Share ជូនអ្នកច្នៃឈុតបុរាណទាំងនេះ! បើស្រលាញ់វប្បធម៌ ដែលគាត់ប្រឹងប្រែង

0

ក្នុងចំណោមអ្នកច្នៃឈុតបុរាណ និងឈុតតំណាងជាតិ អ្នកច្នៃឈុតបុរាណ៤រូបខាងក្រោមនេះ ត្រូវបានសង្គមអ្នកច្នៃម៉ូដបែបបុរាណ ទទួលស្គាល់យ៉ាងខ្លាំង។ ស្នាដៃរបស់អ្នកទាំង៤ មិនត្រឹមតែល្បីល្បាញក្នុងស្រុកបុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានគេជ្រើសជាឈុតតំណាងជាតិ អោយចេញប្រកួតនៅក្រៅប្រទេស និងត្រូវបានបងប្អូនខ្មែរកុម្មង់យកទុកជាឈុតតំណាងប្រទេស ដើម្បីពីវប្បធម៌ខ្មែរជាហូតហែរ។

លោក នូ សុភេន៖ លោកមានជំនាញសិក្សាស្រាវជ្រាវចំលាក់លើជញ្ជាំងប្រាសាទយូរឆ្នាំមកហើយ ដោយលោកក៏មានសមត្ថភាពធ្វើមកុដ ធ្វើគ្រឿង និងធ្វើឈុតតំណាងជាតិបានជាច្រើន ដើម្បីអោយគេស្គាល់ពីវប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរកាលពីអតីតកាល។ ឈុតល្បីៗរបស់លោករួមមាន ឈុតក្មុងសម័យអង្គរ និងឈុតក្នុងសម័យចតុមុខ។ លោកធ្លាប់បានផលិតឈុតចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា កាលពីឆ្នាំ២០១៨ ហើយជួយអោយតារា៤រូបលើកពាន យ៉ាងមោទនភាព។ អ្វីដែលគួរអោយកោតសរសើរ លោកត្រូវគេស្គាល់ថាចំណាយពេលផលិតឈុតតាមការស្នើសុំពីអ្នកស្រលាញ់វប្បធម៌ ក្នុងកម្រៃមួយទាបមិនស្មើនឹងកម្លាំងប្រឹងប្រែងឡើយ ដោយលោកបញ្ជាក់ថា មិនរួចខ្លួនក៏ធ្វើជូនដែរ ដើម្បីបំផុសអោយមានការស្រលាញ់វប្បធម៌។

ចាន់ សុភ័ណ្ឌ៖ ផ្ដើមចេញពីជាងគំនូរជំនាញ និងជាអ្នកកែច្នៃឈុតបុរាណប្លែកៗ លើតុក្កតាតូចៗ លោកបានក្លាយជាអ្នកផលិតឈុតបុរាណ និងឈុតតំណាងជាតិដ៏អស្ចារ្យនាពេលចុងក្រោយ។ លោកបានធ្វើអោយគេស្គាល់ឈុតបុរាណក្នុងសម័យនគរភ្នំ និងឈុតចេនឡា ដែលកន្លងមក ស្ទើរតែមានអ្នកបំភ្លេច។ ឈុតរបស់លោក ត្រូវបានគេជ្រើសជាឈុតតំណាងជាតិគួរអោយសរសើរនាពេលចុងក្រោយ។ លោកក៏ជាអ្នកទទួលផលិតឈុតបុរាណ និងឈុតតំណាងជាតិ ដោយមិនយកអាជីពនេះជាមុខរបរប្រមូលលុយមានបាននោះផងដែរ ដោយលោកទន្ទេញជាប់មាត់ថា អោយតែរួចខ្លួន ហើយបានផ្សព្វផ្សាយពីវប្បធម៌ និងស្នាដៃ លោកសប្បាយចិត្តហើយ។

រំដួលលិចទឹក៖ ផ្ដើមចេញពីអ្នកចូលចិត្តស្លៀកឈុតពីការច្នៃប្លែកៗរបស់អ្នកជំនាញផ្សេងៗ កញ្ញា រំដួលលិចទឹក បានក្លាយជាអ្នកច្នៃម៉ូដ និងផលិតឈុតតំណាងជាតិ ដែលមានការទទួលស្គាល់។ នាងមានស្នាដៃផលិតឈុតបុរាណ ជាពិសេសឈុតអប្សរាពីរបស់របរគ្មានតម្លៃផ្សេងៗអោយមហាជនភ្ញាក់ផ្អើល។ ក្នុងនោះនាងក៏សិល្បការិនីមួយរូប ធ្វើអោយគេស្គាល់ពីគុណតម្លៃនៃផ្ការំដួលច្បាស់ដូចថ្ងៃនាពេលចុងក្រោយផងដែរ។

លោក បុត្រ៖ អ្នកច្នៃមកុដ និង ច្នៃគ្រឿងទម្រង់បុរាណវ័យក្មេងរូបនេះ មិនសូវមានអ្នកស្គាល់មុខ និងឈ្មោះប៉ុន្មានទេ ប៉ុន្តែឈុត និងគ្រឿង ដែលលោកផលិតឡើងត្រូវគេឃើញដាក់ពង្រាយនៅតាមសម្អាងការធំៗគួរអោយសរសើរ។ លោកចូលចិត្តស្រាវជ្រាវម៉ូដមកុដ និងគ្រឿងលម្អឈុតនៅតាមជញ្ជាំងប្រាសាទ ហើយយកមកផលិតជាឈុត ដែលធ្វើអោយខ្មែរនៅតែមានឈុតទម្រង់ខ្មែរអណ្ដែតឡើងជាហូរហែរ នៅក្នុងសម្អាងការ។ ឈុតរបស់លោកក៏ត្រូវគេជ្រើសយកទៅប្រកួតតំណាងជាតិ នាពេលកន្លងមកផងដែរ។ យ៉ាងណាមិញដោយសារតែជនជាតិប្រទេសជិតខាង មានការផ្សព្វផ្សាយពីវប្បធម៌របស់គេខ្លាំងជាង ទើបឈុតមួយចំនួនដែលលោកផលិតឡើង ហើយមានទម្រង់ស្រដៀងគ្នា ត្រូវបានអ្នកខ្លះយល់ថាចម្លងពីថៃ ទាំងឈុតទាំងនោះគឺជារបស់ខ្មែរ តែខ្វះការផ្សព្វផ្សាយនោះ។

ក្រៅពីអ្នកច្នៃឈុតទាំង៤រូប អ្នកច្នៃឈុតបុរាណជាច្រើនទៀត ក៏មានស្នាដៃគួរអោយសរសើរផងដែរ ដោយគ្រាន់តែស្នាដៃរបស់អ្នកទាំង៤ខាងលើ ត្រូវបានអ្នកជំនាញក្នុងវិស័យវប្បធម៌ ទទួលស្គាល់ និងកោតសរសើរជាងគេ ដោយសារតែស្នាដៃលេចធ្លោ៕

LEAVE A REPLY

Please enter your comment!
Please enter your name here