ម្នាក់ៗបន់អោយតែបាន! រុន ណាកូ ត្រូវគេទម្លាយរឿង មិនហ៊ានលះបង់

0

មកទល់ពេលនេះ មិនមានតារារះថ្មី និងកំពុងឡើងកូដតិចនាក់នោះទេ ដែលសម្ដែងពីការស្រុតចុះទីផ្សារ ឬមិនមានការសម្ដែងដើម្បីពង្រីកកេរ្តិ៍ឈ្មោះ។

អ្នកខ្លះសុខចិត្តទទួលសម្ដែងក្នុងតម្លៃសឹងមិនរួចនឹងការចំណាយលើសម្លៀកបំពាក់ និងឈានដល់សុំសម្ដែងមិនយកកម្រៃ ឬមានការដោះដូរខ្លួនប្រាណដែលគេធ្លាប់ឮនោះផង អោយបានឱកាសម្ដែងជាតួសំខាន់ក្នុងរឿង តែចម្លែកតារារះថ្មី លោករុន ណាកូ បែរជាបានចេញមុខច្រានចោលភាពយន្តភាគបុរាណទ្រង់ទ្រាយធំមួយរឿង ដែលត្រូវគេអះអាងថាគ្រោងបញ្ចាំងនៅប៉ុស្ដិ៍លេខ៥ ទៅវិញ។

ប្រភពពីផលិតកររឿង«រនាថឯក» បានអះអាងថា លោក រុន ណាកូ ត្រូវបានទាក់ទងអោយសម្ដែងក្នុងភាពយន្តនេះ ក្នុងតំណែងជាតួធំដុំ ដោយមានការព្រមព្រៀងគ្នាច្បាស់លាស់ដើម្បីចេញថតនោះផង បន្ទាប់ពីមុខមាត់ និងរូបរាងរបស់លោក ត្រូវបានផលិតករប្រកាសថាស័ក្ដសមនឹងតួក្នុងសម័យបុរាណ ហើយរូបសង្ហារវ័យក្មេងរបស់តារារូបនេះក៏ត្រូវនឹងការចង់បានផលិតករ។

ប៉ុន្តែនៅពេលការចេញថតចាប់ផ្ដើមដំណើរការ លោកបែជាស្នើសុំច្រានចោល ដោយអះអាងថាសុំច្បាប់សាលាមិនអាចទទួលថតក្នុងរឿងនេះបានទៅវិញ។ យ៉ាងណាមិញ ផលិតករបានទទួលយកហេតុផលរបស់លោក បើទោះជាបានព្រលយពាក្យថាខំទុកតំណែងល្អហើយមិនយកបែបហ្នឹង ក៏តាមតែចិត្តគេទៅ ដែលមិនខុសពីការអន់ចិត្តរឿងលោកមិនព្រមទម្លាក់ចោលការសិក្សាមួយខ្យល់ឈោងភាពល្បីល្បាញ។ លោក កែវ រតនា ផលិតកររឿង«រនាថឯក»បានថ្លែងបញ្ជាក់ថា «រុន ណាកូ ខ្ញុំរើសអោយលេងតួធំក្នុងរឿងហ្នឹងតើ តែមកពីមិនលេងវិញ ទើបខ្ញុំដូរតួ”។ លោកថា បើ រុន ណាកូ សុខចិត្តលះបង់ការសិក្សា ហើយចេញថតមួយរឿងនេះ យ៉ាងហោចណាស់ ក៏កាន់តែមានគេស្គាល់ ហើយឆាប់មានសន្ទុះក្នុងភាពយន្តផងដែរ ដោយសារតែតួដែលលោកផ្ដល់អោយ ជាតួធំ។

