មិនងាយទេ ទម្រាំតារាទាំងនេះ បានតំណែងឆ្នើមប្រចាំឆ្នាំ

0

ក្នុងពិធីប្រគល់មេដាយកិត្តិយស និងពិធីប្រកាសពានតារាលេចធ្លោប្រចាំឆ្នាំដែលគ្រងឈុតបុរាណស្អាត ក្នុងពិធីខួប«គ្រួសារតារាកម្ពុជា»ក៏មានប្រគល់តំណែងឆ្នើមអោយតារាមួយចំនួនផងដែរ ដែលតំណែងប្រកាសឡើងនេះ ដែលក៍ជាតំណែងដ៍មានកិត្តិយសគួរអោយសរសើរ របស់តារាសិល្បៈក្នុងស្រទាប់មហាជនផង ខណៈដែលតំណែងនេះទម្រាំទទួលបានក៍មិនមែនជារឿងងាយស្រួល។ ចង់ដឹងថា តារាណាខ្លះទទួលបានតំណែងឆ្នើមហើយដោយសារហេតុអ្វី តោះតាមដាន?

កញ្ញា ប៉ុបពី បានទទួលតំណែងជា«តារាភេទទី៣ឆ្នើម មានប្រជាប្រិយភាពនាំមុខគេ ក្នុងកិច្ចការសប្បុរសធម៌» ដោយសារតែនាងគឺជាពិធីការិនី និងជាតារាកំប្លែងលេចធ្លោប្រចាំក្រុម ហើយជាតារាដែលមានប្រជាប្រិយក្នុងស្រទាប់មហាជន។ នាងទទួលបានមេដាយមាសមួយគ្រឿង អមនឹងវិញ្ញាបនប័ត្រកិត្តិយសដែលបានផ្ដល់អោយ ដោយតំណែងរបស់នាងត្រូវបានក្រុមកត់សម្គាល់ថា គឺជាតំណែងឆ្នើមកម្រិតA ប្រចាំក្រុម។

កញ្ញា យ៉េយ៉េ បានទទួលតំណែង«កំប្លែងលេចធ្លោក្នុងស្រទាប់មហាជន និងសកម្មក្នុងកិច្ចការសង្គមសប្បុរសធម៌» ដោយនាងក៏ទទួលបានមេដាយមាសប្រចាំឆ្នាំ ក្នុងនាមជាតារាឆ្នើមកម្រិតA ផ្នែកកំប្លែងផងដែរ។

លោក សុះ ម៉ាច តារាចម្រៀងក៏បានតំណែងជា«តារាគំរូក្នុងពិភពសិល្បៈ»ផងដែរ ដោយសារតែរយៈពេល២ឆ្នាំ ចាប់តាំងពីបង្កើតគ្រួសារតារាកម្ពុជា លោកត្រូវបានសមាជិកទាំងអស់ចាត់ទុកថាជារៀមច្បងមួយរូបដែលគួរអោយគោរព និងជារៀមច្បងដែលផ្ដល់ភាពកក់ក្ដៅដល់តារាសិល្បៈជំនាន់ក្រោយ។ លោកក៏បានមេដាយមាសអមនឹងតំណែងមួយនេះផងដែរ។

លោក រតនៈ វិសិដ្ឋ និង កញ្ញាទឹម រដ្ឋា បានទទួលតំណែងស្របគ្នាជា«តារាម៉ូដែលលេចធ្លោ ក្នុងសកម្មភាពសប្បុរសធម៌» ដោយទទួលបានមេដាយមាសកម្រិតAម្នាក់មួយ ដោយសម្អាងថាអ្នកទាំងពីរបានចូលរួមបង្ហាញម៉ូដច្រើនលើកជាងគេបើធៀបនឹងតារាបង្ហាញម៉ូដ ផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍របស់«គ្រួសារតារាកម្ពុជា»។

លោក នាង វ៉ាងសាន់ បានទទួលតំណែងជា«ពិធីករឆ្នើម លេចធ្លោក្នុងកិច្ចការសប្បុរសធម៌» អមដោយមេដាយប្រចាំឆ្នាំ បន្ទាប់ពីលោកត្រូវបានក្រុមកត់សម្គាល់ថាបានចូលរួមច្រើនជាងគេ ក្នុងតំណែងជាពិធីករស្ម័គ្រចិត្ត។

អ្នកនាង ចាន់ ផល្លា ត្រូវបានប្រកាសថា គឺជា«ពិធីការិនីឆ្នើម លេចធ្លោក្នុងសកម្មភាពសប្បុរសធម៌» ដោយទទួលបានមេដាយមាស ដោយសារតែក្នុងរយៈពេល២ឆ្នាំ ចាប់តាំងពីគ្រួសារតារាកម្ពុជាបង្កើតឡើង អ្នកនាងបានរួមចំណែកបង្ហាញមុខក្នុងនាមជាពិធីការិនីយ៉ាងលំបាកលំបិនជាមួយក្រុមគួរអោយកត់សម្គាល់។

