ប៊េបី និង រុន ណាកូ ជួបរឿងចម្លែកស្រដៀងគ្នាម្ល៉េះ មុន និង ក្រោយ ឈ្នះពាន

0

ក្នុងចំណោមអ្នកលើកពានពីការប្រកួតឈុតបុរាណក្នុងព្រឹត្តិការណ៍របស់«គ្រួសារតារាកម្ពុជា»កាលពីថ្ងៃទី៩ កក្កដា ដែលមានរដ្ឋមន្ត្រីក្រសួងព័ត៌មានធ្វើជាគណអធិបតីទាំងអស់ គេកត់សម្គាល់ថាតារាវ័យក្មេង២រូប គឺកញ្ញា ប៊េប៊ី និង លោក រុន ណាកូ គឺជាម្ចាស់ជ័យលាភីដែលទទួលបានការចាប់អារម្មណ៍គួរអោយកត់សម្គាល់ ដោយសារតែអ្នកទាំងពីរសុទ្ធតែបានគ្រងឈុតដែលបានច្នៃថ្មីរបស់ព្រះមហាក្ស័ត្រ និងព្រះ​ក្សត្រីល្បីឈ្មោះ​ក្នុងសម័យ​រុងរឿងរបស់​កម្ពុជា​ដូចគ្នា​ ហើយ​ទទួលបានពានជាតារាលេចធ្លោប្រចាំឆ្នាំពីកម្មវិធីដូចគ្នា។ ចំណុចស្រដៀងគ្នាទៅទៀត គឺអ្នកទាំងពីរ សុទ្ធតែបាន​ជួបហេតុភេទចម្លែកស្រដៀងគ្នាមុន និងក្រោយលើកពាន​​ដូចគ្នា រហូតដល់ថ្នាក់ធ្វើអោយអ្នកទាំងពីរញញើតនឹងគ្រងឈុតបុរាណបែបនេះ​សម្រាប់លើកក្រោយ។


លោក រុន ណាកូ និយាយថា មុនគ្រងឈុតព្រះបាទសុរិយវរ្ម័នទី២ ដែលស្រាវជ្រាវ និងច្នៃដោយ​​​លោក នូ សុផេន ដើម្បីចូលប្រកួត លោកដឹងច្បាស់ណាស់ថាមិនអាចធ្វើរឿងផ្ដេសផ្ដាស់សូម្បីតែមាត់ប៉ប៉ាច់ប៉ប៉ោចមិនល្អនោះទេ ដើម្បីកុំអោយបារមីរបស់ម្ចាស់ឈុតប្រកែប្រកាន់។ លោកកាន់តែប្រយ័ត្នទៅទៀតក្នុងឥរិយាបទអង្គុយនៅនឹងតុ ទាំង​ការនិយាយលេងសើច ឬផឹកជល់កែវជាដើម​។ ប៉ុន្តែដោយសារតែអ្នកសិល្បៈជល់អោយហូបស្រាខ្លាំងពេក លោកក៏ដាក់មួយក្អឹកក្នុងពេលអង្គុយរង់ចាំការបង្ហាញខ្លួនជាលើកទី២មុនការប្រកាសលទ្ធផល ក៏មានអាការៈរឹតរួតក្បាលដូចត្រូវគេរឹតក្បាលឡើងណែនតែម្ដង ខណៈដែលមកុដដែលលោកបានពាក់គឺរលុង និងត្រូវដាក់កន្សែងនៅខាងក្នុងសោះដើម្បីអោយអាចពាក់កើត។ លោកថាស្ថានភាពបានធ្វើអោយលោកសម្រេចចិត្តដោះមកុដមួយសន្ទុះ ហើយមានគំនិតចង់ឈប់បន្ត​ការប្រកួត ប៉ុន្តែស្ថានការណ៍កាន់តែរឹតរួតក្បាល មិនខុសពី​មានអ្វី​មក​​​ចង់ច្របាច់​​លលាដ៍របស់លោកបំបែកនោះទេ ​​​​ស្របគ្នាដែល​ក្នុងខ្លួនវិញ ក៏មាន​សភាពដកដង្ហើមលែងចង់ដល់គ្នា ដូច​មានអ្នកមកច្របាច់បំពង់ខ្យល់។ យ៉ាងណាមិញ ក្រោយពេលលោកដឹងថាទំនងជាខុសតំណម ហើយបួងសួងសុំអោយម្ចាស់ឈុតមកជួយ និងសុំអោយម្ចាស់ឈុតកុំប្រកាន់ ស្រាប់តែមួយសន្ទុះក្រោយមកក៏ដូចជាត្រូវគេ​ដកពិសចោល ដោយ​ធ្វើអោយលោកស្រួលខ្លួនដូចដើម​​ ហើយអាច​បន្តការប្រកួតក្នុងវគ្គទី២។ លោកថាខ្លួនមិនមែនជាមនុស្សអបិយជំនឿទេ ប៉ុន្តែក្រោយជួបហេតុការណ៍ចម្លែកនេះ​​ ធ្វើអោយ​លោក​ភ្លឺភ្នែកតែម្ដង ថាឈុតបុរាណរបស់ព្រះមហាក្សត្រខ្មែរ​កាលពីសម័យ​អតីត​កាល​ បើទោះជា​បាន​បង្កើតថ្មី ក៏មានបារមី​​តាមថែ។

