គួរសរសើរដែលសមាជិកម្នាក់នេះ លះបង់ដល់ម្លឹង ដើម្បីអោយព្រឹត្តិការណ៍ប្រចាំឆ្នាំ ផ្ទុះខ្លាំង

0

ខុសពីសមាជិកទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ខួប២ឆ្នាំរបស់គ្រួសារតារាកម្ពុជា ដែលរង់ចាំតែធ្វើខ្លួនដើម្បីទទួលយកកិត្តិយស ដោយការបំពាក់មេដាយស្នាដៃប្រចាំក្រុម សម្រាប់ពិធីករលោក សន សុវណ្ណារ៉ា ដែលត្រូវគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនខាងផ្នែកដេគ័រ និងពិធីការមួយផង មិនខុសពីម្ចាស់កម្មវិធីធំមួយនោះទេ ដោយសារតែលោកចេញមុខជួយជ្រោមជ្រែងដល់ក្រុមតាំងការរៀបចំគម្រោងរហូតដល់កម្ពុជាត្រូវបានបញ្ចប់ដោយរលូន។

លោកបានទាំងបោះបង់ការងារទទួលអាហ្វែក្នុងមួយរយៈដែលកម្មវិធីក្រុមដំណើរ និងការងារត្រូវចេញក្រៅប្រទេសដល់ទៅ២នោះផង។


លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានថ្លែងបញ្ជាក់ថា កម្មវិធីខួប២ឆ្នាំរបស់ក្រុមនេះ ទទួលបានភាពជោគជ័យ គឺមិនអាចខ្វះបាននូវការរួមចំណែករបស់សមាជិកសំខាន់ម្នាក់ គឺពិធីករលោក សន សុវណ្ណារ៉ា នោះទេ ដោយសារតែក្នុងកិច្ចការនេះលោកបានយកក្រុមការងារប្រចាំក្រុមហ៊ុនរបស់លោកមកដុតដៃដុតជើងស្ទើរតែគ្រប់ផ្នែកនៃការងារ ដើម្បីអោយកម្មវិធីទាំំងមូលដំណើរការទៅបាន។ លោកថាទាំងការគូសប្លង់មេដាយកិត្តិយស ចេញពុម្ពមេដាយកិត្តិយស និងរត់ការចុះឡើងក្នុងការងារពិធីការទាំងមូល ដោយកិច្ចការនេះក្រៅពីលះបង់កម្លាំងក្នុងការជំហរជួយដល់«គ្រួសារតារាកម្ពុជា» ក៏បានទាំងទទួលបំពេញការងារតាមរយៈក្រុមហ៊ុនពិធីការរបស់លោកក៏មិនគិតសេវាក្រុមហ៊ុន ដូចទទួលធ្វើពិធីការអោយកម្មវិធីផ្សេងទៀតនោះដែរ។ លោកថាសន សុវណ្ណារ៉ា បានជ្រោមជ្រែងដល់កម្មវិធីគួរអោយសរសើរ ហើយលោកក៏បានទាំងទម្លាក់ការងារធំ២ ដែលត្រូវបានគេទាក់ទងអោយទៅប្រទេសអូស្រ្តាលី និងអាមេរិក ព្រោះតែជាប់បំពេញការងាររឿងធ្វើមេដាយកត្តិយស រឿងច្នៃក្លោងទ្វារ រឿងពិធីការ រឿងបោះពុម្ពវិញ្ញាបនប័ត្រកិត្តិយស និងរឿងធ្វើពានជាដើម ដែលលោកយល់ថានេះជាការងារមួយដ៏លំបាក ដែលសមាជិក«គ្រួសារតារាកម្ពុជា»ហ៊ានចេញមុខលះបង់។ លោកថាតាំងពីមុនដាក់ចេញគម្រោង លោកសន សុវណ្ណារ៉ា បានដើរសំខាន់ជាមួយកម្មវិធីទាំងមូល មិនខុសគ្នានឹងលោកដែលជាអ្នកទទួលខុសត្រូវកម្មវិធីនោះទេ ដោយគ្រាន់តែលោកសន សុវណ្ណារ៉ា បញ្ចេញកម្លាំង និងការបញ្ចុះតម្លៃលើសេវាកម្មក្រុមហ៊ុនរបស់លោកដើម្បីអោយ«គ្រួសារតារាកម្ពុជា»អាចដំណើរការកម្មវិធីមួយទៅបាន ចំណែករូបលោកដែលជាស្ថាបនិកក្រុម គឺប្រឈមនឹងបោះទុនទាំងស្រុងដើម្បីអោយកម្មវិធីទាំងមូលចេញទៅរួច។ លោកថាកម្មវិធីនេះសមាជិកប្រមាណជាង១០០នាក់ បានឯកភាពបង់ថវិកាក្នុងម្នាក់២០ដុល្លារ ហើយក៏មានតារាខ្លះបរិច្ចាគដល់៣០ ឬ ៥០ ឬដល់១០០ដុល្លារ ប៉ុន្តែនៅពេលកម្មវិធីជាក់ស្ដែងគឺការបរិច្ចាគរបស់សមាជិកទាំងអស់មិនបានគ្រប់ចំនួននោះទេ ដោយមានប្រមាណជាង៣០ភាគរយមិនបង់ ខណៈដែលការបរិច្ចាគរបស់សមាជិកគឺបានតែរួចថ្លៃម្ហូបរៀងខ្លួន ចំណែកការចំណាយលើមេដាយ ពិធីការ ពាន វិញ្ញាបនប័ត្រកិត្តិយស ប័ណ្ណសរសើរ និងការចំណាយលើតុរបស់ភ្ញៀវកិត្តិយស និងតារាក្រៅក្រុម គឺជាបន្ទុករបស់លោកជាស្ថាបនិក។ លោកថាកម្មវិធីទាំងមូលដ្បិតថាបានបញ្ចប់ដោយជោគជ័យ តែសម្រាប់ចំណូលនៅមិនអាចទូទាត់នឹងចំណាយដ៏ខ្ពស់បានទេ បើទោះជាមានការផ្ដល់ជំនួយពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសប្បុរសជននៅក្នុងកម្មវិធីបានប្រមាណជាជាង៤ពាន់ដុល្លារនៅថ្ងៃបំពាក់មេដាយ និងសប្បុរសជនមួយចំនួនទៀត ដោយសារតែការបោះពុម្ពមេដាយ និងពាន មកពីប្រទេសថៃ គឺមានតម្លៃខ្ពស់ និងមានចំនួនច្រើនរហូតដល់ជិត៣០០គ្រឿង។ យ៉ាងណាមិញ លោកថាកម្មវិធីទាំងមូលទទួលបានជោគជ័យពេញទំហឹង ដោយសារតែក្រោយបញ្ចប់ព្រឹត្តិការណ៍មានការខ្ទរខ្ទារ និងទទួលស្គាល់ក្នុងស្រទាប់មហាជន។


