បញ្ញា សិទ្ធិ ប្រកាសថាតារា២រូប គឺជាសមាជិកថ្មីក្រុម BS Boyband ដែលធ្លាប់បាត់ឈ្មោះ

0

នៅទីបំផុត តារាចម្រៀងក្លាស៊ិក លោក បញ្ញា សិទ្ធិ បានអះអាងថា ក្រុមចម្រៀងបុរសដែលលោកធ្លាប់បង្កើតឡើងហើយរលាយទៅវិញប្រមាណជាជិតឆ្នាំ គឺ ក្រុម BS Boyband នឹងចាប់ផ្ដើមត្រលប់មកវិញ ដោយលោកសម្រេចជ្រើសយកតារាចម្រៀងក្លាស៊ិក២រូប ធ្វើជាសមាជិកជំនាន់ថ្មី។ ម្ចាស់បទ”ចាប់យាយ!ចាប់តា!” លោក រុន ណាកូ និង តារាចម្រៀង លោក ត្រា យ៉ាកូ ត្រូវបានប្រកាសលើឆាកតន្ត្រី KAP Concert CNC ថា កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០២០ថា គឺជាសមាជិកថ្មី ខណៈដែលប្រកាសនេះធ្វើអោយគេមើលឃើញភ្លាមៗថា នឹងធ្វើអោយក្រុម BS Boyband ទទួលបានការចាប់អារម្មណ៍ជាថ្មី។

លោក បញ្ញា សិទ្ធិ និយាយថា គម្រោងនៃការរៀបចំក្រុម BS Boyband នឹងដំណើរការជាថ្មីវិញហើយ បន្ទាប់ពីលោកសំលឹងឃើញតារាចម្រៀងរបស់ក្លាស៊ិក២រូប ស័ក្តសមនឹងរួមដំណើរជាមួយខ្លួន។ លោកថា តារាចម្រៀង និង ជាពិធីកររបស់ផ្ទះតារា គឺលោក រុន ណាកូ និង លោក ត្រាយ៉ាកូ ដែលជាតារាសម្ដែងផង គឺស័ក្តសមបំផុតសម្រាប់ក្លាយជាសមាជិកថ្មីរបស់ក្រុម BS Boyband ទើបលោកសម្រេចចិត្តជម្រើសយកអ្នកទាំងពីរអោយក្លាយជាសមាជិក។ លោកគម្រោងនឹងធ្វើបទចម្រៀងជាក្រុុម និងបង្កើតក្បាច់រាំអោយរស់រវើកសម្រាប់ក្រុុមដែលធ្លាប់បែកបាក់មួយនេះ អោយមានការចាប់អារម្មណ៍នោះផង បន្ថែមពីលើការផលិតបទចម្រៀងរបស់ផលិតកម្មក្លាស៊ិក។ លោកនិយាយថា”ដោយសារពួកគាត់ គឺជាតារាចម្រៀងរបស់ក្លាស៊ិកស្រាប់ ចឹងវាងាយបំផុតដែលពួកយើងត្រូវរួមដៃគ្នាកសាងក្រុម BS Boyband អោយមានកេរ្តិ៍ឈ្មោះឡើងវិញ ដោយពួកយើងគ្រាន់តែងាកមកផលិតបទរាំៗអោយបានច្រើន និងបង្កើតក្បាច់រាំទៅគឺនឹងល្អហើយ”។ លោកថាសមាជិកថ្មី ដែលលោកជម្រើសអោយចូលក្រុមលើកនេះ គឺលោកជាងមុនឆ្ងាយណាស់ ដោយសារតែលោក រុន ណាកូ ក៏ជាតារាវ័យក្មេងឡើងកូដ ដែលមានទីផ្សារស្រាប់ ហើយលោក ត្រាយ៉ាកូ ក៏មានកេរ្តិ៍ឈ្មោះក្នុងសិល្បៈរួចជាស្រេច។ លោកក៏ប្រកាសថានឹងធ្វើអោយក្រុុមមួយនេះរឹងមាំ និងមានទីផ្សារសម្រាប់ការប្រគំតន្ត្រីខេត្តក្រុងធំៗ ក្រោយពេលប្រកាសរួមគ្នាជាក្រុុម BS Boyband នោះផង។

ម្ចាស់បទ”ចាប់យាយ! ចាប់តា!” លោក រុន ណាកូ បានអះអាងថា ខ្លួនមិនទាន់ប្រាកដថានឹងអាចធ្វើសមាជិកដ៏ល្អរបស់ក្រុម BS Boyband ដែលលោកបញ្ញា សិទ្ធិ ជម្រើសនៅឡើយទេ ដោយសារលោកក៏មានតួនាទីជាក្រុមផលិតវីដេអូរបស់ផ្ទះតារា ដែលរវល់ច្រើន ហើយលោកក៏ជាបុគ្គលិកពេទ្យធ្មេញ ដែលពិបាកសុំច្បាប់ចុះឡើងទៅច្រៀងតាមខេត្ត។ លោកថាខ្លួនអាចប្រឡូកក្នុងក្រុុម BS Boyband តែសម្រាប់ការងារចេញសម្ដែងរួមគ្នានៅក្រុងភ្នំពេញ ដែលប្រើពេលតិចៗប៉ុណ្ណោះ តែបើចុះខេត្តញឹកញាប់ គឺអាចពិបាក។ លោកថាសិល្បៈគឺស្រលាញ់ តែបើអោយចោលការងារពេទ្យធ្មេញ និង ការងារជាអ្នកសារព័ត៌មានដែលលោកកំពុងហាត់ការ គឺមិនចោលជាដាច់ខាត។

យល់ឃើញផ្ទុយពីលោក រុន ណាកូ លោក ត្រាយ៉ាកូ បានសម្ដែងអារម្មណ៍រីករាយដែលត្រូវបាន លោក បញ្ញា សិទ្ធិ ដាក់បញ្ចូលជាសមាជិករបស់ក្រុម BS Boy band ជំនាន់ថ្មី។ លោកប្រកាសថានឹងប្រឹងប្រែងនៅលើវិថីមួយនេះ អោយជោគជ័យជាងអាជីពតារាសម្ដែងផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here