អតីតក្មេងកំព្រាលក់នំតាមរបងសាលា ក្លាយជាគ្រូបង្ហាត់ជំនាញប៉ាក់ផ្លុំចិញ្ចើមឡើងល្បី

0

ជាអ្នកប៉ាក់ចិញ្ចើមអាជីព លោក យូ ឌីម៉ង់ បានបង្ហើបថា ទម្រាំបានក្លាយខ្លួនជាមនុស្សមានស្នាដៃ ដែលអតិថិជនទទួលស្គាល់ លោកបានតស៊ូ មិនចាញ់ខ្សែភាពយន្តប៉ុន្មានទេ។ មុនពេលឈានជើងដល់ចំណុចមួយនេះ លោកធ្លាប់ជាក្មេងកំព្រា លក់នំតាមសាលារៀនតស៊ូជំនះឧបសគ្គ ខណៈដែលត្រឹមវ័យ៧ឆ្នាំ ត្រូវបានឳពុកម្តាយស្លាប់ចោល។

លោក ឌីម៉ង់ បន្តថាទោះស្ថិតក្នុងស្ថានភាពនេះ តែលោកមិនបានបោះបង់ការសិក្សាទេ ពោលគឺលក់នំនៅតាមរបងសាលាបណ្តើរតស៊ូរៀនបណ្តើរហូតបានដល់បរិញ្ញាប័ត្រឆ្នាំទី២។ ដោយមើលឃើញពីភាពមិនរីកចម្រើន នូវមុខវិជ្ជារបស់ខ្លួនដែលបានចាប់យក លោកក៏បានផ្លាស់ប្តូរគំនិតមកធ្វើជាអ្នកផាត់មុខ អ៊ុតសក់ ដោយសារតែលោកមានបងស្រីធំ ជាអ្នករៀនជំនាញមួយនេះ។ ដូច្នេះហើយវាជាដើមចមដែលបានបង្ហាញផ្លូវអោយ លោកចូលមកអាជីពជាអ្នកផាត់មុខក្នុងហាងតំបូងដែលជាកម្លាំងញើសឈាមរបស់បងស្រី និងលោក។

ដោយសារតែមើលឃើញនារីសម័យថ្មីពេញនិយមនិងការផ្លុំប៉ាក់ចិញ្ចើម លោកក៏បានស្វះស្វែងរកថវិកាបន្ថែម ដើម្បីមានទុកកាន់តែច្រើនទៅសិក្សាជំនាញនៅប្រទេសថៃជាមួយនិងគ្រូជំនាញផ្នែកប៉ាក់ផ្លុំ ចិញ្ចើម បបូរមាត់ ពីលោកគ្រូ ដែលល្បីឈ្មោះនៅថៃឈ្មោះលោកគ្រូ ថូនី ក្នុងជំនាន់ដែលលោកបានទៅរៀននោះ។ បន្ទាប់មក លោកក៏បានចូលរួមរៀនវគ្គចិញ្ចើមនេះ ជាមួយគ្រូជនជាតិអាល្លឺម៉ង់ និងមាន អ្នកនាង គង់ សុជាតិ ដែលជាសិស្សរួមជំនាន់គ្នា ជាមួយផងដែរ។

ដោយសារតែមានជំនាញច្បាស់លាស់ និងមានសញ្ញាប័ត្រពីក្រៅប្រទេស បានធ្វើអោយ លោក ឌីម៉ង់ មានអតិថិជនកាន់តែច្រើនឡើងៗ ដូច្នេះហើយទើបលោកចង់ចែករំលែក បទពិសោធន៍ និងជំនាញពិតប្រាកដ ដល់អ្នកដែលមានបំណងចង់រៀនផ្នែកជំនាញផ្លុំប៉ាក់ចិញ្ចើម បបូរមាត់ អាចទាក់ទងមកលោកបានព្រោះលោកចង់ចែករំលែកចំណេះដឹងផ្នែកជំនាញនេះដោយគិតតម្លៃសមរម្យប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here