លោកកាន់តែមានរឿងព្រឺខ្លួនទៅទៀតនៅពេលគណកម្មការប្រកាសថា លោកបានទទួលពាន«តារាលេចធ្លោប្រចាំឆ្នាំផ្នែកគ្រងឈុតបុរាណស័ក្ដសម»ស្រាប់តែមានអារម្មណ៍ថាដូចជាមានវិញ្ញាណអ្វីម្យ៉ាងនៅក្បែរៗលោក ដែលលោកយល់ថាប្រហែលជាម្ចាស់ឈុតមកអបអរឈុតដែលខ្លួនបានឈ្នះ ប៉ុន្តែសម្រាប់លោក គឺបះរោមដល់ថ្នាក់មកដល់ផ្ទះហើយ ក៏នៅតែព្រឺៗដេកមិនលក់។

ងាកទៅកញ្ញា ប៊េប៊ី វិញ កញ្ញា និយាយមិនខុសគ្នាថា ក្នុងពេលសែនព្រេន មុនពេលគ្រងឈុត«ព្រះនាងឥន្ទ្រទេវី» អ្នកច្នៃម៉ូដអោយ​​ ក៏បានប្រាប់មិននាងនិយាយអ្វីផ្ដេសផ្ដាស់ ឬមាន​ឥរិយាបទ​​​​មិនសមរម្យ សូម្បីតែ​​​​ដំណើរ​នោះដែរ ប៉ុន្តែដោយសារតែនាងអង្គុយរង់ចាំការប្រកួតយូរពេក ហើយគ្រាន់តែនិយាយថា ធុញ និង ពិបាកអង្គុយហាស ស្រាប់តែដូចមានស្អីមកធ្វើបាបនាងតែម្ដង ដោយមកុដចាប់​ផ្ដើមធ្ងន់ៗទៅៗដូចមាន​ទម្ងន់១០០គីឡូបន្ថែមពីលើ​ ក្នុង​ពេលដែល​សំលៀកបំពាក់នោះទៀតសោត គឺជា​សាច់ក្រណាត់​​សោះ​ក៏តឹងទៅៗ ដល់ថ្នាក់​ដកដង្ហើមមិនចង់រួច។

នាងថាអោយ​តែថ្ងូរ​ថា​​ពិបាក​គឺ​កាន់តែធ្វើ​ទុក្ខ ហើយគ្រាន់តែនាងនិយាយថាឈប់ប្រកួតហើយព្រោះទ្រាំលែងបាន ក៏រឹតតែដកដង្ហើម​​​លែងចង់កើត ​និង​​​​​ធ្ងន់​​ក្បាល​ដូច​​​​​​​​ទូល​​ដុំថ្ម។ អ្វីដែលជាអច្ឆរិយៈ គឺនាងគ្រាន់តែ​​​បិទភ្នែកហើយបួងសួងថា បើឈុតដែលនាងគ្រងនេះ ពិតជាមានបារមីព្រះនាងឥន្ទ្រទេវី មកឃុំគ្រងមែន សូម្បីអោយព្រះនាងឈប់ប្រកាន់ ហើយជួយអោយនាងមានកម្លាំងមានកំហែងឡើងវិញ ដើម្បីបានបន្តការប្រកួតដណ្ដើមយក​មុខមាត់ថ្វាយព្រះនាង ស្រាប់តែសភាពធ្វើទុក្ខ​​​​បាត់ដូចគេបេះ ធ្វើអោយនាងនឹកហើយគឺ​មិនជឿមិនបាន។

នាងថារឿងមួយដែលនាងព្រឺក្បាលមិនទាន់បាត់ គឺគ្រាន់តែនាងត្រូវបានប្រកាសថាឈ្នះពាន«តារាលេចធ្លោប្រចាំឆ្នាំផ្នែកគ្រងឈុតកម្រក្នុងសម័យបុរាណបានស័ក្ដសម» ហាក់ដូចជា​ឃើញព្រះនាងឥន្ទ្រទេវី រំលេចខ្លួនមួយភាំង ធ្វើអោយនាងស្រឡាំងកាំងតែម្ដង ខណៈដែលនាងប្រាប់ថានៅពេលជួបហេតុការណ៍នោះហើយ គឺពិតជា​រអារ​នឹង​ការគ្រងឈុតបុរាណបែបនេះ​លើកក្រោយ៕