ព្រហ្ម ម៉ាញ បារម្ភសិល្បៈអាយ៉ៃ លែងស្ថិតក្នុងអារម្មណ៍មហាជន

0

អត្ថបទ៖ វង្ស សុម៉ាលីន

វីរៈសិល្បៈករឆ្នើមដែលត្រូវបានមហាជនឱ្យឈ្មោះថាជា ស្ដេចអាយ៉ៃកំប្លែង មានវោហាស័ព្ទមិនចេះរីងស្ងួត មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា លោក ព្រហ្ម ម៉ាញ បានបង្ហាញអារម្មណ៍ភ័យបារម្ភបន្ទាប់ពីសិល្បៈអាយ៉ៃ ហាក់បាត់បង់ការគាំទ្រក្នុងមួយរយៈចុងក្រោយ។ លោកបានប្រកាសបង្រៀនដោយឥតគិតថ្លៃ ដល់យុវវ័យគ្រប់ផ្នែក ជាមួយនឹងការរំពឹងថា នឹងធ្វើអោយអាជីពនៅក្រោយពេលលោកចូលនិវត្តន៍ អាចបន្តស្ទុះបាន។

ទោះបារម្ភអំពីបញ្ហាសុខភាពកាន់តែទ្រុឌទ្រោម ពីព្រោះវ័យរបស់លោកកាន់តែជ្រេ ក៏លោក ព្រហ្ម ម៉ាញ នៅតែបង្ហាញឆន្ទៈចង់ជំរុញអោយសិល្បៈអាយ៉ៃ នៅតែមានការចាប់អារម្មណ៍។ លោកប្រកាសចំណាយពេល និងកម្លាំងបង្រៀនហ្វ្រី ជាថ្នូរនឹងភាពព្រងើយកន្តើយរបស់យុវជនខ្មែរមួយចំនួនធំដែលពុំសូវខ្វល់ខ្វាយអំពីសិល្បៈបុរាណ ហើយធ្វើឱ្យលោកភ័យព្រួយខ្លាចគ្មានអ្នកបន្តវេនផ្នែកចម្រៀងអាយ៉ៃ។ លោកប្រកាសដំណឹងដល់បងប្អូនសិល្បៈ ឬយុវជនណាដែលមានបំណងចង់ចេះ ចង់ហាត់រៀន សិល្បៈអាយ៉ៃ ដោយមិនសំដៅទៅលើតែអ្នកដែលមាននិស្ស័យពីកំណើតនោះទេ ដោយលោកនឹងធ្វើការបង្ហាត់បង្រៀន ផ្ទេរបទពិសោធន៍ទៅឱ្យជនជំនាន់ក្រោយដើម្បីបន្តវេន។ ពេលវេលាបង្ហាត់ គឺមិនកំណត់ថានឹងរៀនពេញមួយសប្ដាហ៍ឡើយ គឺអាស្រ័យទៅលើម៉ោងដែលលោកទំនេរ ដកឃ្លាពីការងារផ្ទាល់ខ្លួនរបស់លោកបាន ហើយលោកនឹងជូនជាដំណឹងជាមុនអំពីម៉ោងពេលសម្រាប់ហាត់រៀន។

ការប្រកាសរបស់លោក គឺជារឿងមួយដ៏ប្រសើរដែលលោកមានគំនិតបង្ហាត់បង្រៀន បណ្ដុះស្មារតីដល់កូនខ្មែរ ឱ្យងាកមកចាប់អារម្មណ៍នូវសិល្បៈអាយ៉ៃដែល ភាគតិចណាស់មានអ្នកអាចចេះជំនាញពិតប្រាកដ និងចាប់អាជីពនេះជាប់លាប់។

លោក ព្រហ្ម ម៉ាញ សង្ឃឹមនឹងថាកុលបុត្រខ្មែរជំនាន់ក្រោយ នឹងមិនព្រងើយកន្តើយអំពីដំណឹងនេះឡើយ។ មិនតែប៉ុណ្ណោះជាជ្រុងមួយជួយឱ្យសិល្បៈអាយ៉ៃមានទីផ្សារងើបឡើងវិញ ប្រសិនបើក្មេងជំនាន់ក្រោយអាចធ្វើបាន និងបន្តវេនពីលោកដោយជោគជ័យ នោះសិល្បៈបុរាណនឹងមិនបាត់បង់ជាក់ជាមិនខាន។

LEAVE A REPLY

Please enter your comment!
Please enter your name here