កាលពីថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៩ បវរកញ្ញា Miss Grand International 2019 ចំណាត់ថ្នាក់លេខ១ និងលេខ៣ ដែលដឹកនាំកម្មភាពដោយ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានប្រគល់អំណោយចំនួន៤លានរៀលជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងចូលសួរសុខទុក្ខក្មេងៗដែលសម្រាកព្យាបាល។ កញ្ញាឯកទាំងពីរ ក៏សន្យាពាំនាំតម្រូវការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទៅកាន់បណ្ដាសប្បុរសជនទូទាំងពិភពលោក ដែលអ្នកទងពីរនឹងធ្វើទស្សនកិច្ចបន្តនោះផង។
លោក អ៊ិន សុភិន និយាយថា ក្រោយដំណើរទស្សនកិច្ចបវរកញ្ញាទាំង២រូប នឹងមានគម្រោងពិភាក្សាថាគួរផ្សព្វផ្សាយបែបណា ដើម្បីអាចជួយកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យមួយនេះ អោយបានកាន់តែច្រើន។ ទោះមិនទាន់ដឹងថានឹងមានគម្រោងផ្សព្វផ្សាយបែបណា តែក្នុងពេលកញ្ញាឯកទាំងពីរ ធ្វើទស្សនៈកិច្ចក្នុងប្រទេសជាបន្តបន្ទាប់ គឺនាង និងលើកមកបង្ហាញពីអ្វីដែលពួកនាងបានឃើញនៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងដំណើរនោះ នាង និង ផលិតកម្មមហាហង្ស ក៏បានប្រគល់អំណោយ៤លានរៀល ជូនដល់មូលនិធិគន្ធបុប្ផា បង្ហាញពីទឹកចិត្តសប្បុរសធម៌ផងដែរ។
កញ្ញាឯកលេខ១ មកពីប្រទេសវេណេហ្ស៊ូអេឡា និងលេខ៣ មកពីប្រទេសថៃ បញ្ជាក់ស្របគ្នាថា ពួកខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ដែលបានមកទស្សនកិច្ចនៅកម្ពុជា និងបានចូលសួរសុខទុក្ខដោយផ្ទាល់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ ពួកនាងថា ការផ្សព្វផ្សាយដើម្បីអោយមានការចាប់អារម្មណ៍ជួយមន្ទីរពេទ្យនេះ គឺជាកាតព្វកិច្ចរបស់ពួកនាង ខណៈដែលក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសផ្សេងៗកន្លងមក ក៏ធ្លាប់បានធ្វើសកម្មភាពបែបនេះស្រាប់ហើយ៕