ជាការស្រឡាំងកាំងមួយ ដែល អ្នកនាង ឈុំ ភួយ ឬ ម៉ែ ភួយ គ្រាន់តែជា តារាសម្តែង បង្ហាញមុខតាម ភាពយន្ត ប្លង់ថតិចតួច ស្រាប់តែត្រូវបាន គេរុញ អោយធ្វើការផ្នែក ពិធីការិនី សុទ្ឋតែកន្លែងថ្នាក់ជាតិ។ ការភ័យបុកពោះ ធ្វើអោយ ចែ ភួយខ្លាច មិនអាចតតាំងបាន ដោយគេតម្រូវបែបណា ត្រូវនិយាយអោយគេសើច សប្បាយជក់ចិត្ត ដោយមិនលើសពេក។
ដោយសារ តែភាពក្រមិចក្រមើម ចូលចិត្តនិយាយកំប្លែងស្ងួត និងមានមាឌ ម៉ាប់ៗ មុខសមតួ កំប្លែង បានរុញ អោយតារាសម្តែង ចែ ភួយ ក្លាយជាពិធីការិនីទាំងមិននឹកស្មានដល់ ព្រោះជីវិតសិល្បៈហែលរាប់ឆ្នាំ មិនដែលគិតថា បានឈានការងារនេះសោះ។ អ្នកនាង ភួយគ្រាន់តែជា អ្នកចម្រៀង តាមអាហ្វែការ និងថតភាពយន្ត អោយផលិតកម្ម បង្ហាញមុខធម្មតាៗ និងជាសមាជិកគ្រួសារតារាកម្ពុជា ម្នាក់បង្ហាញការងារសង្គមជាមួយមិត្តរួមក្រុម។
ចែ ភួយនិយាយថា នាងពិតជារំភើបណាស់ ដែល បាន លោក សុខ សំណាង ជាអ្នកដឹកនាំ កម្មវិធីនាទី«កុន ខ្ញុំ» ផ្តល់តួនាទីជា ពិធីការិនី ដំណើរ ការជាមួយ ដួង ម៉ានិច្ច និង លោកសំណាង ដែរ។ អត់ចង់ជឿទេ ថា រឿងមិននឹកស្មាន បានមកដល់ បើទោះនោះជាការ តេស្តសាកល្បងសមត្ថភាព៣ខែ ក៏ពេញចិត្ត។ ថ្ងៃថតដំបូងគឺ ភ័យញ័រជើង ព្រោះខ្លាច និយាយលេងសើច កំប្លែងទៅចេញជាការលើសលោះ ព្រោះទូរទស្សន៍ជាតិផ្លូវការ។ នាងនឹងតស៊ូចាប់ឱកាសអោយបាន ដើម្បីពង្រីកស្នាដៃសិល្បៈ និងអរគុណដល់លោក សុខ សំណាងដែលបានមើលឃើញ ទេពកោសល្យនាង។
















