គួរសរសើរ នៅក្មេងសោះ! អ្នកផាត់មុខ Leang Make Up ចេញមុខធ្វើបុណ្យទ្រង់ទ្រាយធំ

0

បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យផាត់មុខ ដោយត្រូវគេកត់សម្គាល់ថាកាន់តែមានឈ្មោះផាត់មុខក្នុងកម្មវិធីធំៗ ដោយបានកាន់មុខតារាល្បីៗផងនោះ លោក ម៉េងលាង ដែលត្រូវគេស្គាល់ភាគច្រើនថាឈ្មោះ Leang Make Up ហ៊ានឈរមុខចេញធ្វើបុណ្យចម្រើនព្រះជន្ន និងបច្ច័យបួន ទ្រង់ទ្រាយធំតែម្ដង ដែលខុសពីយុវវ័យក្មេងៗមួយចំនួនមិនហ៊ានធ្វើបុណ្យធំជូនចាស់ទុំនោះ។ អ្វីដែលគួរអោយគួរអោយសរសើរគឺ ពិធីបុណ្យដែលលោកចេញមុខធ្វើនោះ គឺជាពិធីបុណ្យដែលលោកធ្វើជូនលោកយាយខាងម្ដាយនោះទៅទៀត គឺមិនមែនជាបុណ្យចម្រើនព្រះជន្ម និង បុណ្យបច្ច័យបួន ជូនលោកឪពុកអ្នកម្ដាយនោះទេ។

ពិធីបុណ្យចម្រើនព្រះជន្ម និង បច្ច័យបួន ជាទ្រង់ទ្រាយធំនោះ ត្រូវបានធ្វើឡើងជូនលោកយាយរបស់លោក ឈ្មោះ ម៉ក់ ទឿន អាយុ៦៨ឆ្នាំ កាលពីថ្ងៃទី២០  និង ២១ កុម្ភៈ ក្នុងឆ្នាំ២០២០ នៅត្រពាំងខ្នង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយក្រៅពីឈរឈ្មោះធ្វើបុណ្យធំជូនលោកយាយបង្កើតខាងម្ដាយ ដែលត្រូវគេដឹងថាបានចំណាយប្រាក់អស់ច្រើនពាន់ដុល្លារ ក៏មានការចែកទានជូនដល់ចាស់ៗមួយចំនួននៅក្នុងពិធីនោះផងដែរ។

លោក Leang Make Up បានថ្លែងបញ្ជាក់ថា មនុស្សជាច្រើនយល់ថានៅក្មេងមិនគួរចេញមុខធ្វើបុណ្យធំដុំនោះទេ ប៉ុន្តែសម្រាប់លោកគឺលោកពេញចិត្ត ដោយលោកយល់ថា បើក្មេងៗអាចប្ដូរការយល់ឃើញនេះបាន នោះនឹងអាចអោយឪពុកម្ដាយ ឬ ជីដូនជីតា ដែលនៅមានសុខភាពរឹងមាំនៅឡើយ អាចមានឱកាសបានធ្វើបុណ្យធំ មុនពេលទ្រុឌទ្រមនោះផង។ ជាក់ស្ដែង គ្រាន់តែលោកដឹងថា លោកយាយរបស់លោកចង់ធ្វើបុណ្យបច្ច័យបួន ហើយលោកយល់ថា គួរតែធ្វើអោយលោកយាយបានសប្បាយចិត្ត ទាន់លោកយាយនៅរឹងមាំ ក៏សម្រេចចិត្តចេញមុខធ្វើបិណ្យចម្រើនព្រះជន្ម ផ្គួបនឹងបុណ្យបច្ច័យបួន ជូនតែម្ដង។ លោកថាសប្បាយចិត្តដែលលោកនៅក្មេងអាចធ្វើបុណ្យធំជូនយាយបង្កើត ហើយក្នុងពេលខាងមុខនៅពេលលោកសន្សំលុយបានច្រើនពាន់ដុល្លារម្ដងទៀត ក៏នឹងធ្វើបុណ្យបែបនេះជូនលោកឪពុកអ្នកម្ដាយអោយធំដូចគ្នានេះផងដែរ។ លោកកាន់តែសប្បាយចិត្ត នៅពេលចាស់ៗក្នុងភូមិអោយពរ និងសរសើរ មិនដាច់ពីមាត់ ក្រោយពេលលោកឈរមុខធ្វើបុណ្យនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here