កាលពីព្រឹកថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០ ទូរទស្សន៍ PNN បានប្រកាសក្រុងពាលីចេញថតរឿងថ្មី យ៉ាងអាធឹកអធម ក្រោមការដឹកនាំរបស់អ្នកស្រី ពាន់ភួង បុប្ផា។ អ្វីដែលគេកត់សម្គាល់គឺភាពយន្តមួយរឿងនេះ ចម្រុះសុទ្ធតែតារាល្បីៗ ដែលគ្រាន់តែឃើញសមាសភាពតួ ក៏ចាប់អារម្មណ៍តែម្ដង។
ភាពយន្តដែល អ្នកស្រីពាន់ ភួងបុប្ឋា ប្រមូលផ្តុំតារាថ្មីចាស់ មកសំពះពរជ័យ សុំសេចក្តីសុខ មុនចេញដំណើរការថតនេះ គឺរឿងដែលឆ្លុះបញ្ចាំងពីជីវិតអ្នកមាន។ ភាពយន្តមានចំណងជើងថា«រសជាតិអ្នកមាន» ដោយអ្នកស្រីប្រាប់ថាគឺជាការសន្សំទុនតាក់តែង និងខំសរសេរ ក្នុងពេលផ្អាកពីការថតភាពយន្តរយៈពេល២ឆ្នាំ ពេលទៅនៅអាមេរិក។ អ្នកស្រីសង្ឃឹមថាភាពយន្តនេះ នឹងបណ្តុះគំនិតអោយគ្រួសារនីមួយៗ ខំថែសេចក្តីសុខអោយល្អ នៅក្នុងសង្គម។
អ្នកស្រីពាន់ ភួងបុប្ឋា បានថ្លែងថា រយៈពេល៣០ឆ្នាំដែលអ្នកស្រីបន្តឈលើ សិល្បៈភាពយន្ត ហើយរឿងកសាងបានជាង៣០រឿង។ នេះជារឿងទី៣០ ហើយស្នាដៃនេះទៀតសោត ចង់អប់រំដល់ បុរសទាំងឡាយពេល មានប្រពន្ឋនៅរួមសុខទុក្ខ មិនត្រូវបោះបង់គ្នានោះទេ ក្នុងពេលជីវិតនៅពេលខាងមុខប្រសើរ។ សេចក្តីសុខ មនុស្សមិនស្ថិតតែលើទ្រព្យសម្បត្តិនោះទេ ។ មានទ្រព្យ តែបាត់បង់គ្រួសារបាត់បង់ប្តីប្រពន្ឋ តើមានប្រយោជន៏អ្វី។ សេចក្តីសុខរបស់ មនុស្សពិតប្រាកដគឺ កើតចេញពីគ្រួសារ កូនប្រពន្ឋនាំគ្នាសាង តែបើប្រេះហើយ សួរថាមានប្រយោជន៏អ្វី យកលុយមកដូរសេចក្តីសុខពិតអត់បាននោះទេ។
កញ្ញា ទូច បុប្ឋា តំណាងស្ថានីយ៏ទូរទស្សន៍ភីអិន បានអោយដឹងថារឿងនេះ សហការជាមួយផលិតកម្ម អុិម សុីអិនវី ប្រូដាក់ ដែលសម្រាំងយកគុណភាពជាចម្បង។ ស្នាដៃចំណាយវិនិយោគក្នុងទឹកប្រាក់ប្រមាណ៣០មុឺនដុល្លារ។ យើងចង់អោយរឿងមួយនេះរស់រវើក ទាំងតួសម្តែង ទាំងបច្ចេកទេស សម្លៀកបំពាក់បានរៀបចំយ៉ាងល្អិតល្អន់។ រឿងផលិតឡើង២ជំនាន់ពីឪពុក រហូតដល់កូន ដែលនិយាយពីសង្គមពិត និងការអប់រំពាក់ព័ន្ឋគម្លាតរវាងអ្នកមាន និងក្រ ក្នុងការរស់នៅ។ តារាចូលរួមសម្តែងមាន លោក ជា សំណាង, កញ្ញា កែវ យ៉ាវិញ កូនស្រីអ្នកនាង កែវ កល្យាណ, កញ្ញា ទឹម រដ្ឋា, កញ្ញា ខាត់ យ៉ាឡាង, កញ្ញា ម៉ូនី វិជ្ឋរ៉ា, លោក បញ្ញា សិទ្ឋិ, លោក អ៊ែត វីន, លោក ហង្ស សម្បើមស័ក្តិ, លោក ជន, កញ្ញា នីតា វរវង្ស, និងតារាផ្សេងៗទៀត។