កូនខ្មែរមួយក្រុម តស៊ូផលិតបានប្រេងក្រឡា លើទីផ្សារ

0

យោងតាមកិច្ចសម្ភាសន៍កូនខ្មែរមួយក្រុមដែលរួមមានតារាសម្ដែង លោក ស្រេង ឈាងឡេង មួយរូបផង តស៊ូផលិតបានផលិតផលប្រេងក្រឡា ដែលផលិតផលនេះ ក៏ត្រូវបានប្រកាសថានឹងត្រៀមវាយលុកទីផ្សារនៅពេលខាងមុខ។ ទោះជាទម្រាំសម្រេចបានផលិតផលនេះ ប្រើពេលដល់៣ឆ្នាំ ហើយចំណាយទុនរួមគ្នាច្រើន ស្ទើរតែចង់បោះបង់មហិច្ឆតាចោលម្ដងៗ ក៏កូនខ្មែរមួយក្រុមនេះ នៅសម្រេចសមិទ្ធផលបាន។

ការផលិតនេះ ក៏ត្រូវបានបញ្ជាក់ថា ដើម្បីប្រកួតប្រជែងជាមួយទីផ្សាររបស់បរទេសដែលចរាចរណ៍ក្នុងស្រុក ដោយមិនមែនគ្រាន់តែផលិតអោយចេញរូបរាងហើយទុកចោលទេ។ លោក ស្រេង ឈាងឡេង អ្នកឯកទេសមួយរូប ក្នុងចំណោមអ្នកស្រាវជ្រាវ៣រូប ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងផង និង ជាអ្នកជំនួញដីធ្លីផង និយាយថា មុនពេលប្រឡូកជាតារាសម្ដែង លោកគឺជាអតីតនិស្សិតផ្នែកឱសថសាស្ត្រ និងជំនាញកុមារ ទើបលោក និងមិត្តរួមជំនាន់សម្រេចស្រាវជ្រាវបង្កើតជាឱសថ ហើយស្រាវជ្រាវឃើញរូបមន្តក្នុងការបង្កើតផលិតផលក្នុងស្រុកជាច្រើនមុខ។ យ៉ាងណាមិញក្រុមរបស់លោក បានសម្រេចជ្រើសយកការផលុតជាប្រេងក្រឡាមុនគេ ដោយសារតែផលិតផលនេះធៀបនឹងការផលិតឱសថផ្សេងៗចំណាយដើមទុនតិចជាងគេ ហើយសង្ឃឹមថា បើជោគជ័យ ងាយរកទីផ្សារ។ លោកថាក្រុមទាំងមូលតស៊ូលើជំនាញមួយនេះពិបាកច្រើនដំណាក់កាល ជាពិសេសបញ្ហាកង្វះដើមទុន ដោយរយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមទាំងមូលចំណាយរួមគ្នាមិនក្រោម១០ម៉ឺនដុល្លារទេ។ លោកថាក្រុមទាំងមូលនៅតែបន្តឆ្ពោះទៅមុខជាមួយនឹងផលវិបាករាប់មិនអស់ ហើយទីបំផុតផលិតផលប្រេងក្រឡា ដែលក្រុមលោកធានាគឺមានគុណភាពចង់ល្អជាងផលិតផលនាំចូលមួយចំនួន ក៏សម្រេចបាន។ ក្នុងនោះក៏មានការបែងចែកជាសាច់ប្រេងក្រឡាសម្រាប់តម្រូវស្បែកមនុស្សចាស់ និងកូនក្មេង ដោយឡែកពីគ្នាផងដែរ។

លោក ស្រេង ឈាងឡេង បន្តថា ក្រុមរបស់លោកបានត្រៀមសុំច្បាប់រត់ការដើម្បីចរាចរណ៍ផលិតផលមួយនេះ នៅលើទីផ្សាររួចហើយ ដោយក្រោយក្រសួងអនុញ្ញាតិច្បាប់ ប្រសិនបើមានការគាំទ្រខ្លាំង គឺស្វែងរកដៃគូបង្កើតជារោងចក្រ ដែលតាមការប៉ាន់ស្មាន គឺប្រើដើមទុនជាង១លានដុល្លារ គឺគ្រប់គ្រាន់។

លោក ស្រេង ឈាងឡេង បន្តថា ក្នុងពេលខាងមុខ លោករំពឹងថា នឹងមានកូនខ្មែរច្រើនឡើង ងាកមកផលិតឱសថ ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូល ក៏ដូចជាដើម្បីអោយក្នុងប្រទេសកម្ពុជាទាំងមូល មានផលិតផលប្រេងក្រឡា ដែលមានស្ដង់ដារជារបស់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here