ប៉ះគ្នាលើកដំបូង! គង់ សុជាតិ សរសើរពិធីការិនីម្នាក់នេះ មិនដាច់ពីមាត់

0

បើទោះជាពិធីការិនី និងជាអ្នកអត្ថាធិប្បាយព័ត៌មានប្រចាំនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញា ដាវណ្ណ ត្រូវបានគេស្គាល់ថាបានចូលប្រឡូកក្នុងពិភពសិល្បៈច្រើនឆ្នាំក៏ដោយ ប៉ុន្តែតារាស្រីសំលេងលះៗរូបនេះមិនដែលមានឱកាសបានបង្ហាញសមត្ថភាពអោយសិល្បកររៀមច្បងបានឃើញដោយផ្ទាល់ភ្នែកនោះទេ ទើបគេចាត់ទុកថាការបង្ហាញវត្តមានធ្វើជាពិធីការិនី បើកក្បាលក្នុងព្រឹត្តិការណ៍ខួប«គ្រួសារតារាកម្ពុជា»ដែលមានទាំងព្រឹត្តិការណ៍ប្រកួតឈុតបុរាណជាទ្រង់ទ្រាយធំកាលពីថ្ងៃទី៩ កក្កដា គឺជាឱកាសលើកដំបូងដែលធ្វើអោយសិល្បករល្បីៗបានឃើញសមត្ថភាពរបស់នាង។ អ្នកនាង គង់ សុជាតិ ដែលជាពិធីការិនីរៀមច្បងឆ្នើម បានសរសើរមិនដាច់ពីមាត់ ថាពិធីការិនីប្រចាំទូរទស្សន៍អាសីអាគ្នេយ៍រូបនេះ គួរតែត្រូវបានលើកតម្កើងក្នុងការងារសិល្បៈជាងនេះ។

អ្នកនាង គង់ សុជាតិ និយាយថា អ្នកនាងកម្រឃើញពិធីការិនីជំនាន់ក្រោយណាម្នាក់ ដែលមានសមត្ថភាពប្រហាក់ប្រហែលនឹងកញ្ញា ដាវណ្ណ ដែលអ្នកនាងទើបបានឃើញសមត្ថភាពដោយផ្ទាល់នាពេលនេះណាស់។ អ្នកនាងថា ពិធីការិនីវ័យក្មេងរូបនេះ ទាំងសំឡេង ទាំងការលើកដាក់សំឡេងគឺល្អគួរអោយសរសើរ ដោយអ្នកនាងជំរុញអោយយកតារាស្រីរូបនេះមកលើកក្នុងព្រឹត្តិការណ៍ធំៗរបស់«គ្រួសារតារាកម្ពុជា»អោយបានច្រើន ដើម្បីជួយជំរុញកេរ្តិ៍ឈ្មោះរបស់នាងក៏កាន់តែមានការទទួលស្គាល់។ អ្នកនាងថាមិនងាយមានអ្នកមានសមត្ថភាពទាំំងវោហាស័ព្ទ ទាំងការលើកដាក់សំឡេង និងមានការយល់ដឹងច្រើនក្នុងការអត្ថាធិប្បាយបែបនេះ ហើយអ្នកនាងរំភើបជំនួសនៅពេលបានឃើញសមត្ថភាពអត្ថាធិប្បាយដ៏ល្អរបស់ពិធីការិនីដាវណ្ណ ដោយអ្នកនាងថា សមត្ថភាពដូចនាងគួរតែមានកម្មវិធីលេចធ្លោប្រចាំប៉ុស្ដិ៍ចេញមុខអោយបានច្រើន មិនគួរធ្វើជាពិធីការិនីជាយូរមកហើយ ហើយអ្នកនាងតារារៀមច្បងទើបតែចាប់អារម្មណ៍ថាជាសិល្បការិនីល្អម្នាក់បែបនេះនោះទេ។

កញ្ញា ដាវណ្ណ បានបង្ហាញអារម្មណ៍រំភើប ដែលត្រូវបានសិល្បការិនីឆ្នើមលំដាប់ប្រទេសសរសើរមិនដាច់ពីមាត់ ដោយកញ្ញា ប្រកាសថាខ្លួននឹងរំពឹងថានឹងក្លាយជាពិធីការិនីអោយបានល្អ បន្ទាប់ពីជោគជ័យក្នុងអាជីពជាអ្នកយកព័ត៌មាន និងជាអ្នកអត្ថាធិប្បាយព័ត៌មាននៅទូរទស្សន៍អាស៊ីអាគ្នេយ៍នោះផង។ កញ្ញាខ្លួននៅតែប្រឹងប្រែងចំពោះសមត្ថភាពអោយបានកាន់តែខ្លាំង ដោយមិនអាចទទួលបានការសរសើរ ហើយភ្លេចខ្លួននោះទេ។ យ៉ាងណាមិញ កញ្ញាក៏អះអាងថានាពេលចុងក្រោយ ខ្លួនទទួលបានឱកាសបានបង្ហាញមុខក្នុងព្រឹត្តិការណ៍បើកសម្ពោធក្រុមហ៊ុន និងកម្មវិធីតន្ត្រីក្រៅប៉ុស្ដិ៍មួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here