លោក រុន ណាកូ បានអះអាងថា មិនមែនត្រឹមតែរឿង«រនាថឯក»នោះទេ ដែលលោកច្រានចោលមិនហ៊ានសម្ដែងវិញ សូម្បីតែភាពយន្តមួយចំនួន ដែលទាក់ទងមក ក៏លោកមិនអាចសម្ដែងបែបនេះដូចគ្នា ដោយសារតែហេតុផលលោកជាប់រៀនមហាវិទ្យាល័យពេទ្យនៅខេត្តកំពត ហើយការសិក្សានៅក្នុងសាលានោះមិនអាចសុំច្បាប់បានច្រើន។ សមាជិកសកម្មរបស់«គ្រួសារតារាកម្ពុជា»រូបនេះ បន្តថា សកម្មភាពសិល្បៈដែលលោកលេចមុខរាល់ថ្ងៃ គឺជាការឆ្លកឆ្លៀតដោយការសុំច្បាប់សាលាបានតិចបំផុត ទើបលោកទទួលការងារថតស្ពត ការសម្ដែងឈុតអប់រំ និងការបង្ហាញខ្លួនក្នុងសកម្មភាពសប្បុរសធម៌ជាដើម។ ផ្ទុយទៅវិញ សម្រាប់ការសម្ដែងភាពយន្តៗដែលប្រើរយៈពេលយូរ គឺលោកទទួលមិនកើតតែម្ដង ដោយសារតែការចេញថតចំណាយពេលយូរ។ លោកហាក់មិនខ្វល់ពីការបោះបង់ឱកាសបានសម្ដែង ជាថ្នូរនឹងការឈានឡើងនៅក្នុងសិល្បៈអោយទាន់គេទាន់ឯងនោះទេ ខណៈដែលតារាភាគច្រើនបន់អោយតែបានសម្ដែង សុខចិត្តបោះចោលការសិក្សា ជាគំរូវ្តើនមកហើយ។ លោកសារភាពមុនពេលច្រានចោល លោកពិតជាបានព្រមព្រៀងនឹងថតរឿង«រនាថឯក»អោយលោក កែវ រតនា ប្រាកដមែន ប៉ុន្តែបណ្ដាលមកពីខាងផលិតករទម្លាក់កាលវិភាគចេញសម្ដែង សុទ្ធតែប៉ះចំខែពិបាកសុំច្បាប់ និងត្រូវប្រើពេលជាប់ៗគ្នាយូរផង ទើបលោកសុំទោសផលិតករ ហើយសុំមិនទទួលសម្ដែងវិញ។ លោកថា បើត្រឹមតែថតប្រើពេលខ្លីៗលោកអាចធ្វើដំណើរទៅមកៗភ្នំពេញកំពត មកទទួលថតបាន ប៉ុន្តែបើថតដល់ច្រើនថ្ងៃ ហើយជាប់ថ្ងៃគ្នាទៀតលោកមិនហ៊ានទទួលទេ ដើម្បីកុំអោយសាលាបញ្ឈប់ឈ្មោះចេញ។

លោកថាខ្លួនស្រឡាញ់សិល្បៈ ប៉ុន្តែបើដើម្បីសិល្បៈ ដល់ថ្នាក់សុំច្បាប់បណ្ដាលអោយឈ្មោះត្រូវបានធ្លាក់ ឬលុបឈ្មោះចោលពីសាលា គឺលោកមិនធ្វើនោះទេ ដោយសារតែលោកយល់ថាមានការតែសិក្សាអោយចប់ចុងចប់ចុងប៉ុណ្ណោះ ដែលជួយអោយលោកមានអនាគតភ្លឺស្វាង។

លោកថាជារឿងសោកស្ដាយ ប៉ុន្តែលោកនៅតែជឿជាក់ថា នឹងមានឱកាសទទួលសម្ដែងក្នុងពេលទទួលបានដោយជៀសមិនផុតនោះទេ ក្នុងពេលដែលលោកនៅក្នុងរយៈពេលនេះ ក៏មានផលិតករច្រើននាក់ទាក់ទងអោយសម្ដែង ហើយសុទ្ធតែជាតួធំៗក្នុងរឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here