មកដឹងពីមូលហេតុ ឆាលី ផាវ៉ាត់ បណ្ដើរតារាស្រីវ័យក្មេងមួយរូប ស្ទើរគ្រប់កម្មវិធីចុងក្រោយ

0

មួយរយៈចុងក្រោយ តារាសម្តែងលោក ឆាលី ផាវ៉ាត់ ត្រូវគេកត់សម្គាល់ថាចាប់ដៃគូយ៉ាងស្អិតរមួយជាមួយតារាស្រីវ័យក្មេង មួយរូប ដែលមិនសូវមានស្នាដៃក្នុងសិល្បៈ។ មនុស្សជាច្រើនប៉ាន់ស្មានថា នេះជាគូស្នេហ៍ថ្មីរបស់លោក បន្ទាន់ពីគេឃើញលោកទើបបង្ហោះសារបែកបាក់ស្នេហាក្ដៅ ខណៈដែលលោកចេញមុខបដិសេធ។

លោក ឆាលី ផាវ៉ាត់ និយាយថា នារីដែលលោកបណ្ដើរទៅណាមកណាស្ទើរតែគ្រប់សកម្មភាពក្នុងប៉ុន្មានកម្មវិធីចុងក្រោយ មិនមែនជាគូស្នេហ៍នោះទេ គឺនាងគ្រាន់តែជាតារាចំណូលថ្មី ដែលចង់ប្រឡូកការសម្ដែង ហើយស្នើអោយលោកជួយណែនាំផ្លូវប៉ុណ្ណោះ។ លោកថាខ្លួនជួយសិល្បករសិល្បការិនីច្រើននាក់មកហើយ តាមរយៈការបណ្ដើរ ឬ ណែនាំអោយស្គាល់ផលិតករផ្សេងៗ ដើម្បីអោយមានឱកាសចូលសិល្បៈ ដោយសារតែចង់ជំរុញ និងលើកទឹកចិត្តអ្នកស្រលាញ់សិល្បៈកុំអោយពិបាកដូចលោកចូលប្រលូកដំបូង។ ជាក់ស្ដែង ហេតុផលដែលលោកចំណាយពេលចាប់ដៃជាមួយ តារាស្រី កញ្ញា រចនា វត្តី គឺដោយសារតែនាង ក៏មានរូបសម្រស់ស្រស់សោភា ហើយគិតថា បើចូលប្រលូកក្នុងអាជីពសម្ដែង គឺឆាប់មានអ្នកចាប់អារម្មណ៍។ លោកថាខ្លួនទើបតែជួយអោយនាង បានចូលជាសមាជិកពេញសិទ្ធិរបស់គ្រួសារតារាកម្ពុជា និងបានចូលរួមក្នុងសកម្មភាពជាច្រើន ដើម្បីអោយគេឆាប់ស្គាល់។

មកទល់ពេលនេះ លោក ឆាលី ផាវ៉ាត់ និង កញ្ញា រចនា វត្តី គ្រាន់តែជាក្រុមការងារ និងជាមិត្តភក្តិនៅក្នុងសិល្បៈប៉ុណ្ណោះ ប៉ុន្តែលោកថាសម្រាប់ថ្ងៃក្រោយ ប្រសិនបើនាងក៏គ្មានអ្នកជំពាក់ជំពិន ហើយទំនាក់ទំនាក់ទំនងមានការប្រែប្រួល ក៏វាជារឿងមួយផ្សេង។ លោកថាខ្លួនមានប្រវត្តិដឹកដៃជួយតារាថ្មីៗអោយបានប្រលូកក្នុងសិល្បៈច្រើន តែលោកមិនតូចចិត្តទេ នៅពេលសិល្បករទាំងនោះ បានចូលសិល្បៈបន្តិចបន្តួច ក៏ឈប់រាប់អានលោក និង បកក្បាលខាំលោកជាដើម។ លោកថាតារាណាល្អនឹងជួយអ្នកហ្នឹង ហើយតារាណាប្រែប្រួលមានតែជូនពរអោយគេបានល្បីបែបហ្នឹងទៅ ទើបមិនសូវមានរឿងឈឺក្បាល។ លោកក៏បដិសេធថាមិនទាន់ដឹងប្រវត្តិស៊ីជម្រៅ ពីកញ្ញា រចនា វត្តី នោះទេ ទើបលោកមិនហ៊ានប្រកាសថា ទំនាក់ទំនងទាំងមូល តើអាចក្លាយជាស្នេហា បាន ឬ មិនបាន។