មិននឹកស្មានថា ឈួន សុវណ្ណឆៃ មានថ្ងៃនេះ ដោយសារ ស្ដេចវីយូឡុង អុំដារ៉ា

0

គ្មានអ្នកណាមិនដឹងនោះទេ ថាស្ដេចវីយូឡុង លោក អុំ ដារ៉ា ដែលត្រូវគេស្គាល់ថាជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះផង បានធ្លាក់ខ្លួនឈឺរហូតដល់ថ្នាក់ពិការ។ តែគេមិនដឹងថាលោកមានប្រវត្តិដ៏ច្រើនក្នុងការជួយអោយអ្នកនាង ឈួន សុវណ្ណឆៃ បានក្លាយជាតារាដែលជោគជ័យម្នាក់មកទល់នឹងពេលនេះឡើយ។

អ្នកនាងឈួន សុវណ្ណឆៃ បានថ្លែងកាលពីក្នុងពិធីចុះទៅប្រគល់ថវិកា ជូនដល់លោក អុំ ដារ៉ា នៅកន្លែងព្យាបាលឆ្អឹងនៅតាខ្មៅថា បើគ្មានលោកអ៊ុ ដារ៉ា អ្នកនាងប្រហែលជាគ្មានសំណាងបានក្លាយជាតារាចម្រៀងមកទល់ពេលនេះនោះឡើយ ដោយសារតែក្នុងពេលនោះ អ្នកនាងគ្រាន់តែជាតារាមួយរូបដែលគ្មានខ្នងបង្អែក។ អ្នកនាងថា ក្នុងអំឡុងឆ្នាំ១៩៩៩ អ្នកនាងបានឡើងមកពីខេត្តបន្ទាយមានជ័យ ហើយប្រលងក្នុងកម្មវិធីមួយនៅប៉ុស្ដិ៍លេខ៥ តែដោយសារតែលោកអុំ ដារ៉ា ជាតន្ត្រីករផ្នែកវីយូឡុង ស្រឡាញ់ពេញចិត្ត ក៏ជ្រើសអោយចូលច្រៀងក្នុងក្រុមក្រុមយោធាភិរម្យ ដែលក្នុងពេលនោះទទួលបានប្រាក់ខែក្នុងមួយខែប៉ុន្មានម៉ឺនរៀល និង អង្ករ២០គីឡូ។

អ្នកនាងថាខ្លួនបានទទួលការបង្ហាត់បង្ហាញ ពីសិល្បករជើងចាស់រូបនេះយ៉ាងច្រើន ទាំងការបង្រៀនច្រៀង និងជួយអោយមានហាងច្រៀងបន្ថែម ដើម្បីអោយអ្នកនាងអាចឈរជើងបាននៅរាជធានីភ្នំពេញ។ អ្វីដែលអ្នកនាងចងចាំមិនភ្លេច គឺលោកអ៊ុ ដារ៉ា បានអង្វរអោយក្រុមតន្ត្រីតម្លើងអង្ករអោយអ្នកនាងបានមួយខែដល់មួយបាវ និងបន្ថែមប្រាក់ខែ ដើម្បីអោយអ្នកនាងអាចបន្តរស់នៅភ្នំពេញបាន ក្នុងពេលអ្នកនាងពិបាកខ្លាំងហើយគិតចង់ទៅរស់នៅខេត្តបន្ទាយមានជ័យវិញ។ អ្នកនាងបានទាំងត្រូវលោកអុំ ដារ៉ា និពន្ធបទថ្មីអោយ៣បទ ដើម្បីបានច្រៀងជាបទចម្រៀងផ្ទាល់ខ្លួននោះផង ដោយគ្រាន់តែក្រោយពេលថតចប់ បទចម្រៀងទាំងនោះមិនត្រូវបានចេញលក់ ហើយមិនដឹងថាតើ លោកអុំ ដារ៉ា រក្សាទុក ឬបាត់បង់ទៅហើយ ក្នុងពេលដែលលោកធ្លាក់ខ្លួនឈឺធ្ងន់ និងវង្វេងវង្វាន់ច្រើននៅក្នុងពេលនេះ។ អ្នកនាងទទូចអោយតារាសិល្បៈជាច្រើនផ្សេងទៀត ដែលធ្លាប់ទទួលបានការចង្អុលបង្ហាត់បង្ហាញផ្លូវ អោយយកចិត្តទុកដាក់ចំពោះគ្រូសិល្បៈរូបនេះ ដោយអ្នកនាងប្រកាសថាលោក អ៊ុ ដារ៉ា មានគុណច្រើនណាស់ដល់តារាចម្រៀងមួយចំនួន ក្នុងពេលដែលលោកបម្រើការជាតន្ត្រីករ ជាអ្នកនិពន្ធ និងជាបង្ហាត់សិស្ស។

កញ្ញា សម ថារ័ត្ន កូនស្រីពៅ របស់លោក អុំ ដារ៉ា ដែលត្រូវគេស្គាល់ថាជាកីឡាការិនីផ្នែកល្បុកត្តោ បានថ្លែងបញ្ជាក់ថាលោកត្រូវដឹកយកមកព្យាបាលឆ្អឹងជាមួយគ្រូខ្មែរប្រមាណជិតមួយខែហើយ បន្ទាប់ពីលោកមានស្ថានភាពបាក់ឆ្អឹងក្រោយគ្រោះថ្នាក់ ហើយត្រូវបានគ្រួសារមិនមានលទ្ធភាពវះកាត់ និងក្នុងពេលនេះបើទោះជាវះកាត់ក៏ត្រូវហួសពេល។ កញ្ញាថា លោកពិការមួយរយៈមកហើយ ខណៈដែលផ្នែកស្មារតីក៏ចាំខ្លះភ្លេចខ្លះ មិនសូវដូចមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here