សហការី៖ វង្ស សុម៉ាលីន
អគ្គនាយកដ្ឋានពន្ធនាគារបានរៀបចំពិធីប្រគល់-ទទួល ពន្ធនាគារព្រៃសគម្រោងថ្មី រវាងអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជាមួយអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩។ អ្វីដែលកត់សម្គាល់ គឺពន្ធនាគារថ្មីនេះ មានបរិយាកាស និងត្រូវបានរៀបចំបានស្អាត មិនចាញ់នៅបរទេសនោះទេ។
អគារពន្ធនាគារថ្មីនេះស្ថិតនៅបរិវេណ ពន្ធនាគារព្រៃសរ ក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពន្ធនាគារថ្មីនេះត្រូវបានចុះកិច្ចសន្យាសាងសង់ និង ផ្ទេរ ដោយក្រុមហ៊ុន គន្ធរី ហូលឌីង ក្នុងរយៈពេល ៤៥ឆ្នាំ ដោយចំណាយទំហំទឹកប្រាក់អស់ប្រមាណ ៤លានដុល្លាអាមេរិក។ ប៉ុន្តែក្រោយសាងសង់រួចពន្ធនាគារទំនើបមួយនេះត្រូវបាន អគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ទិញផ្ដាច់ពីក្រុមហ៊ុន គន្ធរី ខុនហូលឌីង យកមកគ្រប់គ្រងជាកម្មសិទ្ធដោយខ្លួនឯងវិញកាលពីថ្ងៃទី១៥ វិច្ឆិកា កន្លងទៅនេះ។
ក្រោយធ្វើការប្រគល់សិទ្ធបន្ត ឲ្យអគ្គនាយកដ្ឋានពន្ធនាគាររួចមក អគារថ្មីនេះនឹងធ្វើការដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។ អគារពន្ធនាគារថ្មីនេះនឹងផ្ដល់ភាពងាយស្រួលជាងអគារចាស់ មិនតែប៉ុណ្ណោះជួយសម្រួលភាពណែនចង្អៀតនៃចំនួនអ្នកទោស ដោយត្រូវផ្ទេរអ្នកជាប់ឃុំនៅពន្ធនាគារចាស់មកកន្លែងថ្មីនេះ។ ពន្ធនាគារនេះ មានគ្រែ២ជាន់ បន្ទប់នីមួយៗត្រូវបសនរៀបចំស្អាតល្អ ខណៈដែលប្រព័ន្ធការពារសុវត្ថិភាពក៏ទំនើប មិនចាញ់បណ្ដាគុកនៅក្នុងប្រទេសមួយចំនួន។












