មាស សៀវប៉ាយ អស់ជំនួយកណ្ដាលទី នៅវៀតណាម

0

គិតត្រឹមយប់ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២០ ការព្យាបាលជំងឺឈាមកកក្នុងលលាដ៍ក្បាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ចេញពីរត់តុក្នុងក្លិប របស់លោក មាស សៀវប៉ាយ ចំណាយអស់ជាង៤ពាន់ដុល្លារហើយ ខណៈដែលគ្រួសារអ្នកជំងឺកំពុងភ័យបារម្ភ ពីកង្វះខាតថវិកាក្នុងការបន្តការព្យាបាល។ យ៉ាងណាមិញស្ថានភាពជំងឺរបស់លោក សៀវប៉ាវកាន់តែប្រសើរហើយ បើធៀបនឹងមុនពេលមិនទាន់បញ្ជូនទៅកាន់មន្ទីរពេទ្យេជោរីនៅវៀតណាម។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាអ្នកដុតដៃដុតជើងក្នុងការរ៉ៃអង្គាសថវិកាតាំងពីតារាសម្ដែងរូបនេះជួបគ្រោះថ្នាក់ចរាចរភ្លាមៗ បញ្ជាក់ថា ក្នុងពេលទៅដល់មន្ទីរពេទ្យវៀតណាម មន្ទីរពេទ្យមួយនេះ បានតម្រូវអោយបង់ថវិកាជំហានដំបូងគិតជាដុល្លារជា៦០០ដុល្លារ ដើម្បីស្កេន និងព្យាបាលផ្សេងៗ។ ដោយឡែកកាលពីថ្ងៃទី១៥ កុម្ភៈ មុននេះ ខាងមន្ទីរពេទ្យបានតម្រូវអោយបង់៥០លានដុងស្មើនឹងជាង២០០០ដុល្លារទៀត តែមិនបានពន្យល់ថាដើម្បីធ្វើការវះកាត់ ឬ ព្យាបាលបន្តបែបណានោះទេ។ លោកថាតាមការឆ្លងឆ្លើយជាមួយគ្រួសាររបស់ជនរងគ្រោះថ្នាក់ គឺស្ថានភាពជំងឺប្រសើរហើយ ដោយអ្នកជំងឺបើកភ្នែក កំរើកដៃជើងបានតិចតួចញាំអាហារតាមច្រមុះបាន តែមិនទាន់ដឹងថានឹងត្រូវចំណាយប៉ុន្មានទៀតទើបអ្នកជំងឺនឹងជាសះស្បើយនោះទេ។ លោក ផាត់ តារារដ្ឋ បញ្ជាក់ថាគ្រួសារលោក មាស សៀវប៉ាយ សុទ្ធតែខ្លួនទីពឹងខ្លួន ម្ដាយស្លាប់ ឪពុកពិកាទើបដើរបានតិចៗ ហើយបងៗក៏ជាកម្មកររោងចក្រ និងធ្វើការបានប្រាក់ខែតិចៗមិនចង់រស់។

គួរបញ្ជាក់ផងដែរ ក្រោយគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរផ្នែកក្បាលដល់ថ្នាក់សន្លប់ស្ដូកស្ដឹង គ្រួសារតារាកម្ពុជាបានប្រកូកប្រកាសរកជំនួយជួយលោក មាស សៀវប៉ាយ ខណៈដែលលោកកំពុងត្រូវការការព្យាបាល។ សរុបទាំងជំនួយក្រោមការរ៉ៃអង្គាសរបស់គ្រួសារតារាកម្ពុជា និងតាមរយៈក្លិបQK ដែលលោកធ្វើការ លោក មាស សៀវប៉ាយ ទទួលបានជំនួយសរុបជាង៤០០០ដុល្លារ ដោយជំនួយនេះត្រូវអស់ប្រមាណ១ពាន់ដុល្លារនៅពេទ្យខ្មែរ និងអស់ប្រមាណជាង៣០០០ដុល្លារហើយនៅពេទ្យវៀតណាម ក្មុងពេលដែលលុយបម្រុងគឺមិនមាន ដោយសង្ឃឹមលើតែក្ដីអាណិតពីសប្បុរសជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here