ​ជា៦ឆ្នាំ ហើយ​ក្រោយពី​ទាក់ទង​ស្រឡាញ់គ្នា លោក ក៏បាន​យក​នាង​មក​គ្រប់គ្រង​ហាង​ផឹក​សុ​ី​បែប​បារាំង​របស់ខ្លួន​មួយកន្លែង ដែល​មិន​ខុសពី​ការ​សន្សំ​លុយ​ចូលគ្នា​ផង។

ភរិយា​របស់លោក មាន​ឈ្មោះថា ផាត់ ស្រី​នាង ខណ:ដែល​នាង​ក៏​ធ្លាប់​ប្រកាសថា បើទោះជា​រៀបការ​ហើយ ក៏​មិន​ឲ្យ​លោក លុន សុ​ី​ឡូ បញ្ចប់​អាជីព​ចម្រៀង​នោះដែរ។ លោក លន់ សុ​ី​ឡូ ក៏បាន​បញ្ជាក់ថា នឹង​បន្ត​បញ្ចេញ​បទ​ចម្រៀង​និពន្ធ​ថ្មី ដោយ​មិន​ឲ្យ​ស្ងាត់ បើ​ទោះ​ខ្វះ​ការគាំទ្រ ខុសពី​ពេល​លោក មិនទាន់​រៀបការ ឬ យ៉ាងណាក្ដី។ លោក​ថា អាជីព​សិល្ប:គ្រាន់តែ​បំពេញ​ក្ដី​ស្រឡាញ់​ប៉ុណ្ណោះ ដូច្នេះហើយ​ទើប​លោក មិន​ខ្វល់​ពី​រឿង​ធ្លាក់កូដ ឬ កើនឡើង​ជាង​មុន​នោះឡើយ បន្ទាប់ពី​រៀបការ​ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here