ពៅ ពិសិដ្ឋ មិនធម្មតា ចូលហង្សមាស

0

តារាសម្ដែង ពៅ ពិសិដ្ឋ កំពុងក្លាយជាសមាជិកចំណូលថ្មីរបស់ហង្សមាសគួរអោយសរសើរ ដែលគ្រាន់តែមានប្រវត្តិជាតារាសម្ដែង និង ដើរម៉ូដ ហើយមិនមានប្រវត្តិជាពិធីករអាជីពនៅតាមបណ្ដាទូរទស្សន៍ផ្សេងៗ ដូចលោក ញ៉ែម សុគន្ធ និង ថន លក្ខិណា ដែលល្បីខ្ទរខ្ទារជាអ្នកកាមេក្រូមុនចូលហង្សមាស ទើបហង្សមាសជ្រើសមកអោយកាន់កម្មវិធី ហើយអោយចេញមុខច្រើន។ ហក់ចូលហង្សមាសតែជាង2ខែប៉ុណ្ណោះ តែលោកត្រូវបានស្ថាប័នមួយនេះប្រគល់កម្មវិធីបន្តផ្ទាល់រហូតដល់៤យ៉ាងតិចក្នុងមួយសប្ដាហ៍ ដោយកម្មវិធីទាំងនោះ ក៏ចេញមុខសុទ្ធតែជាមួយពិធីករ និង ពិធីការិនីឆ្នើមៗ របស់ហង្សមាស។

កម្មវិធីដែលលោកចេញមុខ សុទ្ធតែជាកម្មវិធីបន្តផ្ទាល់ និងជាកម្មវិធីដែលចាប់ដៃគូជាតារាល្បីៗ ដូចជា អ្នកនាង គង់ សុជាតិ លោក ជា វិបុល អ្នកនាង ច័ន្ទ កែវនិមល លោក សុខ រ៉ាស៊ី កញ្ញា ថន លក្ខិណា លោក នាង វ៉ាងសាន់ និង កញ្ញា ប៉ែន ស្រីពេជ្រ។ វត្តមានរបស់លោកនៅហង្សមាស គឺជាការឈានឡើងថែមមួយកម្រិតទៀត នៅក្នុងអាជីពជាតារាសិល្បៈរូបនេះ បន្ទាប់ពៅបានក្លាយជាតារាឡើងកូដនៅក្នុងអាជីពជាតារាសម្ដែង និងដើរម៉ូដែល។ អ្វីដែលគួរអោយកត់សម្គាល់ គឺលោក ពៅ ពិសិដ្ឋ មិនធ្លាប់ធ្វើអោយមហាជនចាប់អារម្មណ៍ថា ពូកែអត្ថាធិប្បាយនោះទេ ប៉ុន្តែនៅពេលឡើងឆាកបន្តផ្ទាល់ នៅពេលកាន់ក្បាលមេក្រូ ប៉ះជាពិធីករ ពិធីការិនីឆ្នើមៗ លោកបែរជានិយាយបានល្អ ហើយទាក់ទាញ។ ទេពកោសល្យរស់រវើក ព្រមជាមួយនឹងរូបរាងដ៏សង្ហារផង កាន់តែធ្វើអោយ លោក ពៅ ពិសិដ្ឋ លេចធ្លោ ក្នុងរយៈពេលចុងក្រោយ នៅហង្សមាស។

ប្រភពពីទូរទស្សន៍ហង្សមាស បញ្ជាក់ថា លោកពៅ ពិសិដ្ឋ ត្រូវបានថ្នាក់ដឹកនាំ និងម្ចាស់ស្ពុនស័រ ពេញចិត្តទេពកោសល្យ ក្នុងការអត្ថាធិប្បាយកម្មវិធីដែលលោកចេញមុខកន្លងមកយ៉ាងខ្លាំង ដោយហង្សមាសនឹងគ្រោងផ្ដល់កម្មវិធីអោយលោកចេញមុខ កាន់តែច្រើនទៀតនោះផង។ អ៊ីចឹងហើយទើបតារារូបនេះ កាន់តែមានការកោតសរសើរថា ពិតជាជោគជ័យមិនគួរជឿក្នុងឆ្នាំ២០២០នេះ ដោយសារតែក្នុងការសម្ដែង គឺបានឡើងតំណែងជាតួឯក ដោយរកតែកម្លាំងទទួលការងារមិនបានហើយ ស្រាប់តែមកលេចធ្លោក្នុងអាជីពថ្មី គឺពិធីកររបស់ហង្សមាសបែបនេះទៀត។ យ៉ាងណាមិញ លោក ពៅ ពិសិដ្ឋ ធ្លាប់បានប្រកាសថា លោកមិនចោលការសម្ដែង និង ដើរម៉ូដនោះទេ បើទោះជាលោកជោគជ័យខ្លាំងក្នុងអាជីពថ្មីនៅហង្សមាស។ លោកក៏ត្រូវបានគេបង្ហើបថា នឹងមានឱកាសសម្ដែងជាតួឯកក្នុងរឿងភាគថ្មីរបស់ហង្សមាសផងដែរ បន្ទាប់ពីចូលកាន់តំណែងជាពិធីករហង្សមាសបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here