កាលពីព្រឹកថ្ងៃទី២០ វិច្ឆិកា ពិធីចុះអនុស្សរណៈយោគយល់គ្នាមួយត្រូវបានធ្វើឡើង រវាងលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយវិទ្យាស្ថានថានជាតិពាណិជ្ជសាស្ត្រក្នុងគោលបំណងបង្កើតថ្នាក់រៀនជំនាញខ្លីដោយមិនគិតប្រាក់ សម្រាប់តែសិស្សនិស្សិតដែលមានចំណង ទៅធ្វើការនៅប្រទេសកូរ៉េ។
ឯកឧត្ដម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានលើកឡើងថា ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ជាពិសេសទៅលើ ជំនាញភាសាបរទេស វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បានសម្រេចបើកថ្នាក់រៀន ជំនាញភាសាកូរ៉េ១មុខបន្ថែមទៀត សម្រាប់ បងប្អូនសិស្សនិស្សិតដែលមានបំណងចង់ទៅធ្វើការនៅប្រទេសកូរ៉េ ក្នុងនោះ ការបើកថ្នាក់រៀននេះ ស្ថិតក្រោមការឧបត្ថម្ភដោយ ក្រុមហ៊ុនបុរីឡេងណាវ៉ាត្រា។ លោក នាយកវិទ្យាស្ថានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ សិស្ស-និស្សិត នឹងទទួលបាននូវចំណេះដឹងផ្នែកភាសាកូរ៉េ បានយ៉ាងងាយស្រួល ព្រោះការសិក្សា មិនតម្រូវឲ្យបង់ប្រាក់ឡើយ ។ ក្រៅពីផ្ដល់ឱកាសសិក្សា ដោយមិនគិតថ្លៃ សិស្សនិស្សិតក៏នឹងមានឱកាសច្រើនក្នុងការទៅបំពេញការងារ នៅក្នុងប្រទេសកូរ៉េ ពេលសិក្សាចប់ ក្រោមកិច្ចសហការ ជាមួយក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងយុវនិតិសម្បទា ក្រោមការជួយជ្រោមជ្រែងបន្ថែម ពីក្រុមហ៊ុនលោកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានថ្លែងថា គោលបំណងដែលលោកបង្កើតថ្នាក់សិក្សា ភាសាកូរ៉េដោយឥតគិតថ្លៃនេះ គឺដើម្បីជួយសម្រួលដល់សិស្សនិស្សិត ដែលមានបំណងចង់ទៅបំពេញការងា នៅក្នុងប្រទេសកូរ៉េ។ វគ្គនេះក៏ផ្ដល់អោយបងប្អូនបានរៀនភាសាកូរ៉េឲ្យស្ទាត់ជំនាញ ងាយស្រួលក្នុងការប្រឡងទៅធ្វើការងារឆាប់ជាប់ និងងាយទទួលព័ត៌មានជាក់លាក់ ច្បាស់លាស់ មុននឹងចេញទៅបំពេញការងារនៅប្រទេសកូរ៉េផងដែរ។
សូមបញ្ជាក់ថា វគ្គសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រនេះ មានរយៈពេល២ឆ្នាំ ក្នុង១វគ្គជ្រើសរើសសិស្សចំនួន២០០នាក់ ជាមួយនឹងការសិក្សាចន្លោះពី៣ទៅ៦ខែ៕























