នៅទីបំផុត តារាសម្ដែង លោក ស៊ិន សុធារិទ្ធិ ដែលត្រូវគេស្គាល់ថាជាម្ចាស់ពានគ្រងឈុតបុរាណ និងជាសមាជិកគ្រួសារតារាកម្ពុជា បានបង្ហាញមុខគូស្នេហ៍ដោយបើកចំហរហើយ។ លោកបានសម្រេចចិត្តបើកចំហរគូស្នេហ៍យ៉ាងធំដុំនៅខេត្តកំពង់ចាម កាលពីថ្ងៃទី២០ មីនា ឆ្នាំ២០២០។ អនាគតភរិយារបស់លោក គឺជាម្ចាស់លក់សំលៀកបំពាក់មួយរូប ដែលលោកបានស្គាល់ និងសិក្សាស្វែងយល់ចិត្តគ្នាមួយរយៈមកហើយ ។
ក្នុងពិធីភ្ជាប់ពាក្យរបស់លោក នៅខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់គូដណ្ដឹងនោះ ក៏មានវត្តមានសិល្បករសិល្បការិនីមួយចំនួនចូលរួមផងដែរ។ លោក ស៊ិន សុធារិទ្ធិ បញ្ជាក់ថា លោកភ្ជាប់ពាក្យក្រោយពីលោក និង គូដណ្ដឹងបានប្រើពេលស្វែងយល់ចិត្តគ្នាមួយរយៈធំ។ យ៉ាងណាមិញ លោក មិនទាន់កំណត់ពេលមង្គលការនៅឡើយទេ ដោយសារតែក្នុងរយៈពេលនេះ ស្ថានភាពភ័យបារម្ភនៃជំងឺកូវីតក៏មិនទាន់ស្ងប់ ហើយលោក និង អនាគតភរិយា ក៏ចង់ទុកពេលរកលុយ។ លោកថា ភរិយារបស់លោកគឺជាអាជីវករ ហើយអ្នកនាង មិនបានហាមប្រាមមិនអោយលោកបន្តសិល្បៈនោះទេ ទើបលោកនៅតែទទួលសម្ដែង បើទោះជាមានគូស្នេហ៍៕


















