គង់ វិសាល ឈរជើងរឹងមាំទាំងស្នេហា និង ការងារ

0

ក្នុងចំណោមអ្នករៀបចំកម្មវិធីដែលមានកេរ្តិ៍ឈ្មោះបោះសំលេង គេនៅតែមើលឃើញថា លោក គង់ វិសាល គឺជាអ្នកផលិតកម្មវិធីទូរទស្សន៏មួយរូប ដែលអាចឈរជើងរឹងមាំ។ មិនត្រឹមតែមានកម្មវិធីថ្មីៗនៅក្នុងទូរទស្សន៍បាយ័ន ដែលជាស្ថាប័នល្បីខុសពីផលិតករខ្លះ ដែលចាប់ផ្ដើមបាត់បង់កម្មវិធីល្អៗម្ដងបន្តិចៗប៉ុណ្ណោះទេ លោកក៏ជោគជ័យណាស់ដែរ នៅក្នុងជីវិតស្នេហា។

មិនតិចជាង២១ឆ្នាំឡើយ ដែលលោកបានប្រែក្លាយខ្លួនពីជំនួយការកម្មវិធីលោក ហ្វៃ សំអាង ក្លាយជាអ្នកគ្រប់គ្រង និងផលិតកម្មវិធីយ៉ាងជោគជ័យនៅប៉ុស្តិ៍បាយ័ន។ លោកត្រូវគេមើលឃើញថា នៅមានកម្មវិធីធំៗក្នុងដៃនៅបាយ័ន ខណៈដែលផលិតករដែលបោះជំហានមុនលោក និងល្បីស្រករលោក ចាប់ផ្ដើមបិទចោលកម្មវិធីដែលធ្លាប់លើកមុខលើកមាត់បណ្ដើរៗ។ ក្រៅពីល្បីក្នុងការរៀបចំកម្មវិធីតន្ត្រី កម្មវិធីសំណើច និងកម្មវិធីហ្គេមរួមមានកម្មវិធី “ផ្ទះសំណើច” និង “មេក្រូដោះបំណុល” របស់លោកក៏ល្បីមិនណយដែរ ពោលគឺស័ក្តសមនឹងពានអាណាចក្រតារាកាលពីឆ្នាំ២០១២ ដែលធ្លាប់ប្រគល់ពានអោយលោក ជាផលិតករដែលលេចធ្លោ និងមានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការផលិតកម្មវិធី។ អ៊ីចឹងហើយលោកទើបមានមុខបង្កើតកម្មវិធីថ្មីជាហូរហែរ ក្នុងចំណោមផលិតករដែលមានឥទ្ធិពលក្នុងស្រុក។ លោកក៏ជោគជ័យណាស់ដែរ ក្នុងអាជីពរៀបចំការប្រគំតន្ត្រីធំៗក្រៅឆាក ដែលជួយអោយលោកក្ដោបចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ បន្ថែមពីលើតួនាទីជាមន្ត្រី PM ដែលលោកម្របង្ហាញ។ លោកត្រូវគេឃើញប្រើរថយន្ត Range Rover ស៊េរីទំនើបតម្លៃជាង១២ម៉ឺនដុល្លារ យ៉ាងកាលីបនាពេលចុងក្រោយ។ ក្រឡេកទៅមើលជីវិតគ្រួសារក៏ផលិតកររូបនេះ កក់ក្ដៅណាស់ដែរ បន្ទាប់ពីរៀបការ និងកសាងគ្រួសារហើយទទួលបានចំណងដៃកូន២នាក់ ប្រុស១ស្រី១។ លោក និង ភរិយា នៅតែបង្ហាញចំណងស្នេហ៍ផ្អែមល្ហែម មិនខុសពីទើបរៀបការថ្មីៗកាលពីឆ្នាំ២០១២នោះផង។

លោក គង់ វិសាល និយាយថា លោកសប្បាយចិត្ត ដែលត្រូវបានមហាជនសរសើរថា ជាផលិតករជោគជ័យ ប៉ុន្តែលោកក៏ភ័យណាស់ដែរ ប្រសិនបើលោកមិនអាចផលិតកម្មវិធីណាមួយអោយល្អសមនឹងការសរសើរ។ ជាមួយគ្នានោះលោកក៏ស្នើមិនបរិយាយពីជោគជ័យ ដែលមហាជនកត់សម្គាល់នោះដែរ ដោយលោកបញ្ជាក់បងប្អូនយើងមើលឃើញយ៉ាងមិចយ៉ាងនឹងទៅ ព្រោះខ្លាចគេថាលោកអួត។ លោកបង្ហើបថាខ្លួននឹងមានគម្រោងផលិតកម្មវិធីថ្មីៗ និងបើកជំនួញក្រៅសិល្បៈផងដែរ តែសុំលាក់សិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here