ផលិតករជើងចាស់ច្រើនរូប ប្រតិកម្មនឹងការបំផ្លើសពីវេបសាយចំនួន៤

0

ខណៈដែលព្រឹត្តិការណ៍បំពាក់មេដាយរបស់«គ្រួសារតារាកម្ពុជា» កាលពីថ្ងៃទី៩ កក្កដា ក្រោមអធិបតីភាពរបស់លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានទទួលការសរសើរយ៉ាងភ្លូកទឹកភ្លូកដីពីតារាចាស់ក្មេងនៅក្នុងរង្វង់សិល្បៈ បណ្ដាញសារព័ត៌មាន៤ស្ថាប័នបែរជាបង្ខូចឈ្មោះថា នេះជាកម្មវិធីដ៏អាក្រក់ដែលក្រៅពីយកតារាចាស់ៗទៅបំបាក់មុខ ក៏ជាកម្មវិធីស្លៀកពាក់ធ្វើអោយប៉ះពាល់ដល់ទម្រង់សិល្បៈវប្បធម៌ខ្មែរជាដើម។

តារាជើងចាស់ៗច្រើនរូប បានហៅការបំផ្លើសរបស់វេបសាយចំំនួន៤ ថាជាការបំភ្លើសដោយគ្មានវិជ្ជាជីវៈ និងថាជាការចុះផ្សាយដែលធ្វើអោយបណ្ដុះបង្អាប់ដល់កម្មវិធីដែលលើកស្ទួយដល់អ្នកសិល្បៈទៅវិញ។

វេបសាយដែលបានចុះផ្សាយមិនពិតពីព្រឹត្តិការណ៍ខួប«គ្រួសារតារាកម្ពុជា»នោះរួមមាន វេបសាយ Mediatime.asia វេបសាយ enn-news វេបសាយCSN-News.com និង rkt-tv.online ខណៈដែលខ្លឹមសារដែលមិនខុសពីបុគ្គលតែម្នាក់ជាអ្នកសរសេរ ក៏បានបញ្ជាក់ថានោះជាកម្មវិធីមិនលើកមុខលើកមាត់អ្នកសិល្បករជើងចាស់ ព្រោះមានការបំពាក់មេដាយតែតួថ្មីៗ និងថាបានតម្រូវអោយតារាជើងចាស់ និងអ្នកចូលរួមបង់ក្នុងម្នាក់១០០ដុល្លារ ហើយអ្នកបានបរិច្ចាគលុយក៏ត្រូវតម្រូវអោយទៅយកមេដាយក្រោយឆាកមិនសមរម្យជាដើម។

តារាសិល្បៈជើងចាស់ច្រើននាក់ បានព្រួតគ្នាវាយប្រហារការចុះផ្សាយរបស់វេបទាំង៤យ៉ាងចាស់ដៃ នៅក្នុងគ្រុបការងារដែលបានបង្កើតឡើង។

អ្នកគ្រូ គង់ ណារី សម្ដែងការហួចចិត្តដែលមានព័ត៌មានបំផ្លើសនេះឡើង ក្នុងពេលដែលភាពជាក់ស្ដែងគឺមិនមានតារាជើងចាស់ណាម្នាក់ មិនត្រូវបានលើកមុខ។ អ្នកគ្រូ បានចាត់ទុកថា នេះជាព្រឹត្តិការណ៍លើកកម្ពស់តម្លៃអ្នកសិល្បៈ ដែលរៀបចំបានល្អ ទាំងការប្រគល់មេដាយ ទាំងការផ្ដល់ប័ណ្ណសរសើរ និងពានការប្រកួត ដោយអ្នកគ្រូយល់ថាអ្នកបំភ្លៃថាមានចំណុចអាក្រក់ គឺមិនដឹង ឬធ្វើមិនដឹង មិនប្រើត្រចៀកស្ដាប់ និងយកភ្នែកមើលតែម្ដង។

អ្នកនាងស្វែង សុជាតា បានបង្ហោះតបតនឹងព័ត៌មាននោះថា«នាងខ្ញុំស្វែង សុជាតា ក្នុងនាមតារាជើងចាស់មួយរូបដែរ ក៏ដូចជាតារាជើងចាស់ជាច្រើនដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីខួបគំរប់២ឆ្នាំរបស់គ្រួសារតារាកម្ពជា សូមបដិសេដទាំងស្រុងនៃការសសេរបំផ្លើសអស់ទាំងនេះ សសេរនេះក្នុងនយ័រុកឆ្កៀល អោយពួកយើងមានសេចក្តីអន់ចិត្តគ្នារៀងៗខ្លួនដោយមិនដឹងខ្លួន ចូលឈប់ទៅមនុស្សមួយក្តាប់តូចដែលពូកែដើរនិយាយអាក្រក់ពីគេ ច្រណែនគេ មួលបង្កាច់គេ នឹងល្មមផ្អាកហើយ!»។

