អំណោយប្រមាណ១ម៉ឺនដុល្លាររបស់បុរី RN VIP ត្រូវបាន ឌីជេ ហេរ៉ូ ប្រកល់ជូនគន្ធបុប្ផា

0

មិនខុសពីការសន្យាដែលធ្លាប់ប្រកាសថានឹងជួយបំពាក់ម៉ាស៊ីនបន្សុទទឹកជាច្រើនគ្រឿងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា លោក វ៉ន វណ្ណៈ ម្ចាស់បុរី RN VIP ពិតបានដំឡើងម៉ាស៊ីបន្សុទ្ធទឹកប្រភេទេនេះរហូតដល់៦គ្រឿង នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាមែន ដោយពិធីប្រគល់ត្រូវបានធ្វើឡើងតាមរយៈ ឌីជេ ហេរ៉ូ និងបុគ្គលិកជាច្រើនរូបរបស់បុរី RN VIP កាលពីរសៀលថ្ងៃទី១៩ កក្កដា។ នៅក្នុងពិធីនោះ ពិធីករលោក ឌីជេ ហេរ៉ូ ដែលជាអ្នកតំណាងមួយរូបរបស់ម្ចាស់បុរី បានអះអាងថាសរុបទាំងទឹកប្រាក់ដែលបានប្រគល់ជូននៅថ្ងៃនោះផង គឺមានចំនួនប្រមាណជា១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

លោកឌីជេ ហេរ៉ូ និយាយថា ក្រោយពីបានបំពាក់ម៉ាស៊ីបន្សុទ្ធទឹកចំនួន៦គ្រឿងជូនដល់មន្ទីរពេទ្យ លោក និងក្រុមការងាររបស់បុរី RN VIP ជាច្រើនរូប ក៏ត្រូវជំនួសមុខអោយលោក វ៉ន វណ្ណៈ ម្ចាស់បុរី ហើយបានធ្វើពិធីប្រគល់ម៉ាស៊ីទាំងនោះជូនមន្ទីរពេទ្យ ដោយក្នុងពិធីនោះ ក៏មានការប្រគល់ទឹកប្រាក់ចំនួន២០លានរៀល និងមានការចែកកែវទឹកដែលអាចរក្សាកំដៅ និងភាពត្រជាក់បាន ប្រមាណជា២០០កែវផង ជូនដល់គ្រួសារអ្នកជំងឺ និងអ្នកជំងឺ។ លោកថាការប្រគល់ថវិកា និងឧបករណ៍បន្សុទ្ធទឹកជូនដល់មន្ទីរពេទ្យនេះ គឺតបតាមការស្នើសុំរបស់មន្ទីរពេទ្យ ក្នុងពេលដែលខាងមន្ទីរពេទ្យ បានអោយម្ចាស់បុរី RN VIP លោក វ៉ន វណ្ណៈ ជាជួយបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាតអោយអ្នកជំងឺ និងក្រុមគ្រូពេទ្យបានទទួលទាន ដើម្បីជាការកាត់បន្ថយការចំណាយលើទឹកសុទ្ធ ដើម្បីអោយបុគ្គលិក និងអ្នកជំងឺមានទឹកស្អាតទទួលទាន។

លោកថាម៉ាស៊ីបន្សុទ្ធទឹកនោះ មិនត្រឹមតែបំលែងទឹកម៉ាស៊ីពីក្បាលរ៉ូម៉ានេ អោយក្លាយជាទឹកបរិសុទ្ធគ្មានមេរោគប៉ុណ្ណោះទេ ប៉ុន្តែទឹកនោះក៏មានគុណប្រយោជន៍សម្រាប់ឆុងទឹកដោះគោបានយ៉ាងដូចទឹកឆ្អិនផងដែរ ដែលលោកបានហៅវត្តមានម៉ាស៊ីន ឬឧបករណ៍ចម្រោះទឹកស្អាតដែលបានបំពាក់នោះថា ជាការបំពេញតម្រូវការយ៉ាងប្រសើរដល់អ្នកជំងឺ ក្នុងការកាត់បន្ថយជំងឺពីការទទួលទានទឹកមិនស្អាត និងពីការចំណាយលុយលើការទិញទឹក។ លោកថាកាលពីលើកទឹក១ បងធម៌របស់លោកដែលជាម្ចាស់បុរី បានបរិច្ចាគថវិកាប្រមាណ៥លានជួយដល់មន្ទីរពេទ្យម្ដងហើយ ហើយមកពីបងធម៌ខ្លួនមើលឃើញពីកង្វះខាតដែលមានការចាំបាច់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ទើបសម្រេចបំពាក់ទាំងម៉ាស៊ីនទឹកស្អាតអោយ និងបន្ថែមទាំងប្រាក់២០លានរៀលទៀត ដោយមិនរាប់បញ្ចូលការចុះចែកលើកែវទឹកអនាម័យជាច្រើនរយកែវ ជូនដល់គ្រួសារអ្នកជំងឺ។

លោកថាពិធីប្រគល់នោះម្ចាស់បុរីទាំងពីរ ជាពិសេសគឺ លោកវ៉ន វណ្ណៈ ត្រូវមកចូលរួមដោយផ្ទាល់ ប៉ុន្តែដោយសារតែលោករវល់ដកឃ្លាមិនរួច ទើបលោកអោយតំណាងបុគ្គលិកដែលជាផ្នែកសំខាន់ៗ និងរូបលោកជាប្អូនធម៌ ជាអ្នកចាត់ចែងជំនួស។ ក្នុងពិធីនោះ លោកក៏បានគៀរគរតារាសិល្បៈមួយចំនួនរួមកញ្ញា ឌួង ហ្សូរីដា និងកញ្ញា ឌួង ហ្សូរីម៉ា អោយមកចូលរួមផងដែរ ដើម្បីរួមគ្នាចែករំលែកអំពើល្អ ដែលជាចំណែកទានរបស់ម្ចាស់បុរី RN VIP ដើម្បីអោយបានគ្នាកុះករ។ លោកឌេជេ ហេរ៉ូ និយាយ លោកមានអារម្មណ៍សប្បាយចិត្តណាស់ ដែលម្ចាស់ជំនួញធំៗច្រើនឡើង កាន់តែងាកមករួមចំណែកជួយសង្គម ជាពិសេសគឺជួយបរិច្ចាគនូវផលចំណេញ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា៕

LEAVE A REPLY

Please enter your comment!
Please enter your name here