តួម្ដាយ២រូប ឆេះដុំរឿងគេថា ទៅកឋិននៅថៃ វេទនាភ្នែក

0

អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅ រ៉េតរ៉ូស និង អ្នកស្រី សាយ ណារីរ័ត្ន ដែលត្រូវគេស្គាល់ថាជាតួម្ដាយកំពុងឡើងកូដនាពេលចុងក្រោយ បានបង្ហាញអារម្មណ៍ឆេះដុំយ៉ាងខ្លាំង បន្ទាប់ពីមានតារាមួយចំនួន បង្ហើរពាក្យអំឡុងពេលទៅទស្សនកិច្ចនៅថៃ និងទៅដង្ហែរកឋិននៅខេត្តសុរិន្ទ គឺមើលទៅដូចវេទនា។ តួម្ដាយទាំងពីរ បានហៅការលើកឡើងនោះថា មិនស្វែងយល់ពីបរិយាកាសជាក់ស្ដែង និង ជាប្រភេទមនុស្សមិនស្គាល់សង្គម និងថាលើកឡើងទាំងងងឹតងងុលនោះបាន ព្រោះតែអគតិ ឬ ច្រណែននោះផង។

អ្នកស្រី រ៉េតរ៉ូស និយាយថា អ្នកស្រីក្ដៅចិត្តយ៉ាងខ្លាំង ដែលអ្នកស្រី និងតួទាំងអស់ ដែលបានទៅកឋិន និងទៅទស្សនកិច្ចនៅក្នុងប្រទេសសប្បាយរកអ្វីប្រៀបមិនបាន ស្រាប់តែមកមានតួម្នាក់ពីរនាក់ និយាយថា មិនដឹងសប្បាយអីទេ មើលទៅដូចវេទនាចង់ងាប់។ អ្នកស្រីថា ពាក្យនឹងអ្នកស្រីមិនបានឮដោយផ្ទាល់ត្រចៀកនោះទេ ដោយឮពីអ្នកស្រី សយ ណារីរ័ត្ន ដែលត្រូវតួម្នាក់នោះនិយាយដាក់ត្រចៀក។ អ្នកស្រីថា អ្នកស្រី សយ ណារីរ័ត្ន ខឹងនឹងពាក្យអគតិរបស់តារាម្នាក់ហ្នឹងណាស់ ប៉ុន្តែមកពីមិនហ៊ានតបតកុំអោយល្អក់កករ ទើបមករៀបរាប់ប្រាប់អ្នកស្រី។ អ្នកស្រី រ៉េតរ៉ូស បន្តថា គ្រាន់តែឮសម្ដីនោះអ្នកស្រីខឹងណាស់ ហើយក៏ចង់អូសកតារាម្នាក់នោះ អោយទៅមើលពីការស្វាគមន៍របស់ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតនា ដែលជាដើមកឋិន ថាបានយកចិត្តទុកដាក់ចំពោះតារាខ្មែរកម្រិតផងដែរ។

អ្នកស្រី រ៉េតរ៉ូស រំលឹកថា បើទោះជាដើរកម្សាន្តក្នុងប្រទេសតាមខេត្តឆ្ងាយៗ ក៏ជិះរថយន្តឆ្ងាយៗយូរម៉ោង និងចំណាយអស់មិនតិចនោះដែរ សម្រាប់ដំណើរកម្សាន្តមួយដែលមានរយៈពេល៣យប់៤ថ្ងៃ។ ប៉ុន្តែសម្រាប់កម្មវិធីទៅកឋិននៅថៃនោះវិញ រថយន្ត១២កៅអីមួយត្រូវបានអ្នករៀបចំចាត់ចែងដឹកពីភ្នំពេញទៅ សំលៀកបំពាក់បុរាណមានការផ្គត់ផ្គង់អោយ ទៅដល់ដីថៃមានរថយន្តជូនទៅមកៗរហូតដល់ម៉ោងសម្រាក កន្លែងសម្រាកសុទ្ធតែសណ្ឋាគារកណ្ដាលខេត្ត ដោយខាងម្ចាស់ក្សត្រីចំណាយទាំងអស់ ដែលធ្វើអោយម្នាក់ៗចំណាយតែចាយខាងក្រៅ និងទិញឥវ៉ាន់ប៉ុណ្ណោះ អ៉ីចឹងអត់ដឹងថា វេទនាកន្លែងណា។ អ្វីដែលអ្នកស្រីសប្បាយចិត្ត គឺគ្រប់កម្មវិធីដែលសិល្បករទៅណាមកណា គឺសុទ្ធតែមានការស្វាគមន៍យ៉ាងមានកិត្តិយស ដោយមិនមែនព្រលែងចោលដូចហ្វូងគោនោះទេ។ ជាក់ស្ដែង ក្នុងពិធីគ្រងឈុតបុរាណពេលហែរកឋិន ក្បួនដង្ហែររបស់តារាខ្មែរ ក៏ត្រូវស្ថិតក្នុងក្បួនកិត្តិយសខាងមុខក្បួនសិល្បករថៃ និងមានការប្រកាសស្វាគមន៍ពីពិធីករថៃយ៉ាងមានកិត្តិយសផងដែរ។ អ្នកស្រីបន្តថា ដំណើរកម្សាន្តនោះ ក្រៅពីម្នាក់ៗមិនសូវអស់លុយ ក៏សប្បាយ និងមានអនុស្សាវរីយ៍ដ៏ច្រើនរាប់មិនអស់ផងដែរ ដោយមិនមែនដូចអ្នកថាទាំងងងិតងងុល ក្នុងន័យច្រណែនដែលអ្នកស្រីបានឮនោះឡើយ។ យ៉ាងណាមិញអ្នកស្រីនៅមិនទាន់សម្រេចចិត្តទម្លាយឈ្មោះអ្នកបន្លឺសំឡេងដោយអគតិរូបនោះនៅឡើយទេ។

គួរបញ្ជាក់ថាកម្មវិធីដង្ហែរកឋិនទានដែលមានក្បួនដំរីនៅខេត្តសុរិន្ទរបស់ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតនា និងស្វាមី និងដំណើរទស្សនកិច្ច៤ថ្ងៃនោះ ដឹកនាំតារាសិល្បៈចូលរួមដោយស្ថាបនិកគ្រួសារតារាកម្ពុជា និងមានការចូលរួមពីសិល្បករដូចជា អ្នកនាង ឆ័យលី ដាឡែន, លោក រុន ណាកូ, កញ្ញា អ៊ុង នីនិច, អ្នកស្រីរ៉េតរ៉ូស, អ្នកស្រី វ៉ាន់ថុន, អ្នកស្រី ញឹម សុខា, អ្នកស្រី សយ ណារីរ័ត្ន, លោក សាយ័ណ្តម្ចាស់ហាងមរកតមង្គលសម្អាងការផ្សារតាខ្មៅ, និងក្រុមការងាររបស់គ្រួសារតារាកម្ពុជាមួយចំនួនទៀតសរុប១៤រូប។ កម្មវិធីនោះត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ ដោយសូម្បីតែមើលទិដ្ឋភាពក៏សប្បាយខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here