ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ កាលពីចុងខែមីនា ឆ្នាំ២០២០នេះ គេកត់សម្គាល់ថា តារាល្បីៗនៅក្នុងប្រទេសកម្ពុជា ជួបបញ្ហាទុក្ខសោកគួរអោយសង្វេគ ខណៈដែលអ្នកខ្លះ ត្រូវបាត់បង់កូន អ្នកខ្លះត្រូវបាត់បង់ឪពុក អ្នកខ្លះត្រូវបាត់បង់សាច់ញាតិសំខាន់ ហើយតារាខ្លះទៀត ក៏មានវិបត្តិហិរញ្ញវត្ថុដល់ថ្នាក់រកលុយព្យាបាលប្អូនដែលសង្គ្រោះបន្ទាន់ ដល់ថ្នាក់ស្រែកយំសុំការអាណិត។ នេះគឺជារឿងដ៏កម្សត់ ដែលបានកើតឡើងចំពោះតារាសិល្បៈ ក្នុងពេលដែលជំងឺកូវីត ក៏បំផ្លាញសេដ្ឋកិច្ចនៅកម្ពុជា អោយស្ងប់ស្ងាត់។
មហាជនចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីតារាប៉ុន្មានដួងបង្ហោះពីទុក្ខសោកបណ្ដាក់គ្នា។ តារាចម្រៀង សូដា នីតា បង្ហោះថាម្ដាយជាទីស្រលាញ់របស់អ្នកនាង បានទទួលមរណភាព, លោកឆឹម សក្កដា បានបង្ហោះថាលោកបាត់លោកយាយជាទីស្រលាញ់, អ្នកនាងទូច ស្រីលក្ខណ៍ ប្ប្រកាសថាបាត់បង់អ៊ុំប្រុសដែលជាវេជ្ជបណ្ឌិតម្នាក់បម្រើការក្នុងមន្ទីរពេទ្យរុស្ស៊ី, តារាចម្រៀង សុគន្ធ ថេរ៉ាយុ ប្រកាសថាឪពុករបស់លោកទទួលមរណភាពព្រោះជំងឺ។ អតីតតារាកំប្លែង២នាក់ប្តីប្រពន្ធដែលធ្លាប់ល្បីឈ្មោះ នាយត្រដក់ និងអ្នកស្រី ជុំ រស្មី ហៅស្រីទូច ត្រូវបានគេផ្សាយថា ជួបទុក្ខព្រោះកូនស្រីចងកសម្លាប់ខ្លួន ក្នុងពេល តារាចម្រៀងល្បីឈ្មោះសាងស្នាដៃចម្រៀងលើវិស័យទេសចរណ៍ អ្នកនាង សុន ស្រីពេជ្រ បាមប្រកាសពីការខ្វះខាតប្រាក់ព្យាបាលប្អូនប្រុស ដែលសម្រាកនៅមន្ទីរពេទ្យ ព្រោះតែជំងឺខួរឆ្អឹងខ្នងខ្វះគ្រាប់ឈាមក្រហមធ្ងន់ធ្ងរមួយ។ នេះជាទុក្ខសោកបណ្ដាក់គ្នា របស់តារាសិល្បករខ្មែរ នៅក្នុងដំណាក់កាលកូវីតដែលកំពុងតែបង្កជាវិបត្តិ។