មេក្រុមបង្ហាញម៉ូដ BN សម្រេចចិត្តផ្តិតមេដៃវះកាត់កូនស្រីទាំងវ័យក្មេង

0

មនុស្សតិចណាស់ ដែលបានដឹងថា មេក្រុមបង្ហាញម៉ូដ BN គឺអ្នកស្រី បូរ៉ានិច ដែលត្រូវគេស្គាល់ថាជាម្ចាស់ហាងកាត់ដេរធំមួយផង មានបន្ទុករឿងកូនស្រីមានជំងឺប្រចាំកាយ ព្យាបាលអស់ប្រាក់រាប់ម៉ឺន ដោយស្ទើរតែធ្វើអោយអ្នកស្រីអស់ជម្រើសម្ដងៗ។ អ្នកស្រីបានជម្នះមិនធ្វើការវះកាត់កូនស្រីពីជម្ងឺមួយនេះ មិនតិចឆ្នាំនោះទេ ប៉ុន្តែនៅទីបំផុត គឺនៅតែជៀសមិនផុត។

អ្នកស្រី បានបង្ហោះកាលពីថ្ងៃទី 11 ឧសភា ឆ្នាំ2020 ថា អ្នកស្រីបានសម្រេចចិត្តវះកាត់កូនស្រីដែលជាជម្រើសចុងក្រោយហើយ បន្ទាប់ពីតស៊ូព្យាបាលដើម្បីគេចពីការវះកាត់នៅមិនអាចទៅរួច។ អ្នកស្រីថា នីតាកូនស្រីសំណព្វចិត្តរបស់អ្នកស្រី មានជម្ងឺប្រចាំកាយគឺស្អិត និង រលាកពោះវៀនធ្ងន់ធ្ងរតាំងពីអាយុ9ខែមកម្លេះ ដោយក្រុមគ្រូពេទ្យខ្មែរបានទាមទារអោយវះតាំងពីក្មេង។ ប៉ុន្តែដោយសារតែអ្នកស្រីយល់ថា ការវះកាត់ទាំងវ័យក្មេង គឺធ្វើអោយកូនអ្នកស្រីមានការប៉ះពាល់ ទើបតស៊ូយកទៅព្យាបាលដល់ក្រៅស្រុក ហើយចំណាយអស់ប្រាក់រាប់ម៉ឺនដុល្លារ ទម្រាំតែមានសុខភាពល្អដូចពេលមុន។ អ្នកស្រីត្រូវខាតការងារ និង បង់ថ្លៃចំណាយ ក្នុងមួយជើងៗនៅក្នុងប្រទេសថៃ មិនតិចជាង1ម៉ឺនដុល្លារនោះផង នាពេលកន្លងមក ប៉ុន្តែដោយសារតែការធ្វើទុក្ខរបស់កូនស្រី នៅតែកើតមានឡើងទើបអ្នកស្រីសម្រេចចិត្តវះកាត់កូនស្រីដែលជាជម្រើសមិនចង់ធ្វើ នៅក្នុងពេលនេះ។ អ្នកស្រីថា ពេទ្យថៃគេអាចព្យាបាលដោយមិនវះកាត់បាន ប៉ុន្តែម្ដងៗអស់លុយច្រើនណាស់ ទើបអស់ជម្រើសសម្រេចចិត្តវះកាត់អោយកូនបើទោះជាមិនចង់។ អ្នកស្រីនៅតែយល់ថា ការវះកាត់ទាំងវ័យក្មេងអោយកូនស្រី គឺជារឿងប៉ះពាល់ ទើបបន្តគេចហើយសុខចិត្តចំណាយលុយឡើងចុះក្រៅប្រទេស ដោយមិនស្ដាយលុយ។ យ៉ាងណាមិញក្រុមពេទ្យជំនាញនៅតែអះអាងថា ជម្ងឺមួយនេះមានតែការវះកាត់ប៉ុណ្ណោះ ហើយបើទោះជាមានប៉ះពាល់ដល់សរីរាង្គផ្សេង ដោយប្រើមុខកាំបិតខ្លះមែន ប៉ុន្តែនឹងធ្វើអោយកូនស្រីរបស់អ្នកស្រី មានសុខភាពល្អប្រសើរ។

គួរបញ្ជាក់ថា កូនស្រីរបស់អ្នកស្រី បូរ៉ានិច មានវ័យប្រមាណ6ឆ្នាំ និង បានសម្រេចចិត្តវះកាត់នៅពេទ្យក្នុងស្រុកមួយ បន្ទាប់ពីសម្រាកព្យាបាល កាលពីថ្ងៃទី11 ឧសភា។

LEAVE A REPLY

Please enter your comment!
Please enter your name here