លោក សន សុវណ្ណារ៉ា ថ្លែងថា ហេតុផលដែលលោកសម្រេចចិត្តបោះបង់ការងារជួយរៀបចំព្រឹត្តិការណ៍ខួប«គ្រួសារតារាកម្ពុជា» គឺដោយសារតែលោកមើលឃើញថាកម្មវិធីធំមួយទាំងមូល ស្ថាបនិកក្រុមជាអ្នកចាត់ចែងតែឯង ដោយសារតែគោលបំណងចង់លើកស្ទួយអ្នកសិល្បៈ និងចង់អោយ«គ្រួសារតារាកម្ពុជា»មានកិត្តិយស។ លោកថាខ្លួនសុខចិត្តទម្លាក់ចោលការងារធំ២ដែលមានខ្ទង់ចំណេញដល់ម៉ឺនដុល្លារចំនួន២នៅប្រទេសអូស្រ្តាលី និងអាមេរិក ដោយសារតែកម្មវិធីមួយគេជួលក្រុមហ៊ុនលោកអោយរៀបចំមុនខួប«គ្រួសារតារាកម្ពុជា» និងមួយទៀតទន្ទឹមនឹងខួប«គ្រួសារតារាកម្ពុជា»ដែលលោកប្រាប់ថា មិនអាចអោយលោកដកឃ្លារៀបចំឯកសារទាន់។ អ្វីដែលលោកខកចិត្ត គឺមានការបំភ្លៃថាកម្មវិធីនេះបានចំណេញទាំងមិនបានសិក្សាពីខ្ទង់ចំណាយ និងមានតារាមួយចំនួនកើតអារម្មណ៍ច្រណែនរឿងអ្នកបានមេដាយមាស និងបានមេដាយច្រើនជាងជាដើម ដោយមិនសិក្សាថាខ្លួនមានទឹកចិត្តអ្វីខ្លះចំពោះក្រុម។ លោកបន្តទៀតថា កម្មវិធីមួយនេះ គឺជាការរៀបចំទាំងស្រុងរបស់ស្ថាបនិក ដើម្បីអោយកម្មវិធីប្រគល់មេដាយ និងពិធីប្រកួតឈុតបុរាណមួយសម្រេចទៅបាន ដូច្នេះបើកម្មវិធីទាំងមូលទទួលបានផលចំណេញ គឺជារឿងសមណាស់ ដែលអ្នកទទួលខុសត្រូវបានទទួលផលនោះ ដោយមិនគួរមកលើកឡើងរឿងបានចំណូលប៉ុណ្ណាប៉ុណ្ណានោះទេ ដោយសារតែកម្មវិធីទាំំងមូលអ្នករ៉ាប់រងគឺតែម្នាក់ ហើយតារាៗដែលជាសមាជិកគឺបានត្រឹមតែរួមចំណែកក្នុងម្នាក់២០ដុល្លារតាមការយល់ព្រម ដោយមិនទាំងបង់អោយក្រុមបានគ្រប់គ្នាផង។

លោកថានេះជាមិនមែនជាកម្មវិធីសប្បុរសធម៌ទេ តែព្រឹត្តិការណ៍លើកស្ទួយវប្បធម៌មួយ ដែលស្ថាបនិកចេញមុខរ៉ាប់រងយ៉ាងលំបាកតែម្នាក់ឯង ដើម្បីអោយមានកម្មវិធីនេះឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here