កូនប្រុសនាយករដ្ឋមន្ត្រី បង្ហាញខ្លួនសម្ពោធរឿង”ស្នេហាក្មេងៗ”

0

គឺជារឿងកម្រណាស់ ដែលថ្នាក់ដឹកនាំ ជាពិសេស គឺកូនប្រុសនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បង្ហាញខ្លួនក្នុងកម្មវិសម្ពោធរឿង។ អ៊ីចឹងហើយទើបពិធីសម្ពោធរឿង”ស្នេហាក្មេងៗ” របស់ផលិតកម្មកងចក្រភិចឈ័រ កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៩ ធ្វើអោយម្នាក់ៗចាប់អារម្មណ៍ ដោយសារតែមានវត្តមាន លោក ហ៊ុន ម៉ានី។ ពិធីនោះ ក៏មានវត្តមានតំណាងក្រសួងវប្បធម៌ តារាសិល្បៈ និងយុវវ័យ យ៉ាងច្រើនកុះករផងដែរ។

នេះជាភាពយន្តស្នេហាបែបយុវវ័យ នាសម័យថ្មីនេះ ដោយស្នាដៃទាំងមូល គឺជាការនិពន្ធរួមគ្នារវាងកញ្ញា លំអរពេជ្រ និង លោកម៉ានិតដែលជាអ្នកនិពន្ធ ប្រលោមលោកដ៏ល្បីមិនចាញ់គ្នា។ តួអង្គសម្ដែងនៅក្នុងភាពយន្តនេះ ក៏សុទ្ធតែតារាវ័យក្មេងដែលមានសមត្ថភាពក្នុងការសម្តែងផងដែរ មានដូចជាកញ្ញា គង់ ចាន់ស្រីដែន ជាអតីត Freshie Girl ប្រចាំឆ្នាំ២០១៥។ លោក ជា សុជាតិ តារាចម្រៀងមកពីក្រុមក្មេងខ្មែរ និង លោក រ៉ុង សុភីដេវីដ តារាមកពីក្រុម Small World Small Band ជាដើម។ ក្នុងនោះ ក៏មានតួសម្តែងល្បីៗជាច្រើនរូបទៀតផងដែរ ដែលសុទ្ធតែជាអាយដលរបស់យុវវ័យទើបភាពយន្តនេះ ទាក់ទាញភ្ញៀវកិត្តិយស ជាពិសេសគឺយុវវ័យភាគច្រើន អោយចូលរួម នៅក្នុងពិធីដែលធ្វើនៅរោងកុនទំនើបនៅបឹងកក់នោះ។

សម្រាប់សាច់រឿងនេះវិញ គឺរៀបរាប់អំពីតួអង្គស្រីឈ្មោះ កេសរ រស់នៅទីក្រុងភ្នំពេញជាមួយនឹងជីដូន ដោយ កេសរមានមិត្តភ័ក្រ្ត ជិតស្និទ្ធ ចំនួន3នាក់គឺ រិទ្ធ សុភ័ក្រ្ត និងបេទ្បា។ ក្រោយមកនាងបានស្គាល់សិស្សច្បងដ៏ស្រស់សង្ហាមួយរូបមានឈ្មោះថាវេហា ដែលសម្ដែងដោយសមាជិកក្មេងខ្មែរ ហើយក៏បង្កើតជាស្នេហានឹងគ្នា។ កេសរ ចាប់ផ្តើមស្គាល់ពីការថែរក្សា ស្នេហា មិត្តភាព និងគ្រួសារក្នុងពេលតែមួយ។ ភាពយន្តនេះ ប្រកាសលក់សំបុត្រផ្លូវការចាប់ពីថ្ងៃទី ៧ វិច្ឆិកា ២០១៩ តទៅ។ ដោយរំពឹងថានឹងទាក់ទាញយុវវ័យ អោយចាប់អារម្មណ៍ច្រើន ព្រោះជាភាពយន្តស្ដែងពីយុវវ័យទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here