បវរកញ្ញា ភពផែនដីអន្តរជាតិ ទទួលបទពិសោធន៍ពីការកាត់បន្ថយប្លាស្ទីក ពីអ្នកជំនាញខ្មែរ

0

ក្នុងដំណើរទស្សនកិច្ចនៅសៀមរាប កាលពីថ្ងៃទី២៩ តុលា ឆ្នាំ២០១៩ បវរកញ្ញា ភពផែនដីលេខ២អន្តរជាតិ Miss Planet Internet ជនជាតិថៃ កញ្ញា ម៉ារីសា ផុនធីរ៉ាត់ មិនត្រឹមតែបានទទួលការស្វាគមន៍ពីថ្នាក់ដឹកនាំខេត្ត និងចូលរួមដាំដើមកូនក្រញូងប្រមាណ២០០ដើម នៅតំបន់ប្រាសាទបន្ទាយក្ដីប៉ុណ្ណោះ តែក៏បានស្វែងយល់ពីរបៀបបង្កើតបំពង់ទុយោពីដើមស្លឹកគ្រៃ និងពីការផលិតសំណល់មិនរលាយ ដើម្បីបរិស្ថានពីអ្នកជំនាញខ្មែរផងដែរ។ កញ្ញាបានអះអាងថា នឹងយកបទពិសោធន៍ ដែលទទួលបានពីដំណើរទស្សនកិច្ចនៅ ម៉េម័រ រីសត & ស្ប៉ា នៅសៀមរាបនោះ យកទៅចែកចាយនៅពិភពលោក ជាពិសេសគឺនៅប្រទេសថៃរបស់នាងតែម្ដង។ 

បន្ទាប់ពីទទួលបានការណែនាំ ពីរបៀបធ្វើបំពង់បឺតពីដើមស្លឹកគ្រៃ ជំនួសអោយការប្រើបំពង់បឺតទុយោជ័រ និងទទួលបានការណែនាំពីរបៀបផលិតភេសជ្ជៈពីបន្លែ និងផ្លែឈើធម្មជាតិ នៅក្នុងម៉េម័រ រីសត & ស្ប៉ា កញ្ញា ម៉ារីសា បវរកញ្ញាថៃអន្តរជាតិ បានថ្លែងក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២៩ តុលា ឆ្នាំ២០១៩ ថា គឺជាលើកទី១ ដែលកញ្ញា ទទួលបានឱកាសស្វែងយល់ដូច្នេះ ជាពិសេសគឺការបង្កើតបំពង់បឺតពីដើមស្លឹកគ្រៃ ដែលជាការជំនួសអោយការកាត់បន្ថយបំពង់បឺតប្លាស្ទីក។ នាងកាន់តែសប្បាយចិត្តនៅពេលអ្នកជំនាញពីការផលិតភេសជ្ជៈសុខភាព និងបំពង់បឺតពីដើមស្លឹកគ្រៃដោយធម្មជាតិរបស់ខ្មែរ បង្ហាត់បង្រៀនអោយនាងចេះនៅក្នុងថ្ងៃនោះ។ 

លោក សេង សេរីវុឌ្ឍ ប្រធានទីផ្សារ ម៉េម័រ រីសត & ស្ប៉ា បានថ្លែងបញ្ជាក់ថា ដោយសារសណ្ឋាគារ និងភោជនីយដ្ឋានម៉េម័រ មានអ្នកឯកទេសពីការផលិតអាហារ និងភេសជ្ជៈ ដែលមានគុណប្រយោជន៍ពីធម្មជាតិ ទើបអ្នកជំនាញប្រចាំម៉េម័រ រៀបចំបទបង្ហាញដើម្បីភ្ញៀវ និងកញ្ញាឯកថៃ យល់ដឹងពីចំណេះទាំងនោះ។ ម៉េម័រទាំងមូលក៏មានគោលការណ៍មិនប្រើបំពង់បឺតប្លាស្ទីកផងដែរ ទើបផ្ដល់ជូនអ្នកជំនាញអោយបង្ហាត់កញ្ញាឯកថៃ។ លោកថា ម៉េម័រ ជាទីតាំងមួយដែលតែងគិតគូរពីផលប៉ះពាល់ដល់បរិស្ថានគ្រប់ជំហាន ទាំងការប្រើប្រាស់បន្លែបៃតង ការពិនិត្យទឹកទទួលទានរបស់ភ្ញៀវប្រចាំហាងរាល់២ខែម្ដង និងការកែច្នៃសំណល់កែង និងដបជាខ្សាច់ជាដើម ដោយមានដៃគូពីអង្គការមួយជួយផ្នែកបច្ចេកទេស។ 

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាបនោះ មានការដឹកនាំដោយ លោកស្រី ហាយ តារា និង អ្នកស្រី ហាលីអាមីន សហអគ្គនាយិកា Miss Planet International លោកជំទាវ ម៉ម ចាន់ចំប៉ា អនុការិយាល័យនិតិវិធីនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌក្រសួងមហាផ្ទៃ និងដៃគូសហការមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here