បវរកញ្ញា ភពផែនដីអន្តរជាតិ បញ្ចប់ទស្សនកិច្ចនៅសៀមរាប

0

បន្ទាប់ពីចូលសម្ដែងការគួរសម ជាមួយថ្នាក់ដឹកនាំខេត្ត និងចុះដាំកូនឈើនៅតំបន់ប្រាសាទបន្ទាយក្ដី ដោយមានទាំងសកម្មភាពស្វែងយល់ពីការផលិតទុយោបឺតពីស្លឹកគ្រៃដើម្បីកាត់បន្ថយទុយោបឺតផ្លាស្ទីក កាលពីថ្ងៃទី២៩ តុលា ឆ្នាំ២០១៩ នោះ បវរកញ្ញា ភពផែនដីលេខ២អន្តរជាតិ Miss Planet International ជនជាតិថៃ កញ្ញា ម៉ារីសា ផុនធីរ៉ាត់ ក៏បានចុះទៅដាំកូនឈើនៅតំបន់ភ្នំគូលែន កាលពីព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០១៩ និងចូលរួមជប់លៀងបញ្ចប់ទស្សនកិច្ចនៅសៀមរាប។ កញ្ញាបានអំពាវនាវអោយរួមគ្នាស្រលាញ់ព្រៃឈើ និងចុះដាំកូនឈើអោយបានច្រើន ជាពិសេសគឺនៅតំបន់ភ្នំគូលែន ដោយកញ្ញាយល់ថា តំបន់នោះពោរពេញដោយធម្មជាតិស្រស់បំព្រង។

លោកស្រី ហាយ តារា សហអគ្គនាយិកា Miss Planet International ជាអ្នកដឹកនាំដំណើរទស្សនកិច្ចនេះ ទៅកាន់ក្រុុមហ៊ុនបុរីអង្គលែនម៉ាក្យ បន្ទាយស្រី បានថ្លែងបញ្ជាក់ថា ពិតជាកិត្តិយសយ៉ាងខ្លាំង ដែលវត្តមានបវរកញ្ញាថៃលេខ២អន្តរជាតិ ត្រូវបានទទួលការស្វាគមន៍ពីបណ្ដាក្រុមហ៊ុននានា ស្របពេលដែលក្នុងខេត្តសៀមរាប ក៏មានពិធីដាំកូនឈើក្នុងតំបន់ផ្សេងៗ ជាពិសេសក្នុងស្រុកបន្ទាយស្រី ជិតតំបន់ភ្នំគូលែន ក្រោមការរៀបចំរបស់ក្រុមហ៊ុនបុរីអង្គរលែនម៉ាក្យ បន្ទាយស្រី ដោយមានការចូលរួមពីយុវជន និងថ្នាក់ដឹកនៃមួយចំនួនផង។  អ្នកស្រីថាការដឹកនាំបវរកញ្ញាថៃ មកធ្វើទស្សនកិច្ចនៅខេត្តសៀមរាបលើកនេះ គឺជាលើកទី២ហើយ ដោយដំណើរមកលើកនេះ រឹតតែធ្វើអោយបវរកញ្ញាថៃយល់ដឹងពីការរស់នៅ និងពីវប្បធម៌របស់កម្ពុជា។ ក្រៅពីចូលរួមធ្វើសកម្មភាពសប្បុរសធម៏ បវរកញ្ញាថៃក៏នឹងរួមចំណែកបំផុសពីកម្ពុជាអោយពិភពលោក ស្គាល់កាន់តែច្បាស់ផងដែរ។ ជាក់ស្ដែងក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប កញ្ញា ម៉ារីសា បានចូលរួមដាំដើមឈើ រហូតដល់ទៅ២ដង ដើម្បីបំផុសអោយស្រលាញ់ធម្មជាតិ និងរួមចំណែកដាំដើមឈើ កាត់បន្ថយកំដៅលើផែនដី។ លោកស្រី អរគុណចំពោះក្រុុមហ៊ុនបុរីអង្គរ លែនម៉ាក្ស បន្ទាយស្រី និង Angkor Musiem Boutique and Spa  និងដៃគូសហការផ្សេងទៀត ដែលបានស្វាគមន៍ដល់កញ្ញាឯកថៃ។

លោក ទួស សាភឿន ទីប្រឹក្សាភិបាលបុរីអង្គរលែនម៉ាក្យបន្ទាយស្រី បានថ្លែងបញ្ជាក់ថា ពិតជាកិត្តិយសយ៉ាងខ្លាំង ដែលកញ្ញាឯកថៃ ម៉ារីសា បានជ្រើសយកខេត្តសៀមរាប ជាទីតាំងទស្សនកិច្ច និងបានចូលរួមក្នុងសកម្មភាពដាំកូនឈើ ដើម្បីអោយខេត្តសៀមរាប មានតែពណ៌បៃតង ក្នុងពេលអនាគត។ លោកថា កញ្ញាភពផែនដី គឺតំណាងអោយបរិស្ថានពណ៌បៃតង ដូច្នេះគឺជារឿងដ៏ប្រសើរខ្លាំងណាស់ ដែលកញ្ញាភពផែនដីអន្តរជាតិ បានរួមចំណែកបំផុស អោយពិភពលោកស្គាល់ពីកម្ពុជា និង បំផុសអោយមហាជនយល់ដឹងពីគុណប្រយោជន៍នៃការចូលរួមដាំដើមឈើ។ 

កញ្ញា ម៉ារីសា បញ្ជាក់ក្នុងពិធីជប់លៀងថា រយៈពេលទស្សនកិច្ចនៅខេត្តសៀមរាប កញ្ញាពិតជាទទួលបានបទពិសោធន៍ខ្លាំងណាស់ ដូចជាការកាត់បន្ថយទុយោប្លាស្ទិច និងការចូលរួមដាំកូនឈើនៅប្រទេសកម្ពុជា។ កញ្ញាថា ខ្លួនរំភើប ហើយក៏សូមអំពាវនាវអោយមានការចូលរួមដាំកូនឈើអោយបានច្រើន នៅតំបន់ភ្នំគូលែនអោយបានកាន់តែច្រើន ដោយសារតែទីតាំងនោះស្រស់ស្អាតដោយធម្មជាតិ ប្រសិនមានពណ៌បៃតងកាន់តែស្អាត នឹងកាន់តែស្រស់ស្រាយពេលមកដល់។ កញ្ញារឹតតែរំភើបដែលក្រុមហ៊ុន បុរីអង្គរលែនម៉ាក្យ បន្ទាយស្រី បានរៀបចំពិធីជប់លៀងអោយនាងនៅសណ្ឋាគារ Angkor Musiem Boutique and Spa មុនចាកចេញ កាលពីយប់ថ្ងៃទី៣០ តុលា ឆ្នាំ២០១៩ ដោយមានវត្តយ៉ាងច្រើនកុះករចូលរួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here