អ្នកស្រី គ្រត បន្តថានេះ ជាកម្មវិធីទាំងមូលរៀបចំបានល្អ ដល់ថ្នាក់តារាសិល្បៈភាគច្រើនរំជួលចិត្តរំភើបចង់ស្រក់ទឹកភ្នែក តែបែរជាមកយល់ថាជាកម្មវិធីបំបាក់តារាចាស់ ដែលមិនខុសពីវប្បធម៌ក្ដិចត្រួយ។ អ្នកស្រីថាតារាជើងចាស់ច្រើនណាស់ បានកោតសរសើរពីការរៀបចំទាំងមូល ហើយគឺជារឿងកម្រណាស់ ដែលក្រុមសិល្បៈមួយក្រុមអាចធ្វើព្រឹត្តិការណ៍មួយនេះ ដោយបានទាំងតម្រូវអោយតារារបស់ខ្លួនស្លៀកពាក់បុរាណស្រុះគ្នា ហើយបានបញ្ចូលការប្រកួតពាន ក្រោមការផ្ដល់ពិន្ទុពីអ្នកជំនាញបុរាណ។ អ្នកស្រីថានៅក្នុងកម្មវិធីអត់មានតម្រូវអោយបង់១០០ដុល្លារទាល់តែសោះ ចង់អ្នកណាបរិច្ចាគក៏បរិច្ចាគទៅ ខណៈដែលជួយបរិច្ចាគក៏ឃើញមានការឡើងទទួលមេដាយនៅក្នុងកម្មវិធី។
អ្នកស្រីថានោះជាកម្មវិធី បំពាក់មេដាយកិត្តិយសជូនដល់តារាដែលមានស្នាដៃជួយដល់សង្គមនៅក្នុងក្រុម ដូច្នេះវាច្បាស់ណាស់ថាដែលតារាចាស់ៗមិនអាចទៅទទួលមេដាយនៅក្នុងថ្ងៃនោះកើតទេ ក្រៅពីចូលរួមអបអរ និងឡើងបំពាក់មេដាយអោយក្មេងៗ។

លោក ទេព រិន្ទដារ៉ូ បញ្ជាក់ថា កម្មវិធីទាំងមូលធ្វើបានល្អណាស់ ដោយក្នុងកម្មវិធីក៏ឃើញតែមានការប្រកាសថាមានការបរិច្ចាគពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន២ពាន់ដុល្លារ និងពីលោកគីង ចាន់ឌី គន់គីម ២ពាន់ដុល្លារ ដោយមិនឃើញការបរិច្ចាគដល់ម៉ឺនដុល្លារដូចការចុះផ្សាយទេ។

លោក សាវិន ហ្វីលីព បានអះអាងថា កម្មវិធីមួយនេះ ឃើញមានតែអ្នកសរសើរ និងសើចក្អាកក្អាយក្នុងពេលជួបគ្នាជាទ្រង់ទ្រាយធំរវាងតារាជើងចាស់ និងជើងថ្មី ដូចមិនឮពីការរិះគន់ក្នុងចំណោមផលិតករឡើយ។ លោកចាត់ទុកថាជាការលាបពណ៌ដែលពិបាកទទួលយក ជាពិសេសសម្រាប់អ្នកមិនស្ថិតនៅក្នុងកម្មវិធី ដែលអាចអោយគេស្មានថាផលិតករៗពិតជាមានអារម្មណ៍អន់ចិត្តចំពោះកម្មវិធី។

អ្នកស្រី សរ កេសរ៉ា ផលិតករជើងចាស់ បានសម្ដែងអារម្មណ៍មិនយល់នៅពេលបានឃើញពីព័ត៌មានរបស់វេបសាយទាំង៤ ដោយចាត់ទុកថានោះជាការបំភ្លៃទាំងស្រុងមិនអាចទទួលយកបាន។

មិនខុសគ្នាដែរ លោក កុយ ស៊ីឌឿន ថ្លែងថា ហេតុផលដែលនាំអោយមានការបំភ្លៃដ៏ងងឹតងងុលនោះ មិនមានអ្វីក្រៅពីភាពច្រណែន និងគំនិតក្ដិចត្រួយនោះទេ ក្នុងពេលដែលលោកនៅតែសរសើរមិនដាច់ពីមាត់ថា នោះជាកម្មវិធីដែលលើកមុខមាត់អ្នកសិល្បៈបំផុត ជាពិសេសគឺការលើកស្ទួយទម្រង់បុរាណ។

នៅក្នុងកម្មវិធីនោះ បើទោះជាមានការចុះផ្សាយថាលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន មានការអន់ចិត្តនឹងកម្មវិធីព្រោះតែលោកមកដល់នៅវេលាម៉ោង៤កន្លះ ហើយមិនទាន់មានតួមកច្រើនធ្វើអោយលោករង់ចាំ ប៉ុន្តែធាតុពិតលោក ខៀវ កាញ៉ារីទ្ធ បានផ្ដល់ភាពកក់ក្ដៅដល់កម្មវិធីយ៉ាងពេញទំហឹងទាំងការទ្រទ្រង់ជាថវិកា និងនៅជាមួយកម្មវិធីរហូតដល់ម៉ោងជិត១១យប់ គឺផ្ដល់កិត្តិយសរហូតដល់បញ្ចប់ការប្រគល់មេដាយមាស ប័ណ្ណកិត្តិយស និងប្រគល់ពានតារាឆ្នើមផ្នែកស្លៀកឈុតបុរាណត្រូវចំទម្រង់ ត្រូវបានបញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here