កញ្ញា រំដួលលិចទឹក បានទទួលតំណែងជា«តារាលេចធ្លោ លើស្នាដៃច្នៃប្រឌិតឆ្នើមប្រចាំឆ្នាំ» អមដោយមេដាយមាស ដោយសារតែនាងគឺជាតារាតែម្នាក់ ដែលមានគំនិតច្នៃប្រឌិតខ្ពស់លើទម្រង់សំលៀកបំពាក់ដែលតែងតែបង្ហាញ ហើយធ្វើអោយមានការទទួលស្គាល់គួរអោយសរសើរ។

លោក រុន ណាកូ បានតំណែងជា«សមាជិកឆ្នើម សកម្មឈានមុខក្នុងរយៈពេល២ឆ្នាំរបស់ក្រុម» ដោយសារតែលោកគឺជាតារាមួយរូបដែលត្រូវបានកត់សម្គាល់ថាបានចូលរួមសកម្មភាពរបស់«គ្រួសារតារាកម្ពុជា»តាំងពីបើកដំណើរការសកម្មភាពដំបូង ហើយក៏ជាសមាជិកតែម្នាក់ ដែលទទួលស្ម័គ្រចិត្តក្នុងចំនួនច្រើនជាងតាំងពីឆ្នាំដំបូង មកទល់នឹងបច្ចុប្បន្ន។

លោក ស៊ឹម ស៊ីណាត ទទួលបានតំណែងជា«តារាចម្រៀងលេចធ្លោ ប្រចាំក្រុម» ដោយទទួលបានមេដាយមាស បន្ទាប់ពីក្នុងរយៈពេល២ឆ្នាំ គឺលោកអាចត្រូវចាត់ទុកថា ជាតារាចម្រៀងប្រចាំក្រុមតែម្នាក់ដែលតស៊ូ ក្នុងសកម្មភាពច្រៀងរាំសប្បុរសធម៌ដែលបានឡើងគួរអោយសរសើរ។

នាយចឺម ត្រូវបានប្រកាសថា ជា«តារាចម្រៀងលេចធ្លោ ពោរពេញដោយឆន្ទៈ និងការអត់ធ្មត់ខ្ពស់ក្នុងកិច្ចការសង្គម» ដោយត្រូវទទួលមេដាយមាសបន្ថែមពីលើមេដាយមាសសកម្មភាពក្នុងសង្គម ដែលលោកបានទទួល។ ផ្អែកតាមអត្ថន័យរបស់តំណែងនេះ គឺលោកជាតារាដែលមានការអត់ធ្មត់ និងអន់អោនខ្ពស់ចំពោះកង្វះខាតដែលបានកើតឡើងនៅពេលដែលលោកទទួលច្រៀងកម្មវិធីអត់លុយម្ដងៗ។

កញ្ញា ភីយ៉ា ដែលមានឈ្មោះពិតថា លី ឌីណា បានទទួលតំណែងឆ្នើមជា«តារាមានទំនាក់ទំនងល្អ និងមានការយោគយល់ខ្ពស់» ដោយនាងក៏ទទួលបានមេដាយមាសប្រចាំផងដែរ។

អ្នកនាង ម៉ៅ ស៊ីណាត បានទទួលតំណែងជា«តារាឆ្នើម មានឆន្ទៈ និងលះបង់ខ្ពស់ក្នុងការងារសង្គម» ដោយអ្នកនាងក៏ទទួលបាមេដាយមមាសបន្ថែមពីលើមេដាយមាសដែលបង្ហាញពីស្នាដៃការងារក្នុងកិច្ចការសង្គមផងដែរ។

អ្នកនាង ឈួន សុវណ្ណឆៃ ទទួលបានតំណែងជា«តារាចម្រៀងឆ្នើមផ្នែករំលេចទម្រង់បុរាណលេចធ្លោ ក្នុងសកម្មភាពសប្បុរសធម៌» ដោយអ្នកនាងក៏ទទួលបានមេដាយមាសផងដែរ ខណៈដែលតំណែងនេះ គឺស័ក្ដសមណាស់សម្រាប់តារាស្រីដែលពោរពេញភាពទន់ភ្លន់ ថ្លៃថ្នូ និងតែងចូលរួមលើកស្ទួយវប្បធម៌បុរាណជាតិទាំងទម្រង់សំលៀកបំពាក់ និងរបាំបុរាណ។

