ជោគជ័យ២ឆ្នាំ «គ្រួសារតារាកម្ពុជា» សម្ពោធកាត់ខ្សែបូរ ក្រោមអធិបតីឥស្សរជន និង តារាឆ្នើមៗក្នុងសិល្បៈ

0

កាលពីថ្ងៃទី៩ ខែកក្កដា មន្ត្រីជានខ្ពស់ និងតារារៀមច្បងយ៉ាងច្រើនកុះករ បានចូលជាកិត្តិយសក្នុងពិធីកាត់ខ្សែបូរសម្ពោធក្រុមសិល្បៈ«គ្រួសារតារាកម្ពុជា» និងវេបសាយ«ផ្ទះតារា»យ៉ាងឳឡារឹក ដោយមានតារាសិល្បៈប្រមាណជា៣០០នាក់ផ្សេងទៀតអបអរសាទរ។ ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងក្នុងពិធីខួប២ឆ្នាំរបស់«គ្រួសារតារាកម្ពុជា» បន្ទាប់ពីក្រុមមួយនេះ មានស្នាដៃរាប់មិនអស់ក្នុងសកម្មភាពសិល្បៈ ជាពិសេសក្នុងសកម្មភាពច្រៀងរាំជួយដល់សង្គម ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងបំផុសអោយមានការបរិច្ចាគឈាមជាដើម។

លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានអះអាងថា បន្ទាប់ពីបានដំណើរក្រុមបានរយៈពេល២ឆ្នាំ លោកសម្រេចធ្វើពិធីកាត់ខ្សែបូរជាផ្លូវសម្ពោធក្រុមក្នុងពិធីខួប២ឆ្នាំ ដើម្បីអោយក្រុមមួយនេះ ត្រូវបានទទួលស្គាល់ថាជាក្រុមរបស់អ្នកសិល្បៈមួយក្រុម ដែលមានតម្លៃក្នុងកិច្ចការសង្គម។ លោកថាហេតុផលដែលនាំអោយក្រុមមួយនេះ ត្រូវបានធ្វើពិធីកាត់ខ្សែបូរនៅថ្ងៃខួប២ឆ្នាំ គឺគ្រាន់តែចង់អោយមានការទទួលស្គាល់ខ្លាំងឡើងពីសកម្មភាពរបស់ក្រុមប៉ុណ្ណោះ ខណៈដែលការបើកសម្ពោធ ក៏ជាការលើកទឹកចិត្តអោយសមាជិកជាតារាសិល្បៈ យល់ថាក្រុមដែលតារាសិល្បៈរួមគ្នាបង្កើតឡើងតាំងពីថ្ងៃទី៧ ខែកក្កដា ក្នុងឆ្នាំ២០១៦ បានទទួលជោគជ័យជាផ្លែផ្កាហើយ ដោយមានទាំងការទទួលស្គាល់ជាសាធារណៈផង។

ក្នុងពិធីកាត់ខ្សែបូរសម្ពោធ«គ្រួសារតារាកម្ពុជា» ក្នុងពិធីនោះ ក៏មានពិធីកាត់ខ្សែបូរបើកសម្ពោធវវេបសាយ«ផ្ទះតារា»ដែលជាវេបសាយផ្ទាល់ខ្លួន បម្រើអោយសកម្មភាពរបស់«គ្រួសារតារាកម្ពុជា»ផងដែរ ដើម្បីជួយអោយតារាដែលជាសមាជិករបស់«គ្រួសារតារាកម្ពុជា»កាន់តែមានការទទួលស្គាល់ក្នុងពិភពសិល្បៈ។ ក្នុងពិធីកាត់ខ្សែបូរនោះ ត្រូវបានផ្ដល់កិត្តិយសដោយឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ គីង ចាន់ឌីគន់គីម អមដោយផលិតករល្បីៗជាច្រើនរួមមាន លោកសោម ដូរិន និងអ្នកស្រី សាក់ សាកេតមយ៉ូរ៉ា ផលិតករជើងចាស់, អ្នកគ្រូគង់ ណារី, លោកសុះ ម៉ាច, លោកឧកញ៉ាឃ្លោក, អ្នកនាងគ្រត, លោក កុយ ស៊ីឌឿន, លោក ឈីវ លីឆេង សាកលវិទ្យាធិការងសកលវិទ្យាល័យន័រតុន, លោក លីម៉េង តំណាងផលិតកម្មរ៉ក់, លោកគាំ ចន្ធី ម្ចាស់ផលិតកម្ម FCI, លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស, អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរីវុធ តារាសម្ដែងឆ្នើម, អ្នកស្រីថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាឡ, លោកទេព រិន្ទដារ៉ូ, អ្នកនាង គង់ ចាន់រ៉ែន អនុប្រធាននាយកដ្ឋានផលិតកម្មប្រចាំទូរទស្សន៍អប្សរា, លោកប៊ុន ស៊ា ម្ចាស់ផលិតកម្ម B&S Gooddays និងផលិតករ តារាសិល្បៈល្បីៗជាច្រើនរូបទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here