វង្ស ម៉ាលីន ស្តាយរឿងមួយ បន្ទាប់ពីជាប់លេខ១ ហើយមានកេរ្តិ៍ឈ្មោះ

0

សហការី៖ ឧត្តម

តារាចម្រៀង វង្ស ម៉ាលីនដែលទើបតែក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងមហោស្រពចម្រៀងខ្មែរ ជាសាកលកាលពីពេលកន្លងទៅ កាន់តែមានកេរ្តិ៍ឈ្មោះបោះសំឡេង។ នាងបានហោះទៅកាន់ប្រទេសកាណាដា កាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៩ ក្រោយប្រលងជាប់ អមដោយការទម្លាយថា នាងស្ដាយរឿងមួយនៅក្នុងពេលនេះ។

វង្ស ម៉ាលីន កំពុងតែមានវត្តមាន នៅប្រទេសកាណាដា ដែលជាជម្រកទី២ បន្ទាប់ពីមាតុភូមិកម្ពុជា។ នាងថានឹករលឹកស្រុកកំណើតខ្លាំងជាងមុនដោយសារមកលេងស្រុកមួយជើងនេះ នាងទទួលបានហុងស៊ុយល្អ ធ្វើអោយមហាជនស្គាល់នាងខ្លាំង តាមរយៈការដណ្តើមយកចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស រហូតដល់មានមន្ត្រីថ្នាក់កំពូលកោតសរសើរ។ ទៅដល់កាណាដា វង្ស ម៉ាលីន មានអ្នកទាក់ទងហៅសម្តែង តាមរដ្ឋផ្សេងៗនាសហរដ្ឋអាមេរិក ក្រោមការចង់ស្គាល់ និងស្តាប់សំឡេង ដែលគេសរសើរថា សំលេងនាងស្រដៀងលោកស្រី រស់ សេរីសុទ្ឋា ។

ជួបតាមប្រព័ន្ឋ អេឡិចត្រូនិច វង្ស ម៉ាលីន និយាយថា នាងទទួលការសម្តែងនៅអាមេរិក តាមសំណើរប៉ុន្មានរដ្ឋរួចមកហើយ ដើម្បីតបចំពោះការចង់ឃើញរបស់អាណិកជនខ្មែរ ដែលរស់នៅទីនោះ។ បន្តពីអាមេរិក នាងមានគម្រោងចេញច្រៀង សម្តែងនៅប្រទេសជប៉ុននាប៉ុន្មានខែខាងមុខផងដែរ។

វង្ស ម៉ាលីន និយាយថា ភាពតស៊ូក្នុងសិល្បៈ របស់នាងតាំងពីនៅស្រុកខ្មែរ គឺប្តូរផ្តាច់ណាស់មិនខុសពីរៀមច្បងសិល្បៈមុនៗឡើយ។ អ្វីដែលនាងកាត់ចិត្តមិនទាន់បាន គឺនាងចង់អោយលោកឪពុកនាងមើលឃើញពីភាពជោគជ័យនោះ ប៉ុន្តែគួរអោយស្ដាយឳពុកនាងបានចែកឋានលឿនពេក ទើបនាងមានអារម្មណ៍ថាស្ដាយ នៅពេលកេរ្តិ៍ដែលបានពីការតស៊ូលេចចេញផ្លែផ្កា ប៉ុន្តែឳពុករបស់នាងបែរជាមិនបានដឹង។ នាងប្រកាសជំហរថែទាំអ្នកម្តាយ អោយល្អ ដោយសន្យាថាមកលេងស្រុកកំណើតអោយញឹកញាប់ ដើម្បីជួបសាច់ញាតិផង និងដើម្បីកុំអោយម្ដាយឆ្ងាយពីនាង ក្រោយពេលនាងមានការទទួលស្គាល់នៅក្នុងពេលនេះ។