លោក សន សុវណ្ណារ៉ា ពិធីករ បានទទួលតំណែងជា«តារាឆ្នើមផ្នែកចាត់ចែង និងពិធីការ» ដោយទទួលបានមេដាយមាសផងដែរ ខណៈដែលកម្មវិធីខួប២ឆ្នាំរបស់«គ្រួសារតារាកម្ពុជា»កាលពីថ្ងៃទី៩ កក្កដា គឺលោកជាអ្នករៀបចំពិធីការ និងសម្រួលការងារជាច្រើន បន្ទាប់ពីស្ថាបនិកប្រចាំក្រុម។

អ្នកនាង ពេជ្រ ខេនឌី តារាចម្រៀងបានទទួលតំណែងជា«សមាជិកឆ្នើម ពោរពេញដោយឆន្ទៈប្រចាំក្រុម» អមដោយមេដាយមាស ដោយអ្នកនាងទទួលបានតំណែងនេះ ដោយសារតែក្នុងរយៈពេល២ឆ្នាំកន្លងមក បានជួយជ្រោមជ្រែងក្រុមពីក្រោយខ្នងគួរអោយសរសើរ ជាពិសេសគឺផ្ដល់លទ្ធភាពអោយផលិតបទចម្រៀងប្រចាំក្រុមមកដល់បច្ចុប្បន្ន និងកង្វះខាតមួយនៅពេលក្រុមមានតម្រូវក្នុងសកម្មភាពមនុស្សធម៌។

លោក លាង ឧត្តម បានទទួលតំណែងជា«តារាសម្ដែងឆ្នើម លេចធ្លោក្នុងសកម្មភាពសប្បុរសធម៌» ដោយសារតែលោកបានរួមចំណែកចូលរួមជួយក្រុមច្រើនក្នុងរយៈពេល២ឆ្នាំកន្លងមក។ យ៉ាងណាមិញ លោកបានទទួលត្រឹមតែមេដាយប្រាក់ប្រចាំឆ្នាំប៉ុណ្ណោះ ដោយសារតែក្នុងសកម្មភាពសប្បុរសធម៌ លោកមិនអាចជួយចប់ចុងចប់ដើម ព្រោះតែមានការងារច្រើន។

លោក ខេន វណ្ណាថាត់ ពិធីករ ទទួលបានតំណែង«សមាជិកស្ថាបនិក មានស្នាដៃឆ្នើម»ដោយទទួលបានមេដាយមាស ដោយសារតែលោកក៏ជាអ្នករួមចំណែកជ្រោមជ្រែងក្រុមអោយមានការរីកចំរើនមកដល់ថ្ងៃនេះគួរអោយកត់សម្គាល់។ លោកគឺជាស្ថាបនិកនៃLogo ប្រចាំក្រុម និងបានរួមចំណែកជួយក្រុមជាច្រើនទៀត។

លោកសេម អាជុន ក៏ទទួលបានតំណែងឆ្នើមមួយរូបផងដែរ ដោយលោកត្រូវបានប្រកាសថាគឺជា«តារាដែលមានការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការសង្គម» ដែលមានន័យថាអោយតម្លៃការងារក្រុមក្រោយការព្រមព្រៀងជាជាងការងារបានលុយខាងក្រៅ និងជាតារាដែលត្រូវកត់សម្គាល់ថាបំពេញការងារសប្បុរសធម៌ ដោយពេញចិត្តនៅគ្រប់កាលៈទេសៈ។

កញ្ញា ណាតាហ្សា ដែលត្រូវគេស្គាល់ថា ជាជនជាតិខ្មែរឥស្លាម បានក្លាយជាតារាកូនកាត់ឆ្នើម ដែលសកម្មក្នុងសិល្បៈខ្មែរ និងសកម្មភាពសប្បុរសគួរអោយសរសើរ ក្នុងពេលដែលនាង មានដើមកំណើតជាជាតិសាសន៍មួយផ្សេង តែស្រលាញ់ និងចូលចិត្តវប្បធម៍ខ្មែរ និងសង្គមខ្មែរ។

លោក ភឹម តារាវិបុល និងអ្នកនាង ភិន សុដាលីស ក៏ត្រូវបានប្រកាសថាតារាឆ្នើមផងដែរ ដោយបានតំណែងជាតួឯកដែលលេចធ្លោទាំងភាពយន្ត និងសកម្មភាពសង្គមផងដែរ ដោយសារតែអ្នកទាំងពីររមែងចុះជួយសកម្មភាពសប្បុរសធម៌ទាំងគូៗ ហើយរំលេចភាពលេចធ្លោមិនខុសពីក្នុងភាពយន្ត។

ក្រៅពីតារាដែលបានបង្ហាញមុខខាងលើ តារាចម្រៀង តារាសម្ដែង និងតារាមួយចំនួនផ្សេងទៀត ក៏ត្រូវបានប្រកាសថាតារាឆ្នើមផងដែរ ប៉ុន្តែដោយសារតែតារានោះអវត្តមានទើបត្រូវបានលុបចោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here