Miss Planet International ចូលសម្ដែងការគួរសម លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន

0

កាលពីព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ បវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ2019 កញ្ញា Monique Best បានចូលសម្ដែងការគួរសម និងណេះសំណាលផ្ទាល់ជាមួយនឹង លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន នៅឯភូមិគ្រឹះរបស់លោកជំទាវផ្ទាល់។ ជំនួបនោះបានធ្វើឡើងដោយមានការដឹកនាំពី ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្ន និងលោកស្រី ហាលីមីន អគ្គនាយិកា Miss Planet International លោកជំទាវ ម៉ម ចាន់ចំប៉ា នៅនាយកដ្ឋាននគរបាលការពារបេតិកភ័ណ្ឌក្រសួងមហាផ្ទៃ និង លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារកម្ពុជាជាដើម។

ក្នុងកិច្ចសំណេះសំណាលនេះបានទទួលការស្វាគមយ៉ាងកក់ក្ដៅពីសំណាក់លោកជំទាវ កែគឹមយ៉ាន ដែលជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ។ ក្នុងគោលបំណងផ្សព្វផ្សាយអំពីកម្មវិធី និង អញ្ជើញចូលរួមជាកិត្តយសនៅក្នុងកម្មវិធី « Miss Planet International 2020 » ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងកំឡុងខែឧសភាខាងមុខនេះ។

លោកជំទាវបានមានប្រសាសន៍ថា « ខ្ញុំពិតជាសប្បាយរីករាយ និងទទួលស្វាគមន៍ឱ្យអស់ពីលទ្ធភាព នូវការមកកាន់ប្រទេសកម្ពុជារបស់បវរកញ្ញាភពផែនដីនេះ ។ ពិសេសនោះការមកជួយផ្សព្វផ្សាយវប្បធម៌របស់ប្រទេសខ្មែរឱ្យកាន់តែទូលំទូលាយ ហើយក៏ចង់ឱ្យបវរកញ្ញាយើងទៅទស្សនកិច្ចនៅក្នុងតំបន់ប្រាសាទបន្ទាយឆ្មារផ្ទាល់តែម្ដង ដើម្បីឱ្យបានឃើញសមិទ្ធិផលថ្មីៗដែលកំពុងធ្វើនិងបន្តការអភិវឌ្ឍទៅមុខទៀត។

គួរបញ្ជាក់ផងដែរថាលោកជំទាវក៏ជា នារីឆ្នើមម្នាក់ក្នុងការចូលរួមអភិវឌ្ឍន៍និង លើកស្ទួយផ្នែកវប្បធម៌នៅក្នុងខេត្តបន្ទាយមានជ័យដ៏គួរឱ្យកោតសរសើរ។ លោកបានចូលរួមសកម្មភាពដឹកនាំជួសជុលជញ្ជាំងប្រាសាទបន្ទាយឆ្មារ ហើយផ្សព្វផ្សាយធ្វើឱ្យប្រាសាទមួយនេះក្លាយជាតំបន់ទេសចរណ៍មួយដ៏ល្បីដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here