កូវីត១៩ បង្ខំអោយ ឈួន សុវណ្ណឆៃ ផ្អឹប២បទ ក្រោយបញ្ចេញ MV បានតែ ពាក់កណ្ដាល

0

តាមគម្រោង តារាចម្រៀង អ្នកនាង ឈួន សុវណ្ណឆៃ គ្រោងបញ្ចេញ MV ចំនួន៤បទ រួមមានបទ”កន្ទ្រឹមក្រមុំ” បទ”កូនម៉ែ” បទ”ចង្វាក់ខម” និងបទ”កន្ទ្រឹមបុរាណ។ ប៉ុន្តែដោយសារតែការរីករាលដាលនៃជម្ងឺកូវីត បានបង្ខំអ្នកនាងលុបចោលការចេញថត MV ចំនួន២បទចោល បន្ទាប់ពីដាក់បង្ហោះបានតែពាក់កណ្ដាលក្នុងចំណោម៤បទ។

អ្នកនាង ឈួន សុវណ្ណឆៃ ទទួលបានការសរសើរមិនតិចទេ បន្ទាប់ពីអ្នកនាង បញ្ចេញ Original Song សម្រាប់អបអរឱកាសចូលឆ្នាំ ដែលជួយអោយតារាស្រីរូបនេះ នៅតែអាចរក្សាភាពលេចធ្លោរនៅក្នុងវិស័យចម្រៀង។ ម្នាក់ៗលើកឡើងថា ខណៈដែលតារាចម្រៀងជំនាន់អ្នកនាងចាប់ផ្ដើមធ្លាក់កូដ និងស្ទើរតែបាត់ឈ្មោះពីការគាំទ្រនៅក្នុងវិស័យចម្រៀង តែក្រឡេកមើលអ្នកនាង គឺនៅតែលេចធ្លោរ។ អ្នកនាងរំលេចស្ទីលទាក់ទាញក្នុងនាមជាតារាស្រគត់ស្រគំ និងថ្លៃថ្នូរ គួរអោយសរសើរ ព្រមជាមួយនឹងការបញ្ចេញបទចម្រៀង ដែលមានទឹកដមសំលេងត្រូវត្រចៀក ស្របតាមបរិបទនៃឱកាសបុណ្យទាន។ ជាក់ស្ដែងMV ២បទរបស់អ្នកនាង ឈួន សុវណ្ណឆៃ ក្រោមចំណងជើងថា”កន្រ្តឹមក្រមុំ” និងបទ”កូនម៉ែ” ដែលទើបតែចេញក្ដៅៗមុននេះ គឺអ្នកណាក៏សរសើរថា ទាក់ទាញទាំងចង្វាក់ ទាំងទឹកដមសំលេង និងស្ទីលតុបតែងកាយ។ អ្វីដែលគួរអោយកត់សម្គាល់ គឺអ្នកនាង នៅតែមានរូបសម្រស់ក្មេងជាងវ័យ និង ពូកែលេងស្ទីលប្លែកៗ ត្រូវតាមបរិបទ។

អ្នកនាង ឈួន សុវណ្ណឆៃ បញ្ជាក់ថា អ្នកនាង បានថតចម្រៀងចំនួន៤បទ សម្រាប់អបអរចូលឆ្នាំ បើទោះជាបញ្ហាកូវីត១៩បង្កការភ័យបារម្ភ។ ប៉ុន្តែអ្នកនាងនៅតែសម្រេចចិត្តមិនផលិត២បទទៀតដែលបានគ្រោងទុកនោះដដែល ដោយសារតែក្រុមការងារ ក៏មិនចង់ប្រថុយប្រថាននឹងជម្ងឺកាចសាហាវមួយនេះ ស្របគ្នាដែលអ្នកនាងក៏ត្រូវការរក្សាសុវត្ថិភាព។ អ្នកនាងថា ២បទដែលមិនបានផលិតជា MV ដើម្បីបញ្ចេញនោះ សុទ្ធតែជាបទល្អៗ តែដោយសារតែមិនចង់ផលិតក្នុងស្ថានភាពភ័យបារម្ភ។ អ្នកនាងថាបទ”កន្ទ្រឹមបុរាណ” និងបទ”ចង្វាក់ខម” ដែលមិនហ៊ានផលិតសុទ្ធតែជាបទល្អៗ។ អ្នកនាងបន្តថា ២បទដែលបានបញ្ចេញមុននេះ មិនត្រឹមតែមានសិល្បករល្បីៗចូលរួមសម្ដែងប៉ុណ្ណោះទេ តែក៏មានក្មួយស្រីរបស់អ្នកនាង២រូបចូលរួមសម្ដែងផងដែរ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here