ម៉ុង ប៊ុនណូរ៉ា ប្រកាសឈប់ទទួលទានគ្រឿងស្រវឹង ធ្វើគំរូដល់មហាជន

0

ទោះពុំមែនជាសិល្បៈករល្បីល្បាញនៅក្នុងសង្គមសិល្បៈក៏ពិតមែនក្ដី ប៉ុន្តែលោក ម៉ុង ប៊ុនណូរ៉ា កំពុងធ្វើឱ្យមហាជននិងអ្នកសិល្បៈចាប់អារម្មណ៍ជាខ្លាំង ខណៈលោកបានប្រកាសជំហរមិនផឹកគ្រឿងស្រវឹង ។ ស្របពេលដែលគ្រឿងស្រវឹងត្រូវបានគេចាត់ទុកថាគឺជាការផ្សារភា្ជប់មិត្តភាពមួយដ៏ល្អពិបាកនឹងធ្វើការកាត់ផ្ដាច់។

ថ្វីត្បិតតែសព្វថ្ងៃក្នុងគ្រឿងស្រវឹងត្រូវបានគេចាត់ទុកជារឿងធម្មតា ដែលភាគច្រើនគេនិយមទទួលទានមិនថាក្នុងកម្មវិធីតូចធំ ឬក៏កាជួបជុំជាលក្ខណៈគ្រួសារ ។ ប៉ុន្តែតារាសម្ដែងប្រុសលោក ម៉ុង ប៊ុនណូរ៉ា បានធ្វើការប្រកាសតាំងជំហរជាផ្លូវការណ៍ថានឹងមិនទទួលទានសុរ៉ានោះឡើយខណៈខ្លួនលោកផ្ទាល់គឺជាអ្នកសិល្បៈដែលមិនអាចគេចខ្លួនរួចពីពិធីជួបជុំតូចធំយ៉ាងណាក្ដី។ បន្ទាប់ពីផ្ដាច់ខ្លួនពីការផឹកគ្រឿងស្រវឹងអស់រយៈពេល៥ខែជាងមកនេះ លោកណូ បានបង្ហាញអារម្មណ៍ប្លែកថ្មីមួយ ថា បន្ទាប់ពីលោកប្រកាន់ជំហរបែបនេះ ធ្វើឱ្យលោកបានក្លាយទៅជាបុគ្គលមួយរូបដែលឃ្លាតឆ្ងាយពីមិត្តរួមអាជីព និងអ្នកជិតស្និទមួយចំនួន។ មិនតែប៉ុណ្ណោះក៏មានមនុស្សជាច្រើនហាក់មិនសូវឱ្យតម្លៃលោកបើទោះជាលោកបានបង្ហាញនូវអត្ថប្រយោជន៍ជាច្រើនដែលបណ្ដាលឱ្យលោកផ្ដាច់ខ្លួនពីគ្រឿងស្រវឹងយ៉ាងណាក្ដី។

លោកនៅតែអះអាងថា លោករីករាយនឹងទទួលស្វាគមន៍នូវការអញ្ជើញឱ្យចូលរួមនៅក្នុងកម្មវិធីផ្សេងៗ ប៉ុន្តែលោកនៅតែពង្រឹងការតាំងចិត្តរបស់ខ្លួនថានឹងមិនផឹកគ្រឿងស្រវឹង ហើយជំនួសដោយការទទួលទានទឹកបរិសុទ្ធ ឬក៏ភេសជ្ជៈវិញ។ ម្យ៉ាងវិញទៀតលោកក៏ត្រៀមខ្លួនរួចជាស្រេចចំពោះបុគ្គលរូបណាដែលចង់ផ្ដាច់ខ្លួនពីលោកបើសិនជាអ្នកទាំងនោះពុំយល់ស្របឬក៏មិនរីករាយជាមួយការតាំងចិត្តរបស់លោក និងមិនចង់រាប់អានលោកតទៅមុខទៀតផង។

លោកបញ្ជាក់ថា សុរ៉ាពុំមានប្រតិកម្មអ្វីប៉ះពាល់ជាមួយសុខភាពនៅពេលដែលលោកទទួលទាននោះឡើយ គ្រាន់តែលោកចង់ងាកមកគិតគូរអំពីការថែរក្សាសុខភាពរបស់លោកក្នុងនាមជាតារាសម្ដែង និងមិនចង់ឱ្យមានបញ្ហាជម្ងឺរឈឺថ្កាត់តទៅថ្ងៃមុខដោយសារជាតិអាល់កុលនេះ។ ម្យ៉ាងវិញទៀតវាក៏ពុំមានផលចំណេញអ្វីចំពោះសុខភាពនោះដែរបើគិតពីការចំណាយ និងផលវិបាកក្រោយពេលទទួលទានដែលបណ្ដាលឱ្យបាត់បង់ស្មារតីនិង ងាយទទួលរងនូវគ្រោះថ្នាក់អាចបណ្ដាលឱ្យខាតបង់អាយុជីវិតទៀតផង។

យ៉ាងណាមិញនេះគឺជាជំហរមួយដ៏គួរឱ្យកោតសរសើរដល់តារាវ័យក្មេងរូបនេះដែលបានចេះគិតគូរពីសុខភាព។ មិនតែប៉ុណ្ណោះកាន់តែធ្វើជាគម្រូល្អដល់មនុស្សក្នុងសង្គមស្របពេលដែលប្រទេសជាតិរបស់យើងកំពុងតែទទួលរងនូវឥទ្ធិពលនៃការបាត់បង់អាយុជីវិតរបស់ប្រជាជនតាមរយៈការសេពគ្រឿងស្រវឹង។ ហេតុដូចនេះសូមពលរដ្ឋទាំងអស់គ្នាងាកមកគិតគូរអំពីបញ្ហានេះទាំងអស់គ្នាដើម្បីថែរក្សាសុខភាព និងការពារជីវិតផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here