សម្ដេចតេជោ និង ឧកញ៉ាឡេង ណាវ៉ាត្រា ចេញមុខសង្គ្រោះ ចាន់ សម័យ

0

នៅទីបំផុត អតីតតារាចម្រៀងកម្សត់ដែលបានធ្លាក់ខ្លួនយ៉ាងគួរអោយសង្វេគ លោក ចាន់ សម័យ ត្រូវបានសង្គ្រោះព្រមគ្នាតែម្ដង ពីសំណាក់តេជោ និងលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវគេដឹងថាជាឧកញ៉ាចិត្តធម៌ និងជាទើបតែធ្លាក់ងារពីព្រះមហាក្សត្រប្រកបដោយកិត្តិយសនោះ។ យោងតាមការប្រកាសលោកទាំងពីរ បានចេញមុខផ្ដល់ថវិកាអោយសង់ផ្ទះ និងផ្ដល់ដីអោយសាងសង់ផ្ទះផ្ទាល់ខ្លួន ដើម្បីជួយសង្គ្រោះលោក ពីស្ថានភាពរស់នៅយ៉ាងលំបាកដែលបានប្រទះនាពេលនេះ។

លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បករស្ម័គ្រចិត្តជួយសង្គម បានអះអាងថា តាមរយៈរូបលោក សម្ដេចតេជោ បានប្រកាសផ្ដល់ប្រាក់១ម៉ឺនដុល្លារ ដោយថវិកានេះ គឺលោកនឹងប្រើសម្រាប់ទុកអោយចាន់ សម័យ ដើម្បីរកកន្លែងសង់ផ្ទះ ហើយជាលទ្ធផលភ្លាមៗ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់គម្រោងពុះដីឡូតិ៍ទ្រង់ទ្រាយធំនាពេលបច្ចុប្បន្ន ក៏ប្រកាសផ្ដល់ដីមួយកន្លែង ដែលលោកបានហៅការឧបត្ថម្ភរបស់លោកទាំងពីរថាជាសប្បុរសជនដ៏សំខាន់ ដែលជួយសង្គ្រោះ លោក ចាន់ សម័យ។ លោកហេង ឡុង បន្តថា ជាលទ្ធផល បើទោះជាដីដែលលោក ឡេង ណាវ៉ាត្រា គម្រោងប្រគល់អោយនោះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ដែលមានចម្ងាយឆ្ងាយក្រុងបន្តិច ប៉ុន្តែលោកចាន់ សម័យ បានសម្រេចចិត្តទៅសង់ផ្ទះនៅទីនោះ ដោយសារតែលោកក៏មិនចង់តែលតោលអត់ផ្ទះអត់សម្បែង ក្នុងពេលដែលកូនៗលោកក៏ត្រូវការរស់អោយបានសមរម្យ។

ជាមួយនឹងការផ្ដល់ជូនទាំងថវិកាសង់ផ្ទះ និងដីមួយឡូតិ៍នេះ បានធ្វើអោយម្នាក់ៗមានការសាទរចំពោះអតីតតារាចម្រៀងលោកចាន់ សម័យយ៉ាងខ្លាំង ខណៈដែលលោកត្រូវគេដឹងថាធ្លាក់ខ្លួនគួរអោយសង្វេគ និងមានតែសប្បុរសជនផ្ដល់ជាថវិកាតិចតួចៗ ដែលនៅតែមិនអាចអោយលោកមានលទ្ធភាពរួចផុតពីពីការលំបាកនៅឡើយ តែបែរជាសម្ដេចតេជោ និង លោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អោយទាំងលុយសង់ផ្ទះ និងដីលំនៅដ្ឋាន ដែលនេះគឺជាជំនួយសង្គ្រោះមួយដ៏ធំសម្រាប់អ្នកទីទ័ល។

លោកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា បានអះអាងថា លោកសម្រេចចិត្តផ្ដល់ដីមួយឡូតិ៍អោយ លោក ចាន់ សម័យ គឺដោយសារតែលោកយល់ថាអតីតតារាចម្រៀងរូបនេះ ស្ថិតក្នុងការលំបាកមួយយ៉ាងខ្លាំង។ ម្យ៉ាងមកពីលោកដឹងថាសម្ដេចតេជោបានប្រកាសផ្ដល់ជូន១ម៉ឺនដុល្លារ ក្នុងពេលដែលលោក ចាន់ សម័យ ត្រូវការដីដើម្បីសង់ផ្ទះនោះផង ទើបលោកយល់ថា លោកត្រូវតែបំពេញបំណងសម្ដេចតេជោ ដែលចង់ឃើញ លោកចាន់ សម័យ មានផ្ទះមានដីដោយមិនលំបាក គឺត្រូវតែផ្ដល់ដីមួយកន្លែងដើម្បីអោយបានសង់ផ្ទះតែម្ដង។ លោកថាដីដែលគ្រោងផ្ដល់អោយនោះ ស្ថិតនៅផ្លូវជាតិលេខ៣ ក្នុងតំបន់ប្រជុំជនមិនស្ងាត់អាចរស់នៅបាន ហើយលោកកាន់តែសប្បាយចិត្តនៅពេលទទួលដំណឹងថា លោកចាន់ សម័យ សម្រេចចិត្តទទួលដីនោះដើម្បីរស់នៅ ដោយមិនមានគម្រោងទទួលហើយទុកចោល។ យ៉ាងណាមិញលោកថាដីដែលនឹងប្រគល់អោយនោះ បើទោះជាលោក ចាន់ សម័យ ចង់លក់ចង់ទុក ក៏លោកមិនដកហូតវិញដែរ ដោយគ្រាន់តែលោកចង់អោយរស់នៅច្រើនជាង ដើម្បីកុំអោយពិបាកទៅថ្ងៃក្រោយប៉ុណ្ណោះ ដោយសារតែតំបន់ដែលលោកផ្ដល់អោយក៏ល្អអាចរស់នៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here