គ្រួសារតារាកម្ពុជា ទទូចអោយចូលរួមបំផុសសិល្បៈបុរាណ ក្នុងស្រទាប់មហាជន

0

ក្នុងឱកាសដឹកនាំតារាសិល្បៈ ចូលរួមក្នុងទិវារវប្បធម៌ជាតិលើកទី២២ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២០ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏ដូចជាសមាជិកភាគច្រើន បានទទូចអោយមានការបំផុសពីទម្រង់សិល្បៈវប្បធម៌បុរាណរបស់ខ្មែរអោយបានច្រើន ក្នុងស្រទាប់មហាជន ជាពិសេសគឺការបង្ហាញអត្តសញ្ញាណនូវវប្បធម៌របស់ខ្លួននៅគ្រប់សកម្មភាព ដើម្បីបង្ហាញពីការលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា ធៀបនឹងរយៈពេលមុន យុវវ័យ ពោលគឺមហាជនច្រើនឡើងមកហើយ ដែលចាប់អារម្មណ៍លើកស្ទួយសិល្បៈវប្បធម៌បុរាណខ្មែរ តាមរយៈការសហការគ្នាគ្រងឈុតបែបបុរាណក្នុងកម្មវិធីធំៗ ដោយស្លៀកចងក្បិន ឬ គ្រងឈុតក្នុងសម័យកាលណាមួយ នៅក្នុងកម្មវិធីជប់លៀង ឡើងផ្ទះ និងមង្គលការជាដើម ដើម្បីបង្ហាញអោយអន្តរជាតិ និងក្មេងជំនាន់ក្រោយ មើលឃើញថាអត្តសញ្ញាណរបស់ដូនតាខ្មែរមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងផ្នត់គំនិតមហាជនសម័យទំនើប។ ក្នុងនោះ របាំបុរាណ ល្ខោនបាសាក់ និង ល្ខោនខោលជាដើម ក៏ត្រូវគេលើកស្ទួយជាថ្មី ក្នុងកម្មវិធីសម្ពោធធំៗផងដែរ ដែលនេះគឺជាអ្វី ដែលលោក និង សមាជិកគ្រួសារតារាកម្ពុជាភាគច្រើនចង់បាន។ លោកថា គ្រួសារតារាកម្ពុជា គឺបណ្ដាំអ្នកសិល្បៈរាប់ទាំងតារាល្បីៗ និងតារាថ្មី ដើម្បីរួមគ្នាធ្វើសកម្មភាពដែលមានតម្លៃវប្បធម៌ ជាពិសេសបំផុសអោយមហាជនចេះស្រលាញ់សិល្បៈបុរាណ តាមរយៈដែលគ្រួសារតារាកម្ពុជា បានរៀបចំកម្មវិធីគ្រងឈុតបុរាណ និង ប្រកួតឈុតបុរាណជារឿយៗរៀងរាល់មួយឆ្នាំម្ដង នាពេលកន្លងមក។ លោកថាកម្មវិធីទិវាវប្បធម៍ មានតម្លៃមិនអាចកាត់ថ្លៃបាន ព្រជាការបំផុសអោយមហាជចាប់អារម្មណ៍ និងមើលឃើញថាសិល្បៈបុរាណខ្មែរ មិនថារបាំ យីគេ ល្ខោន ចម្រៀង និងសំលៀកបំពាក់ដែលជាអត្តសញ្ញាណជាតិជាដើម មានជីវិតរស់រវើកជានិរន្ត។

អ្នកនាង លី ម៉ារីណា បញ្ជាក់ថា នេះជាកម្មវិធីថ្នាក់ជាតិមួយ ដែលសិល្បករខ្មែរមកពីគ្រប់ទិសទី មានឱកាសបង្ហាញនូវអត្តសញ្ញាណជាតិ តាមរយៈការបង្ហាញសំលៀកបំពាក់បែបខ្មែរ និងលើកស្ទួយវប្បធម៌ប្រពៃរបស់ខ្មែរ។ អ្នកនាងថា សំលៀកបំពាក់ខ្មែរ មិនត្រឹមតែស្អាតប៉ុណ្ណោះទេ តែក៏ថ្លៃថ្នូរក្នុងស្រទាប់ជាតិ និង អន្តរជាតិផងដែរ។

ការចូលរួមរបស់គ្រួសារតារាកម្ពុជា ក្នុងកម្មវិធីវប្បធម៌ជាតិលើកនេះ គឺជាការសហការរួមគ្នា បង្កើតចំណងសាមគ្គី ក៏ដូចជាការ ពង្រីកស្នាដៃនៅក្នុងសង្គមសិល្បៈ លើកស្ទួយដល់វប្បធម៌ជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here