MC សាហារ៉ា ទម្លាយរឿងបោះទុនបើកហាងកាហ្វេធំមួយ នៅសៀមរាប

0

មកទល់ពេលនេះ មានការលើកឡើងកាន់តែខ្លាំងថា ហាងកាហ្វេធំមួយដែលមានយីហោ «ឆាវដយ» នៅជិតព្រះអង្គចេកព្រះអង្គចមនៅខេត្តសៀមរាប ដែលត្រូវគេស្គាល់ថាប្រើទុនមិនតិចជាងសែនដុល្លារ គឺជាកម្មសិទ្ធិរបស់ ពិធីករ និងជាតួឯកក្នុងរឿង«ស្នូរជើងអ្នកណា» ដោយមានការចោទប្រកាន់ថានេះប្រេនហាងមួយដែលលោកបានទិញសិទ្ធិពីប្រទេសវៀតណាមផង។ ឆ្លើយតបនឹងការលើកឡើងជាច្រើនជុំវិញរឿងរ៉ាវនេះ លោកបានចេញមុខប្រតិកម្ម។

លោក សាហារ៉ា និយាយថា មកទល់ថ្ងៃនោះ នៅតែមានមិត្តភ័ក្ដ្រក្នុងហ្វេសប៊ុក ច្រើនឡើងយល់ថាលោកបានសម្ងំបោះទុន ឬដាក់ភាគហ៊ុនបើកហាងកាហ្វេធំមួយនៅខេត្តសៀមរាប ដោយសារតែក្នុងថ្ងៃសម្ពោធហាងកាហ្វេ«ឆាវដយ»នៅសៀមរាប លោកគឺជាអ្នកចេញមុខខ្នះខ្នែង ដោយចូលរួមទាំងការរៀបចំ ធ្វើពិធីករ និងជួយចាត់ចែងស្ទើរទាំងស្រុងដើម្បីអោយដំណើរសម្ពោធដំណើរការទៅបានរលូន។

លោកអះអាងថាការយល់ច្រលំថាអាជីវកម្មនោះគឺជារបស់ខ្លួនគឺជារឿងដែលអាចធ្វើអោយម្ចាស់ដើមអន់ចិត្ត ដោយសារតែអាជីវកម្មនោះត្រូវបានគេដឹងថាប្រើទុនដល់រាប់សែនដុល្លារដែលលើសពីសមត្ថភាពរបស់លោក ហើយម្ចាស់ហាងពិតប្រាកដគឺជារបស់លោក ឈិន ឈួង និងអ្នកស្រី សេក ច័ន្ទសុធារិន្ទ ដែលត្រូវជាមិត្តភ័ក្ដ្រស្និទ្ធិស្នាលរបស់លោក តាំងពីនៅរៀនមហាវិទ្យាល័យជាមួយគ្នាឯណោះទេ។

លោកថាបដិសេធថាមិនមានសូម្បីតែភាគហ៊ុនមួយហ៊ុន ប៉ុន្តែហេតុផលដែលលោកខ្នះខ្នែង គឺដោយសារតែលោកចង់ស្វែងយល់ពីមុខរបរបើកហាងកាហ្វេនោះ ពីមិត្តភ័ក្រ្តអោយបានល្អិតល្អន់ និងចង់រួមចំណែកជួយដល់អតីតមិត្តរួមថ្នាក់ផង ទើបលោកចេញមុខខ្នះខ្នែងនៅក្នុងថ្ងៃនោះ ដោយរំពឹងថានឹងទទួលបាននូវបទពិសោធន៍មួយ ដើម្បីងាយស្រួលក្នុងការ ត្រៀមខ្លួន នៅពេលដែលលោកចង់ទិញប្រេនហាងកាហ្វេ ឆាវដយ ក្នុងពេលខាងមុខ។

លោកថាខ្លួនមានចំណូលចិត្តទិញប្រេនបើកហាងកាហ្វេធំៗបែបនេះក្នុងពេលខាងមុខ ខណៈដែលលោកកាន់តែមានចំណូលចិត្តទ្វេរឡើងនៅពេលទៅចូលរួមសម្ពោធហាងឆាវដយ នៅសៀមរាបរបស់មិត្តសម្លាញ់ ហើយបានកត់សម្គាល់ថាអាជីវកម្មរបស់ហាងធំដុំនោះទទួលបានការរីកចំរើនមិនធម្មតា។ មកទល់ម៉ោងនេះ ខ្លួនកាន់តែពេញចិត្តក្នុងការសិក្សាស្វែងយល់ពីប្រេនរបស់ហាងកាហ្វេ ឆាវដយ ដោយសារតែលោកយល់ថាអាជីវកម្មមួយនេះ បើមានទុនធ្វើអាជីវកម្ម គឺពិតជាងាយស្រួលកើបផលចំណេញ ជាពិសេសសម្រាប់អ្នកជ្រើសត្រូវទីតាំង ដូចហាង ឆាវដយ នៅសៀមរាប។

បន្ថែមពីលើការបដិសេធថាហាង ឆាវដយ សៀមរាប មិនមែនជាសកម្មសិទ្ធិ ឬជាភាគហ៊ុនរបស់ខ្លួន លោកក៏បានប្រតិកម្មជុំវិញការលើកឡើងថាយីហោ ហាងនេះ គឺជាប្រេនរបស់វៀតណាមផងដែរ។ លោកថា អ្នកយល់ឃើញនោះ បណ្ដាលមកពីគិតតែមួយជ្រុងត្រង់សូរសៀង របស់ឈ្មោះហាង ដោយមិនបានស្វែងយល់ថានេះជាប្រេននាំចូលមកពីប្រទេសណា។ លោកសាហារ៉ា បន្តថា កាហ្វេ ឆាវដយ គឺជាយីហោល្បីមួយនៅក្នុងប្រទេសថៃ ហើយក្រៅពីនៅប្រទេសថៃ ហាងកាហ្វេយីហោនេះ ក៏បានវត្តមាននៅតាមបណ្ដាប្រទេសផ្សេងៗផងដែរ ដោយនេះគឺជាសាខាទី៥ នៅទើបថ្មោងថ្មីនៅខេត្តសៀមរាប។ លោកថាខ្លួនសំឡឹងឃើញពីការចាប់ផ្ដើមរបស់អាជីវកម្មនេះ តែលោកមិនទាន់ច្បាស់ថាខ្លួនមានលទ្ធភាពបោះទុននោះពេលណានោះទេ ដោយសារតែការទិញប្រេន និងធ្វើហាងអោយត្រូវស្ដង់ដាររបស់ឆាវដយ ក៏ប្រើទុនខ្ពស់ ហើយក៏ត្រូវការពេលវេលាគ្រប់គ្រងពេញលេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here