វង្ស ពិសិដ្ឋ បញ្ចេញវិជ្ជាគុនចាស់ ក្នុងរឿង”គ្រូប៊ីអាយជី”

0

ប្រឡូកការងារជាអ្នកដឹកនាំសម្ដែងអស់ច្រើនឆ្នាំ ផលិតករល្បីឈ្មោះលោក វង្ស ពិសិដ្ឋ បានសម្រេចចិត្តចាប់ដៃជាមួយដៃគូចេញផលិតភាពយន្តដោយខ្លួនឯងតែម្ដង ក្នុងរឿង”គ្រូប៊ីអាយជី”។ នេះជាភាពយន្តខ្នាតធំ ដែលគេមើលឃើញថា គឺជាការបញ្ចេញក្បាច់គុន ដែលលោកធ្លាប់តែផលិតរឿងអោយគេ មកផលិតស្នាដៃជារបស់ខ្លួន ដែលមិនខុសពីការប្រមូលវិជ្ជាគុនបង្អួត និងលើកស្ទួយដល់វិស័យភាពយន្ត។

លោក វង្ស ពិសិដ្ឋ ផលិតករ បានថ្លែងក្នុងវេទិកាសន្និសីទកាសែតកាលពីថ្ងៃទី៦ មករា ឆ្នាំ២០២០ ថា ភាពយន្តរឿង”គ្រូប៊ីអាយជី” គឺជារឿងដែលលោកចំណាយដើមទុនផលិត ក្រោមការចាប់ដៃជាមួយផលិតកម្មជាដៃគូ និង ក្រុមការងារផ្សេងទៀត តាំងពីរង្វង់១ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែមកពីភាពយន្តនេះ សម្រិតសម្រាំងច្រើន ដោយមានប្លង់ខ្លះត្រូវថតឡើងវិញ និងកែកុនបច្ចេកទេសជាច្រើន នៅពេលយល់ថាខ្វះខាត ដើម្បីអោយភាពយន្តនេះមានទាំងស្ដង់ដារពេញលេញ និងឱជារសពេញលេញ។ លោកថាមួយរឿងនេះ លោកប្រាកដចិត្តខ្ពស់ទាំងគុណភាពរឿងទាំងប្លង់ ទាំងសំលេង ដែលលោកធានាថាគឺមានស្ដង់ដាប្រជាប្រជែងគ្រប់គ្រាន់។ ក្នុងនោះវត្តមានប្រមូលផ្ដុំគ្នាសុទ្ធតែតារាល្បីៗរួមមាន អ្នកនាង សុខ សោម៉ាវត្តី លោក ជា សុវណ្ណនរាហ៍ នាយក្រិន និង លោក ប៊ីអាយជី ជាដើម ព្រមជាមួយនឹងការរំលេចឈុតភ័យរន្ធត់ សើចហៀរទឹកភ្នែក និងមនោសញ្ចេតនាស្នេហាក្នុងផ្ទៃរឿងតែមួយ ក៏ជាទំនុកចិត្តសម្រាប់ការទាក់ទាញអ្នកគាំទ្រ។ ដ្បិតថានេះជាភាពយន្តថ្មី ដែលជាស្នាដៃរបស់ខ្លួន ប៉ុន្តែមិនមែនជាការបញ្ចេញថ្មីដៃលើកដំបូងនោះទេ ដោយសារតែនៅក្នុងវិស័យភាពយន្តលោកបានផលិតរឿងអោយទូរទស្សន៍ និង ផលិតកម្មមួយចំនួនរាប់មិនអស់។

លោក ម៉ារ៉ា ប៊ុណ្ណា ដែលជាដៃគូសហការ និងជាតារាចម្រៀងមួយរូបផង បញ្ជាក់ថា ភាពយន្តមួយនេះ នឹងកំណត់ដាក់បញ្ចាំងគ្រប់រោងនៅថ្ងៃ៩ មករា ឆ្នាំ២០២០ ដោយថវិកាចំណេញពីការលក់សំបុត្រ២០ភាគរយ នឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និង ជូនមូលនិធិចាស់ជរា របស់សមាគមលោក ហេង ឡុង ។ ការសម្រេចចិត្តរបស់ក្រុមការងារទាំងមូលនោះ គឺដោយសារតែលោកវង្ស ពិសិដ្ឋ ដែលជាអ្នកទទួលខុសត្រូវធំជាងគេ ចង់អោយស្នាដៃដែលប្រឹងផលិតបាន គឺជារឿងរបស់មហាជនទាំងមូល ដែលមានន័យថា តម្លៃសំបុត្ររបស់មហាជន នឹងក្លាយជាប្រយោជន៍របស់សង្គម២០ភាគរយ។ លោកក៏ទទូចអោយចូលរួមគាំទ្រភាពយន្តខ្មែរមួយនេះអោយបានច្រើនផងដែរ ដើម្បីលើកទឹកចិត្តផលិតករ និង បានរួមចំណែកជួយសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here